ភ្នំពេញ៖ ការងារទាំងអស់នៅក្នុងអង្គភាពមួយត្រូវបានឲ្យតម្លៃស្មើៗគ្នា ទោះបីជាតំណែងតូច ឬតំណែងធំក្តី។ ដើម្បីយល់ពីផលលំបាករបស់បុគ្គលិកក្នុងក្រុមហ៊ុន ក្រុមហ៊ុន EFG ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិ និងមានបទពិសោធន៍ខ្ពស់ខាងផ្នែកចំណីអាហារបានប្រារព្ធទិវា EFG លើកទី 4 នៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៧ នៅគ្រប់សាខាហាងរបស់ខ្លួន។

អគ្គនាយក គណៈគ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន RMA Cambodia ទាំងអស់ ត្រូវបានគេប្រទះឃើញមកធ្វើជាអ្នករត់តុ អ្នកចំអិន អ្នកសំអាត និងអ្នកគិតលុយ នៅតាមបណ្ដាភោជនីយដ្ឋានរបស់ក្រុមហ៊ុន EFG។

បុរសស្លៀកឯកសណ្ឋាន បុគ្គលិកសេវាអតិថិជនរបស់ភោជនីយដ្ឋាន ដឹ ភីហ្សា ខមផេនី ត្រូវបានគេស្គាល់ថា ជាលោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia កំពុងតែកត់អាហារដែលភ្ញៀវកម្ម៉ង់ ព្រមទាំងលើកភេសជ្ជៈជូនភ្ញៀវពិសារយ៉ាងញញឹមរស់រាយ ដោយខុសពីសកម្មភាពការងារប្រចាំថ្ងៃរបស់លោក ពាក់ក្រវាត់ក អាវធំក្នុងម៉ាស៊ីនត្រជាក់ធ្វើការយ៉ាងម៉ឺងម៉ាត់។

លោកបានបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេសម្រាប់លោក ក្នុងការមកបំពេញការងារតាមភោជនីយដ្ឋានរបស់ក្រុមហ៊ុន EFG។ កន្លងមកលោកធ្លាប់ស្ម័គ្រចិត្តធ្វើជាអ្នកចំអិនភីហ្សា ក្នុងហាង ដឹ ភីហ្សា ខមផេនី អ្នកឆុងកាហ្វេរបស់ហាង Costa Coffee និងបុគ្គលិកបម្រើសេវាអតិថិជនរបស់ភោជនីយដ្ឋាន BBQ Chicken ទៀតផង។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បាននិយាយថា ពួកយើងផ្ដួចផ្ដើមធ្វើបែបនេះឡើង ដើម្បីជាវេទិកាសម្រាប់បុគ្គលិកការិយាល័យទាំងអស់ចំណាយពេលវេលាក្នុងការយល់ពីអតិថិជនដោយធ្វើការប្រតិបត្តិការផ្ទាល់ជាមួយបុគ្គលិកក្នុងហាង ដើម្បីមានការប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអតិថិជន ព្រមទាំងស្វែងយល់ដឹងពីគម្លាត និងការទាមទាររបស់បុគ្គលិក និងអតិថិជនក្នុងការអភិវឌ្ឍក្រុមហ៊ុន និងសង្គម។

នៅក្នុងទិវា EFG លើកទី 4 បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន RMA Cambodia ដែលធ្វើការនៅទីស្នាក់ការកណ្តាលក្នុងនោះរួមមានមន្ដ្រីនៅការិយាល័យ អ្នកគ្រប់គ្រងទូទៅ នាយកប្រតិបត្តិ នាយកទីផ្សារ និងអគ្គនាយកក្រុមហ៊ុន នឹងចំណាយពេលពេញមួយថ្ងៃធ្វើការនៅឯហាងលក់ផ្ទាល់របស់ក្រុមហ៊ុន EFG នៅទូទាំងរាជធានីភ្នំពេញ ដោយចុះទៅធ្វើការក្នុងហាងផ្ទាល់ មានដូចជាធ្វើការចំអិនអាហារ ការរក្សាទុកអាហារឲ្យមានអនាម័យ និងសុវត្ថិភាព ព្រមទាំងរៀបចំតុ កៅអី និងធ្វើការប្រាស្រ័យទាក់ទង ស្វាគមន៍ជាមួយនឹងការទទួលបញ្ជាទិញពីអតិថិជន និងបម្រើម្ហូបអាហារជាដើម។

