(កំពង់ធំ)៖ ផ្ទះឈើមួយខ្នង ប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យដ៏កំណាច់ លេបត្របាក់គ្មានសល់ នៅវេលាម៉ោង០៩៖២០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ពោលគឺនៅជាប់នឹងអធិការដ្ឋាន នគរបាលស្រុកតែម្ដង ប៉ុន្ដែមិនមានការជួយអន្ដរាគមន៍ទាន់ពេលទៅវិញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ បណ្ដាលមកពី​ភ្លើងចង្ក្រាននៅផ្ទះបាយ ទើបបណ្ដាលឲ្យមានហេតុការណ៍អាក្រក់នេះតែម្ដង​ ហើយអ្វីដែលគេកំពុងហួសចិត្តនោះ ផ្ទះនេះនៅជាប់អធិការដ្ឋាន នគរបាលស្រុក ប៉ុន្ដែបែរជាគ្មានការជួយអន្ដរាគមន៍ទាន់ពេលទៅវិញ។

ផ្ទះត្រូវអគ្គិភ័យបំផ្លាញនេះ មានទំហំ​៨ម៉ែត្រ គុណ៥ម៉ែត្រ ​ប្រក់ស័ង្គសី ជញ្ជាំងក្តា ក្រាលក្តា មានម្ចាស់​ឈ្មោះ ខន ផន ​អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ ខ​ន សុក​ណាក់ ​អាយុ៣៩ឆ្នាំ​ មានកូន​០៤នាក់ក្នុងបន្ទុក។ ម្ចាស់ផ្ទះបានបញ្ជាក់ថា សម្ភារៈដែលខូចខាតមាន៖ ស្រូវចំនួន២,០០០គីឡូក្រាម, អង្ករ១០០គីឡូក្រាម, លុយខ្មែរ១,២០០,០០០​រៀល, ខ្សែដៃប្លាទីន១ខ្សែ តំលៃ៨០០,០០០រៀល និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ក្រោយអគ្គិភ័យនេះកើតឡើង គ្រួសាររងគ្រោះកំពុងធ្វើការអំពាវនាវ យកជំនួយសប្បុរសធម៌ ព្រោះថាពេលនេះ ពួកគាត់គ្មានអ្វីនៅក្នុងខ្លួនទៀតទេ ពោលគឺសល់តែខោអាវមួយចង្កះតែប៉ុណ្ណោះ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]