(សៀមរា​ប)៖ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧​ មានករណីខ្យល់កន្ត្រាក់ និងរន្ទះបាញ់មកលើក្រុងសៀមរាប និង៥ស្រុកទៀត រួមមាន៖ ស្រុកសូទ្រនិគម​, ស្រុកជីក្រែង​, ស្រុកវ៉ារិន ស្រុកបន្ទាយស្រី និងស្រុកអង្គរជុំបណ្តាលឲ្យដួលរលំផ្ទះ៥ខ្នង ​រន្ទះបាញ់ស្លាប់មនុស្ស៣នាក់ របួសធ្ងន់ស្រាល៤នាក់ ​និងងាប់​សត្វគោ១១ក្បាល​ ព្រមទាំងមានការដាច់ចរន្ដអគ្គិសនីផងដែរ។

លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា នៅក្រុងសៀមរាប មានភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ និងមានរន្ទះបាញ់ ចំនួន០១ករណី បណ្តាលឲ្យមនុស្សស្លាប់​ម្នាក់ និងងាប់សត្វគោ​០១ក្បាល នៅចំណុចមុខវត្តដំរីសែនជ័យ ភូមិនគរក្រៅ សង្កាត់គោកចក ដែលជនរងគ្រោះ ឈ្មោះ វ៉ង អ៊ុ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ​។

ស្រុកជីក្រែង រន្ទះបាញ់បណ្តាល​ឲ្យរងរបួសបុរសម្នាក់ ឈ្មោះ ទឹម ថាវ អាយុ២៣ឆ្នាំ នៅភូមិអូរខ្លុង ឃុំពង្រក្រោម ហើយបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។ ស្រុកសូទ្រនិគម បណ្ដាលឲ្យរលំផ្ទះប្រជា​ពលរដ្ឋ​ចំនួន៥ខ្នង និងរបួសមនុស្សចំនួន​៣នាក់ រួមមាន ទី១៖ឈ្មោះ ឌុច ហ៊ីង ភេទស្រី អាយុ៧០ឆ្នាំ, ទី២៖ឈ្មោះ ចាន់ ឆុន ភេទប្រុស អាយុ៤ឆ្នាំ និង​ទី៣៖ឈ្មោះ ចាន់ សុឡី ភេទប្រុស អាយុ៧ឆ្នាំ។

ដោយឡែក ស្រុកវ៉ារិន រន្ទះបាញ់បណ្តាលឲ្យងាប់គោចំនួន​១០​ក្បាល នៅព្រៃខាងត្បូង ភូមិគោកកណ្តាល ឃុំល្វាក្រាំង ដែលសត្វទាំងនេះមានម្ចាស់ ទី១៖ឈ្មោះ សឿម សែ មានគោល១​ក្បាល​, ទី២៖ឈ្មោះ ម៉ួង ម៉ាប់ មានគោ​​៤ក្បាល​​, ​ទី៣៖ឈ្មោះ ឈិញ ហឿន មានគោ១ក្បាល​, ទី៤៖ឈ្មោះ ហែម រាជ មានគោ១ក្បាល​, ទី៥៖ឈ្មោះ លី ឡៃ មានគោ​១​ក្បាល​, ទី៦៖ឈ្មោះ ពិន កែម មានគោ១ក្បាល​ និងទី៧៖ឈ្មោះ វេង វៀត មានគោ១ក្បាល​​។

ស្រុកបន្ទាយស្រី រន្ទះបាញ់សម្លាប់មនុស្សម្នាក់ ជនរងគ្រោះ ឈ្មោះ គយ ដានី ហៅអ៊ុល ភេទស្រី អាយុ៣២ឆ្នាំ ជាស្ត្រី​មេម៉ាយកូន២នាក់ រស់នៅភូមិខ្នារង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ហើយរន្ទះបាញ់នេះ ខណៈដែលជនរងគ្រោះ កំពុងដើរទៅឆ្លុះកង្កែប​នៅវាលស្រែ។

ស្រុកអង្គរជុំ សម្លាប់មនុស្សម្នាក់ នៅចំណុចចំការដំ​ឡូង ឃុំគោកដូង ជនរងគ្រោះឈ្មោះ មូវ ឈី ភេទប្រុស អាយុ២៩ឆ្នាំ​។ បច្ចុប្បន្នសាកសពទាំងអស់ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ នៅគេហដ្ឋាន​រៀងៗខ្លួន។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបានអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី៣០ខែមេសា ២០១៧ ខណៈភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]