នៅលើពិភពលោកនេះ មនុស្សមិនតិចទេ ដែលមានការតាំងចិត្ត អត់ធ្មត់ អត់ទ្រាំ តស៊ូព្យាយាមពីការលំបាក ពីភាពក្រីក្រ បាតដៃទទេ រហូតក្លាយជាបុគ្គលជោគជ័យ ល្បីមានកេរ្តិ៍ឈ្មោះ និងគេទទួលស្គាល់។

បុគ្គលទាំងនោះភាគច្រើន សុទ្ធតែវិវឌ្ឍន៍ខ្លួន កើតចេញពីក្រុមគ្រួសារក្រីក្រ រហូតក្លាយជាអ្នកគ្រប់គ្រងប្រទេស ប្រធានាធិបតី អ្នកគ្រប់គ្រងផ្សេងៗ ឯខ្លះទៀតជាតារាសម្តែង តារាចម្រៀងល្បី ផ្សេងៗជាដើម។

យ៉ាងណាមិញ ជឿជាក់ថាប្រិយមិត្តក៏បានជ្រាបខ្លះៗហើយអំពីបុគ្គលទាំងនោះ ឬស្គាល់ខ្លះៗហើយថាពួកគេជានរណា ប៉ុន្តែលើកនេះ សូមងាកចំណាប់អារម្មណ៍ប្រិយមិត្តឲ្យមកស្គាល់ ពីការតស៊ូរបស់កីឡាករបាល់ទាត់ ដែលកើតចេញពីក្រុមគ្រួសារក្រីក្រ រហូតក្លាយជាតារាបាល់ទាត់ល្បីវិញម្តង ដោយក្នុងនោះមានដូចជាកីឡាករ៖ 

១. Cristiano Ronaldo

Ronaldo ជាកីឡាបាល់ទាត់មួយរូបដែលកំពុងលេចធ្លោនិងល្បីល្បាញជាងគេនាពេលបច្ចុប្បន្ន ហើយត្រូវបានគេទទួលស្គាល់ ជាកីឡាករល្អជាងគេលើពិភពលោកផងដែរ ដោយប្រជែងគ្នាជាមួយ Lionel Messi។ យ៉ាងណាមិញ ត្រលប់ទៅអតីតកាលវិញ Ronaldo គ្រាន់តែជាក្មេងប្រុសម្នាក់កើតចេញពីគ្រួសារក្រីក្រ រស់នៅក្នុងកូនផ្ទះ នៅតំបន់កោះ Madeira ប្រទេសព័រទុយហ្គាល់តែប៉ុណ្ណោះ។

ដោយសារតែការតស៊ូ និងស្រលាញ់កីឡាបាល់ទាត់ ទើបធ្វើឲ្យ Ronaldo ព្យាយាមរហូតទាល់តែទទួលបានជោគជ័យនៅថ្ងៃនេះ មិនតែប៉ុណ្ណោះក្លាយជាអត្តពលិកម្នាក់ដែលរកប្រាក់ចំនូលបានច្រើនជាងគេទៀតផង។ 

២. Luis Suarez

ជីវិតរបស់ Suarez កាលពីនៅអតីតកាល ក៏រស់នៅក្នុងភាពលំបាកវេទនាច្រើនផងដែរ ដោយឪពុករបស់គេ បានចាកចេញចោលអំឡុងពេលគេមានអាយុ១២ឆ្នាំ។ Suarez ក៏មានដុង និងស្រលាញ់អាជីពបាល់ទាត់ផងដែរ ដែលជារឿយៗ កីឡាកររូបនេះ លេងបាល់នៅតាមផ្លូវជាមួយមិត្តភក្តិដោយគ្មានស្បែកជើងពាក់នឹងគេទេ ដោយសារតែគ្មានលទ្ធភាពទិញ។

ដោយក្តីព្យាយាមតស៊ូ មកទល់ពេលនេះ Suarez បានក្លាយជា កីឡាករលំដាប់កំពូល និងជាខ្សែប្រយុទ្ធមុតស្រួចម្នាក់នៅក្នុងក្លិប Barcelona ។ 

៣. Frank Ribery

ជីវិតកាលពីកុមារភាពរបស់ Ribery ជួបប្រទះនូវរឿងជាច្រើន ដោយកាលពីអាយុ២ឆ្នាំ កីឡាកររូបនេះ បានជួបឧប្បទ្ទវហេតុមួយ ធ្វើឲ្យផ្ទៃមុខរបស់គេ មានស្លាកស្នាមរហូតមកទល់បច្ចុប្បន្ននេះ។ ចំពោះអាជីពបាល់ទាត់វិញ Ribery បានចាប់ផ្តើមដំបូងលេងឲ្យក្រុមយុវជនរបស់ក្លិប Lille ក្នុងប្រទេសបារាំង រហូតមកដល់បច្ចុប្បន្ននេះ Ribery ក្លាយជាខ្សែបម្រើស្លាបដ៏ឆ្នើមមួយរូបរបស់ជម្រើសជាតិបារាំង និងក្រុម Bayern Munich។ 

