រាជធានី​ភ្នំពេញ ៖ ម្តាយ​អតីត​តារា​សម្តែង​លោក​ថៃ​នរៈ ពិ​ទូ គឺ​អ្នកស្រី​ងិ​ន ម៉ា​រី​យ៉ា បាន​ផ្ញើ​សារ​ជូនពរ​កូនប្រុស​របស់​ខ្លួន​ក្នុង​ថ្ងៃ​ខួបកំណើត​ក្នុង​ពេល​អតីត​តារា​សម្តែង​រូប​នេះ​កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ ។

សារ​ដ៏​រំជួលចិត្ត​មួយ​ត្រូវ​អ្នកស្រី​ងិ​ន ម៉ា​រី​យ៉ា សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​២៦ ខែមេសា ២០១៧ ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​ក្តុកក្តួល​ចិត្ត ក្នុង​ពេល​អ្នកស្រី​បង្ហាញ​ពី​ទំហំ​ទឹកចិត្ត​ម្តាយ​ចំពោះ​កូន បើ​ទោះបីជា​កូន​បាន​ប្រព្រឹត្ត​ខុសឆ្គង​យ៉ាងណា​ក៏​ដោយ ។

អ្នកស្រី​ងិ​ន ម៉ា​រី​យ៉ា សរសេរ​សារ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ប៉ុន្មាន​សន្លឹក​របស់​លោក​ថៃ​នរៈ ពិ​ទូ ទាំង​នៅ​តូច និង​ធំ​ពេញវ័យ​ថា «​យប់មិញ​ម៉ាក់​មិន​បាន​គេង​ទេ ហើយ​បើកឡាន​រាប់រយ​គីឡូ​មករ​កកូន ព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​ម៉ាក់​បាន​បង្កើត​កូនប្រុស​ឲ្យ​មក​ស្គាល់​ពិភពលោក​នេះ​...​ពិ​ទូ ពួក​យើង​ស្រឡាញ់​កូន​ណាស់ » ។

កូនប្រុស ! ទោះបីជា​ឆ្នាំ​នេះ ពួក​យើង​កម្សត់់​ជាង​រាល់​ឆ្នាំ តែ​ម៉ាក់​សប្បាយចិត្ត ព្រោះថា ចាប់ពី​ពេលវេលា​នេះ​ទៅ កូន​នឹង​យល់​ដឹង និង​ស្គាល់​ពី​ន័យ​ពិត​របស់​ជីវិត​...​កូន​តស៊ូ​ឡើង ដើម្បី​អនាគត​...​កើតជា​មនុស្ស​គ្មាន​នរណា​មិន​ចេះ​ខុស​ទេ សំខាន់​ខុស​ហើយ​កូន​ត្រូវ​កែខ្លួន​បែរមក​រក​ផ្លូវត្រូវ​វិញ​...​អត់ធ្មត់​ណា​កូន ក្រុម​គ្រួសារ​យើង ព្រមទាំង​មនុស្ស​ជា​ច្រើន​នៅ​ស្រឡាញ់​កូន និង​រង់ចាំ​ផ្លូវ​កូន​ត្រឡប់​មក​វិញ ពេញ​ដោយ លក្ខណសម្បត្តិ​ជា​កូនប្រុស​ដ៏​ថ្លៃថ្នូរ ជា​សរសេរ​ទ្រូង​គ្រួសារ ជា​កូន​ល្អ ជា​បង​ល្អ ជា​ប្ដី​ល្អ និង​ជា ឪពុក​ល្អ ណា​កូន​ណា​» ។

តាម​រយៈ​សារ​ដ៏​រំជួលចិត្ត​នេះ​ត្រូវ​គេ​គិត​ថា គឺជា​ការ​ផ្តល់​កម្លាំងចិត្ត​មួយ​ពី​ក្រុម​គ្រួសារ​ទៅ​កាន់​លោក​ថៃ​នរៈ ពិ​ទូ ដែល​កំពុង​ជាប់​ពន្ធនាគារ ប្រកបដោយ​ភាព​អស់សង្ឃឹម​ក្នុង​ជីវិត ។

អតីត​ហ្វ្រេ​ស៊ី​ប៊​យ ចំណាត់ថ្នាក់​លេខ​១​លោក​ថៃ​នរៈ ពិ​ទូ និង​បក្សពួក​មួយ​ចំនួន​ទៀត​ត្រូវ​សមត្ថកិច្ច​ខេត្តបាត់ដំបង​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ ទាក់ទិន​ការ​ជួញដូរ​គ្រឿងញៀន ហើយ​បច្ចុប្បន្ន​លោក​កំពុង​ជាប់​នៅ​ពន្ធនាគារ​ឯ​ខេត្តបាត់ដំបង ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ នរៈពិទូ