(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម បានធ្វើសកម្មភាពប្លន់រថយន្ដតាក់ស៊ី ម៉ាក HighLander មួយគ្រឿង ដោយជិះពីកោះពេជ្រទៅមុខក្រុមហ៊ុនស្រាបៀកម្ពុជា រួចក្រុមចោរបានវាយជនរងគ្រោះដោយចាប់ចងស្លាបសេក ក្រោយមកយក ទៅទម្លាក់ចោលនៅស្រុកកណ្ដាល ហើយជនសង្ស័យបើកចូលក្រុងវិញ តែត្រូវសមត្ថកិច្ច​បង្ក្រាបបាន។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៨៖០០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ហើយតាមបង្ក្រាបបានវិញ នៅយប់រំលង អាធ្រាត្រ ថ្ងៃដដែល នៅចំណុចមុខវត្តប្រធាតុ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News នៅព្រឹកនេះ ឲ្យដឹង យ៉ាងដូច្នេះថា មុនពេលកើតហេតុ សង្ស័យ​២នាក់ អាយុប្រហែល៣០ឆ្នាំ បានហៅរថយន្តតាក់ស៊ី ម៉ាកHighLander ពណ៌ស​ ស្លាកលេខ ភ្នំពេញ 2AM-0924 ​ជិះពីកោះពេជ្រ មកក្រុមហ៊ុនស្រាបៀ​កម្ពុជា ក្នុងខណ្ឌដង្កោ មកដល់ចំណុចកើតហេតុ​ខាងមុខក្រុមហ៊ុន​ស្រាបៀកម្ពុជា ជនល្មើសម្នាក់បានដកកាំភ្លើងខ្លី១ដើម មិនស្គាល់ម៉ាកភ្ជង់ និងវាយជនរងគ្រោះនឹងស្នាប់កាំភ្លើង ត្រូវចំថ្ងាសខាងឆ្វេងរួចទាញមកក្រោយ ហើយឲ្យក្រាបចុះក្រោម រួចគ្នាវាម្នាក់ទៀតបើករថយន្ត រហូតដល់ចំណុចទឹកស្អាត ផ្លូវជាតិលេខ២ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជនល្មើសបានដោះអាវ ចងស្លាបសេក និងចងជើង ហើយទម្លាក់ជនរងគ្រោះនៅទីនោះ។

នាយការិយាល័យរូបនេះ បញ្ជាក់ថា ពេលទម្លាក់ជនរងគ្រោះរូចហើយ ជនសង្ស័យបើករថយន្តគេចខ្លួន តាមផ្លូវជាតិលេខ២ មកចូល ភ្នំពេញ ហើយកម្លាំង​ម៉ូតូប្រដេញ របស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ បានប្រដេញរហូតមកដល់ចំណុចវត្តប្រធាតុ ជនសង្ស័យបានបុកដើមឈើ ទៅមុខលែងរួច ក៏បានបើកទ្វារថយន្តហើយរត់គេចចូល ក្នុងព្រៃតែម្តង ហើយបានដករហូតរថយន្តខាងលើមករក្សាទុក បណ្តោះអាសន្នសិន។

តែទោះជាយ៉ាងក៏ដោយ ខណៈពេលនេះ កម្លាំងនគរបាលនៅតែបន្ដធ្វើការស្រាវជ្រាវ ​ស្វែងរកចាប់ខ្លួនក្រុមចោរប្រដាប់ អាវុធទាំងនេះ ឲ្យខានតែបាន ដើម្បីយកផ្តន្ទាទោសតាមច្បាប់៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]