ឥណ្ឌា៖ បុរសវ័យក្មេងជនជាតិឥណ្ឌាម្នាក់ កើតមានជំងឺកម្រម្យ៉ាង សល់តែស្បែកគ្របដណ្តប់ឆ្អឹងគួរឲ្យខ្លាច ដូចតាចាស់អាយុ១៦០ឆ្នាំ ចាស់ជាងគេបំផុតក្នុងលោក ដែលអាចនៅរស់រានមានជីវិតបាន។ នេះបើយោងតាមប្រភពសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយ។

លោក Rupesh Kumar មានអាយុ២១ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងគ្រួសារក្រីក្រមួយ ក្នុងភូមិ Hanumanganj ប្រទេសឥណ្ឌា។ គាត់បានកើតមានជំងឺកម្រម្យ៉ាងហៅថា «Hutchinson-Gilford Progeria» ដែលបណ្តាលឲ្យខ្លួនប្រាណ មុខមាត់ចាស់ជាងវ័យដល់ទៅ៨ដង ខុសពីមនុស្សធម្មតា។ ម្យ៉ាងវិញទៀត គាត់ក៏ត្រូវបានគេប្រដូចទៅនឹងតួអង្គមួយ នៅក្នុងខ្សែភាពយន្តរឿង Benjamin Button ដែលមានខ្លួនក្មេងមុខចាស់ផងដែរ។

លោក Kumar ក៏ត្រូវបានគេចាត់ទុកថា ជាមនុស្សម្នាក់ដែលចាស់ (ចាស់ជាងវ័យ) ជាងគេបង្អស់នៅលើលោក ដែលមានទម្ងន់ខ្លួនស្រាលផងដែរ។

បុរសជាឪពុក លោក Ramapti Kumar វ័យ៤៥ឆ្នាំ ជាកសិករ បានឲ្យដឹងថា គាត់ពិតជាមានការព្រួយបារម្ភ ចំពោះសុខភាពកូនប្រុសខ្លាំងណាស់។ ដោយសារតែ កូនប្រុសរបស់គាត់តែងតែឈឺពោះ រីឯក្បាលរបស់គេវិញឧស្សាហ៍ឈឺជាញឹកញាប់ និងកាន់តែរីកធំទៅៗខុសពីប្រក្រតី គួរឲ្យខ្លាចបំផុត។ កន្លងមក គ្រួសាររបស់គាត់បានចំណាយអស់ប្រាក់ ជាច្រើនពាន់ដុល្លារមកហើយ ដើម្បីជួយព្យាបាលជំងឺកូនប្រុស។

ប៉ុន្តែទោះបីជាយ៉ាងណា លោក Ramapti និងគ្រួសាររបស់គាត់ បានលើកឡើងថា នឹងនៅតែមិនអស់សង្ឃឹម ជំនះធ្វើយ៉ាងណាជួយសង្គ្រោះ ជីវិតកូនប្រុសរបស់ពួកគេឲ្យទាល់តែបានផងដែរ។

«ពួកយើងបានយកគេទៅជួបនឹង គ្រូពេទ្យអស់ជាច្រើននាក់ហើយ ប៉ុន្តែគ្មានគ្រូពេទ្យណាម្នាក់ អាចធ្វើរោគវិនិច្ឆ័យដឹងពីរោគសញ្ញានេះច្បាស់ឡើយ។ ដោយពួកយើង សុំត្រឹមឲ្យវេជ្ជបណ្ឌិតចេញថ្នាំបំបាត់ការឈឺចាប់ដល់គេ ឲ្យនាំគ្នាត្រឡប់មកផ្ទះវិញតែប៉ុណ្ណោះ»

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Yugantar Pandey ក៏បានមានប្រសាសន៍ឲ្យដឹងដែរថា ជាទូទៅអ្នកដែលកើតនូវជំងឺប្រភេទនេះ អាចប្រឈមនឹងការស្លាប់ នៅអាយុចន្លោះពី ១៣ទៅ១៥ឆ្នាំ ប៉ុន្តែចំពោះករណីរបស់ Kumar នេះវិញ វាពិតជារឿងដ៏គួរភ្ញាក់ផ្អើលនិងសំណាងបំផុតសម្រាប់គេ ដែលគេអាចនៅរស់រានមានជីវិតបាន រហូតដល់អាយុ២១ឆ្នាំ។ 

ប្រភពបានឲ្យដឹងទៀតថា គ្រួសាររបស់លោក Rupesh Kumar ក៏បានសរសេរលិខិតផ្ញើទៅកាន់ នាយករដ្ឋមន្រ្តីនៃប្រទេសឥណ្ឌា ដើម្បីជួយផ្តល់ជាជំនួយដល់ពួកគេ អាចមានលទ្ធភាពព្យាបាលជំងឺមួយនេះ ដល់កូនប្រុសផងដែរ ខណៈបច្ចុប្បន្នមិនទាន់ការឆ្លើយតប មកវិញនៅឡើយនោះទេ។

ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី បច្ចុប្បន្នក៏មានអង្គការក្រៅរដ្ឋាភិបាល (Ashutosh Memorial Trust) កំពុងតែស្វះស្វែងជួយដល់ បុរសរងគ្រោះ លោក Rupesh Kumar ជាថ្នាំសង្កូវ ជាមួយនឹងពិនិត្យព្យាបាលជំងឺ យ៉ាងយកចិត្តទុកដាក់បំផុតផងដែរ។

គួរឲ្យដឹងដែរថា ជាទូទៅ ជំងឺ Progeria ប្រភេទនេះ អាចកើតមានទៅលើទារកដែលមានអាយុ ចាប់ពី១៨ទៅ២៤ខែ ហើយវាមានលទ្ធភាពកើតមាន ទៅលើមនុស្សម្នាក់ក្នុងចំណោម មនុស្ស៨លាននាក់តែប៉ុណ្ណោះ។ ជំងឺដ៏អាក្រក់នេះ វាបង្កឡើងដោយបញ្ហាហ្សែនមិនប្រក្រតី ធ្វើឲ្យអស្ថេរភាពនៃកោសិកា បណ្តាលឲ្យឆាប់ចាស់ បង្អាក់ការលូតលាស់ បាត់បង់ជាតិខ្លាញ់នៅក្នុងខ្លួន និងធ្វើឲ្យជ្រុះសក់ ជាពិសេសធ្វើឲ្យស្បែកក្រិនជ្រីវជ្រួញ រាងកាយតូចស្គមស្គាំង ត្រង់បរិវេណសន្លាក់និងត្រគាកជាដើម ៕

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]