ខេត្តសៀមរាប ៖ ក្មេងប្រុសម្នាក់អាយុ៤ឆ្នាំ កាន់លុយ១០០០រៀល ដើរឆ្លងផ្លូវបម្រុងទៅទិញទឹកកកឈូស ត្រូវរថយន្តបុកបណ្តាលឱ្យស្លាប់ភ្លាមៗនៅចំកណ្តាលផ្លូវយ៉ាងអាណោចអាធ័ម រួចអ្នកបើកបរបើករត់គេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលពេញផ្លូវជាតិលេខ៦ ខណៈឪពុកម្តាយកំពុងធ្វើបុណ្យចម្រើនព្រះជន្មឱ្យជីតា ដោយមិនបានចាប់អារម្មណ៍មើលកូន ទើបធ្វើឱ្យឪពុកម្តាយយំសោកបោកខ្លួន អាណិត កូនខ្លោចចិត្ត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៧មេសា ស្ថិតនៅលើចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិកកោះ ឃុំគោកធ្លោកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកជីក្រែងបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះថា មុនពេលកើតហេតុត្រូវបានពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៦ បានទូរស័ព្ទប្រាប់សមត្ថកិច្ចមូលដ្ឋានថា មានរថយន្តបង្កមិនស្គាល់ម៉ាក បានបើកមកបុកក្មេងប្រុសម្នាក់ពេញទំហឹង បណ្តាលឱ្យស្លាប់នៅចំកណ្តាលផ្លូវ ហើយក៏បានបើករត់គេចខ្លួនទៅទិសខាងកើតបាត់ស្រមោល។ ប្រភពបានបន្តថា ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចយើងបានទំនាក់ទំនងទៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាលគ្រប់ទីកន្លែង ដើម្បីឃ្លាំមើលរថយន្តបង្កហេតុនាំយកមកទទួលទោសតាមផ្លូវច្បាប់។
ប្រភពបានបញ្ជាក់ថា ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នោះមានឈ្មោះ ឆាន គឹមហាន ភេទប្រុស អាយុ៤ឆ្នាំ និងឪពុកឈ្មោះ ឆាំ ឆាន ម្តាយឈ្មោះ ម៉ាប់ មុំ មានទីលំនៅភូមិកកោះ ឃុំគោកធ្លោកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ខណៈដែលឪពុកម្តាយ កំពុងតែនៅធ្វើបុណ្យចម្រើនព្រះជន្មឱ្យជីតា ដោយមិនបានចាប់អារម្មណ៍មើលកូន ស្រាប់តែកូនតូចរងគ្រោះ បានកាន់លុយ១០០០រៀល រត់ឆ្លងថ្នល់ ដើម្បីមកទិញទឹកកកឈូស ក៏ត្រូវបានរថយន្តបុកស្លាប់តែម្តង។
បច្ចុប្បន្នសពក្មេងរងគ្រោះ ត្រូវបានសាច់ញាតិមកទទួលយកពីធ្វើបុណ្យដំណាលគ្នានឹងបុណ្យចម្រើនព្រះជន្មរបស់ជីតាតែម្ដង។ ចំណែករថយន្តបង្ក កម្លាំងជំនាញកំពុងសហការណ៍ជាមួយសមត្ថកិច្ចតាមប៉ុស្តិ៍ ដើម្បីស្វែងរកចាប់ខ្លួនយកមកទទួលទោសទៅតាមផ្លូវច្បាប់៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]