អាមេរិក៖ ឪពុកបង្កើតរបស់ Floyd គឺលោក Floyd Maywheather Snr ថ្មីៗនេះបានចេញមុខ លយពាក្យសម្តីមិនធម្មតាមួយ ជុំវិញលទ្ធភាពនៃការប្រកួតរបស់កូនប្រុសខ្លួន Floyd ជាមួយនឹង អ្នកប្រដាល់ក្នុងទ្រុង Conor McGregor ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ឪពុករបស់ Floyd ដែលមានវ័យ៦៤ឆ្នាំរូបនេះ បាននិយាយថា រូបលោកមិនចង់ឃើញការប្រកួតនេះទេ ព្រោះកូនប្រុសរបស់លោក នឹងផ្តួល McGregor ដោយងាយស្រួល។ Floyd Snr បានបញ្ជាក់បន្ថែមទៀតថា McGregor មិនអាចទៅរួចទេនៅក្នុងសង្វៀនជាមួយ កូនប្រុសរបស់លោក។ 

គួរឲ្យដឹងថា Floyd និង McGregor បង្កជម្លោះពាក្យសម្តី ឌឺដងផ្លៃផ្កាដាក់គ្នាក្នុងបណ្តាញសង្គម តាំងពីឆ្នាំមុនមកម្ល៉េះ ដូច្នេះហើយទើបធ្វើឲ្យមានការគ្រោងនឹងរៀបចំការប្រកួតនេះឡើង។

ជុំវិញបញ្ហានេះដែរ លោក Floyd Snr ដែលជាឪពុកនិងគ្រូបង្វឹករបស់ Floyd ផ្ទាល់បានលើកឡើងបន្តទៀតថា «McGregor គ្មានអ្វីអស្ចារ្យនោះទេ គឺបានតែនិយាយ ហើយខ្ញុំក៏ធ្លាប់បានប្រាប់ទៅបុស្តិ៍ទូរទស្សន៍ម្តងដែរថា បំភ្លេចរឿង Floyd ទុកគេមួយឡែកសិន ហើយទុកឲ្យខ្ញុំដែលមានអាយុ៦៤ឆ្នាំម្នាក់នេះ ឡើងប្រកួតវិញ ហើយខ្ញុំនឹងផ្តួល McGregor ឲ្យបាន នៅពេលណាក៏បាន ឲ្យតែគេចង់សាក »

គួរបញ្ជាក់ផងដែរថា ចំពោះការប្រកួតរបស់អ្នកទាំងពីរ រវាង Floyd និង McGregor មិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ពោលគឺត្រូវរង់ចាំការពិភាក្សា និងមានចុះកិច្ចព្រមព្រៀងគ្នាជាមុនសិន៕ 

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]