ចិន៖ អាពាហ៍ពិពាហ៍គឺជារឿងមួយដ៏សំខាន់បំផុត ដែលគ្រប់គ្នាតែងតែប្រាថ្នាចង់រៀបចំ ឲ្យបានឡូយឆាយនិងល្អឥតខ្ចោះ សម្រាប់ក្នុងមួយជីវិតរបស់គេ។ ជាក់ស្តែង បើនិយាយពីក្នុងប្រទេសចិនវិញ តែងតែមានការដង្ហែក្បួនរថយន្តទំនើបៗ សម្រាប់ក្នុងថ្ងៃអាពាហ៍ពិពាហ៍ដ៏ពិសេសរបស់ពួកគេ។

ប៉ុន្តែបើក្រឡេកមកមើល អាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះវិញ ថ្មីៗនេះបានធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមចិន បន្ទាប់ពីគេដឹងថាអាពាហ៍ពិពាហ៍គូស្នេហ៍មួយគូនេះ ចំណាយលុយអស់មិនដល់ ៨ដុល្លារផង ដោយគ្រាន់តែជួលកង់ជិះ ដង្ហែជាក្បួនក្នុងថ្ងៃពិធីរបស់ពួកគេតែប៉ុណ្ណោះ។

បើតាមប្រភពសារព័ត៌មាន សៀងហៃ ចុះផ្សាយ បានឲ្យដឹងថា អាពាហ៍ពិពាហ៍ដ៏ចម្លែកនេះ ត្រូវបានគេប្រទះឃើញ ក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន កាលពីព្រឹកថ្ងៃអង្គារ ទី២៥ មេសា ឆ្នាំ២០១៧កន្លងទៅ។

ពិធីនេះធ្វើឡើង ដោយកូនកម្លោះវ័យ២៨ឆ្នាំ និងកូនក្រមុំវ័យ២៦ឆ្នាំ មិនបង្ហាញអត្តសញ្ញាណ បាននាំគ្នាជិះកង់ដង្ហែពេញដងផ្លូវ ទៅកាន់មុខសណ្ឋាគារក្នុងស្រុកមួយកន្លែង ដោយមានការចូលរួមហែហមយ៉ាងច្រើន ពីសំណាក់មិត្តភក្តិជិតស្និទ្ធិខាងប្រុស ប្រមាណ ៥០នាក់ជិះកង់ជាគូៗ និងសមាជិកគ្រួសារជាច្រើននាក់ផ្សេងទៀត បានចូលរួមផងដែរ។

ប្រភពបន្តថា កូនកម្លោះបានជួលកង់ជិះ រីឯកូនក្រមុំមានកង់ផ្ទាល់ខ្លូនរបស់នាង ដោយគ្រាន់តែតុបតែងមានដាក់ផ្កាចម្រុះពណ៌ ឲ្យទាក់ទាញតែប៉ុណ្ណោះ។ ក្រៅពីនេះ សម្រាប់សម្លៀកបំពាក់វិញ គឺសុទ្ធសឹងតែជារបស់ផ្ទាល់ខ្លួនរបស់ពួកគេ។

គួរឲ្យដឹងដែរថា គូស្នេហ៍មួយគូនេះ បានផ្លាស់ទៅរស់នៅក្នុងទីក្រុង Zhengzhou ដើម្បីស្វែងរកការងារធ្វើ បន្ទាប់ពីពួកគេទាំងពីរទើបតែបានបញ្ចប់ ការសិក្សាថ្នាក់មហាវិទ្យាល័យ។ ដោយសារតែ ការស្រលាញ់ស្ម័គ្រស្មោះ ម្យ៉ាងវិញទៀតគ្មានលទ្ធភាពគ្រប់គ្រាន់ទៀតនោះ ទើបពួកគេសម្រេចចិត្តរៀបការ បែបសាមញ្ញៗនេះតែម្តង។

ដោយសារតែ ទិដ្ឋភាពបែបនេះហើយ ទើបធ្វើឲ្យនិយមលេងបណ្តាញសង្គមជាច្រើន មានក្តីរំភើបចិត្ត និងអបអរសាទរចំពោះក្តីស្នេហ៍ របស់ពួកគេទាំងពីរផងដែរ។ ជាពិសេស វាពិតជារីករាយបំផុត និងអាចធ្វើឲ្យពួកគេទាំងពីរ ចងចាំក្នុងមួយជីវិតរបស់ពួកគេផងដែរ ៕ 

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]