«វាជាឱកាសដ៏ល្អមួយ ដើម្បីទទួលយកបទពិសោធន៍ការងារប្រចាំថ្ងៃជាមួយនឹងសហការីជួរខាងមុខរបស់យើង និងអ្វីដែលសំខាន់ជាងនេះ គឺដើម្បីមានឱកាសបម្រើសេវាកម្មជូនអតិថិជនរបស់យើងដោយផ្ទាល់។ ខ្ញុំទទួលបានប្រយោជន៍យ៉ាងច្រើនពីសកម្មភាពនៅថ្ងៃនេះ ព្រោះខ្ញុំអាចចូលមកកាន់តែខិតជិតដល់បុគ្គលិករបស់យើងនៅហាងញុំាអាហាររួមគ្នា ជជែកបែបមិត្តភក្ដិ ស្ដាប់យល់ដឹងកាន់តែច្រើនពីគ្នាទៅវិញទៅមក និងរកវិធីដើម្បីកែលម្អការងារ និងជីវិតរបស់យើង។ ខ្ញុំពិតជារីករាយជាមួយនឹងសកម្មភាពរបស់យើងនៅ EFG Days ហើយនឹងចូលរួមនៅឆ្នាំក្រោយ នៅហាងផ្សេងទៀតៗ» នេះបើយោងតាមសំដីរបស់ លោក ទេព វីរៈ គណៈគ្រប់គ្រងទូទៅនៃក្រុមហ៊ុន EFG។

ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ អ្នករាល់គ្នាពីអគ្គនាយកដល់បុគ្គលិកជួបគ្នាបរិភោគអាហារថ្ងៃត្រង់រួមគ្នា ជជែកកម្សាន្ត ចែករំលែកបទពិសោធន៍ ផ្តល់នូវឱកាសការងារល្អ និងគន្លឹះត្រៀមខ្លួនសម្រាប់ការងារនាពេលអនាគតជាមួយនឹងក្រុមហ៊ុន RMA Cambodia និង EFG ព្រមទាំងពន្យល់ពីផលប្រយោជន៍ជាច្រើនសម្រាប់បុគ្គលិក រួមមានកម្ចីសម្រាប់ការសិក្សា ការធានារ៉ាប់រង កម្មវិធីណែនាំអតិថិជន និងប្រាក់រង្វាន់ប្រចាំឆ្នាំជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត។

លោក Sorakphivorn Banaul ប្រធានគ្រប់គ្រងទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា រាល់ការងារទាំងអស់មានសារៈសំខាន់ទោះបីជាការងារតំណែងខ្ពស់ឬទាប។ «ការងារទាំងអស់ក្នុងស្ថាប័នមួយសុទ្ធតែមានសារៈសំខាន់ខ្លាំងណាស់ហើយ យើងមិនអាចមើលរំលងការងារណាបានឡើយ ការងារទាំងនោះដូចជារាងកាយរបស់មនុស្សដែលមិនអាចខ្វះផ្នែកមួយណាទាស់តែសោះ»។ 

តាមច្បាប់ពលកម្មរបស់ព្រះរាជាណាចក្រកម្ពុជា និយោជិកទទួលបានការឈប់សម្រាប់ ១ថ្ងៃ សម្រាប់ទិវាពលកម្មអន្ដជាតិ ១ ឧសភានេះ។ ដោយឡែក បុគ្គលិក និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន RMA Cambodia ស្ម័គ្រចិត្តមកធ្វើការងារតាមហាងនានារបស់ក្រុមហ៊ុន EFG។

លោក ងន សាំង បានបន្ថែមថា៖ «បើទោះបីជាបុគ្គលិករបស់ក្រុមហ៊ុន RMA Cambodia ស្នាក់ការកណ្ដាលទទួលបានការឈប់សម្រាកមួយថ្ងៃ តែពួកគាត់ស្ម័គ្រចិត្តមកធ្វើការងារនៅតាមភោជនីយដ្ឋាន។ ពួកគាត់ទាំងនោះ ធ្លាប់តែផ្ដល់យោបល់ដំបូន្មាន ដើម្បីផ្ដល់សេវាកម្មប្រសើរ និងមានគុណភាពខ្ពស់ដល់អតិថិជន តែសម្រាប់ថ្ងៃនេះ ពួកគាត់ត្រូវបានសហសេវិក ណែនាំវិញម្ដង រួមទាំងខ្ងុំផងដែរ៕» 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]