៤. Zlatan Ibrahimovic

Zlatan Ibrahimovic ធំដឹងក្តីនៅក្នុងតំបន់ Rosengard នៃទីក្រុង Malmo ប្រទេសស៊ុតអែត ដែលជាទីកន្លែងដែលសំបូរទៅដោយយុវជនពេញនិយមលេងបាល់ទាត់។ ចំពោះបញ្ហាគ្រួសារវិញ Zlatan មានឪពុកជាអ្នកប្រមឹក ហើយឪពុកម្តាយរបស់គេ លែងលះគ្នា ចាប់តាំងពីគេមានអាយុ២ឆ្នាំមកម្ល៉េះ។

Zlatan ធ្លាប់មានប្រវត្តិលួចកង់របស់អ្នកដ៏ទៃ ដើម្បីជិះទៅហ្វឹកហាត់ ចំនែកឯជំនាញបាល់ទាត់របស់គេវិញ កើតចេញពីការលេងបាល់នៅតាមដងផ្លូវជាមួយមិត្តភក្តិ។ លុះដល់អាយុ១៨ឆ្នាំ Zlatan ក៏បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ រហូតមកទល់បច្ចុប្បន្ននេះ Zlatan គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមប្រចាំក្រុមបិសាចក្រហម Manchester United ។

៥. Neymar Jr

Neymar ប៊ិះនឹងបាត់ជីវិតកាលពីអាយុ៤ខែ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយ ដែលកាលនោះឪពុកម្តាយរបស់គេ នាំគ្នាព្រួយបារម្ភថា នឹងបាត់បង់កូនប្រុសមួយរូបហើយ។

Neymar ធំដឹងក្តីនៅក្នុងផ្ទះជីតារបស់គេ ដោយរស់នៅជាមួយឪពុកម្តាយ និងបងស្រី ដែលមានជីវភាពក្រលំបាកវេទនា។ Neymar បានចាប់ផ្តើមមានចំណង់ចំនូលចិត្តលេងបាល់ទាត់ តាំងពីនៅតូច ហើយថែមទាំងមានសមត្ថភាព និងជំនាញញាក់បាល់ដ៏អស្ចារ្យទៀតផង។ បច្ចុប្បន្ននេះ Neymar កំពុងប្រកបអាជីពបាល់ទាត់នៅក្នុងក្លិប Barcelona ហើយត្រូវបានអ្នកគាំទ្រទទួលស្គាល់ថា ជាកីឡាករវ័យក្មេងឆ្នើមរបស់ក្លិប និងធ្លាប់ជួយក្រុមជម្រើសជាតិប្រេស៊ីលឈ្នះមេដាយមាសអូឡាំពិកថែមទៀតផង។ 

៦. Angel Di Maria

Di Maria ក៏កើតចេញពីចំនោមគ្រួសារដែលមានជីវភាពក្រីក្រផងដែរ ប៉ុន្តែអ្វីដែលពិសេសនោះ Di Maria គឺជាក្មេងម្នាក់ដែលផ្ជិតផ្ជង់ឧស្សាហ៍ព្យាយាមធ្វើការ។ នេះបើយោងតាមសម្តីម្តាយបង្កើតរបស់កីឡាករ Angel Di Maria។

ចំនែកឪពុកបង្កើតរបស់ Di Maria ក៏ធ្លាប់ធ្វើជាកីឡាករបាល់ទាត់ផងដែរ ហើយមានបំណងចង់លេងឲ្យក្លិបល្បីៗទៀតផង ប៉ុន្តៃក្តីស្រមៃមួយនេះមិនបានសម្រេចដោយសាររូបលោករបួសមិនអាចលេងបាល់បាន ទើបសម្រេចចិត្តបញ្ឈប់។ ហើយចំពោះ Di Maria វិញក៏បន្តស្នងតំណែងពីឪពុកក្លាយជាកីឡាករបាល់ទាត់ រហូតមកបច្ចុប្បន្ននេះ Angel Di Maria គឺជាខ្សែបម្រើដែលពោរពេញទៅដោយទេពកោសល្យមួយរូប នៅក្នុងក្លិបរបស់ប្រទេសបារាំង PSG។ 

៧. Luka Modric

ជីវិតខ្សែបម្រើរបស់ Real Madrid រូបនេះកាន់តែយ៉ាប់យឺនទៀត ដោយសារអំឡុងពេលកុមារភាព ប្រទេសក្រូអាតបានជួបនូវបញ្ហាសង្គ្រាម ធ្វើឲ្យមានការជម្លៀសប្រជាជន ដោយក្នុងនោះក្រុមគ្រួសាររបស់កីឡាកររូបនេះ ត្រូវបានបង្ខំឲ្យរស់នៅក្នុងជំរុំជនភៀសខ្លួន ចំនែកឯជីតាររបស់គេវិញ ត្រូវបានឃាតករលួចធ្វើឃាត ស្លាប់ក្នុងសម័យនោះ។

ទាក់ទងនឹងការលេងបាល់ទាត់វិញ ក្នុងសម័យសង្រ្គាមនោះ Modric និងមិត្តភក្តិរបស់គេ ចូលចិត្តលេងបាល់នៅតាមចំណតឡាន ដោយមិនខ្លាចពីការរត់ជាន់គ្រាប់បែកដែលមិនទាន់ផ្ទុះនោះទេ។ លុះដល់សង្គ្រាមបានបញ្ចប់ Luka Modric ក៏បានចាប់ផ្តើមចូលលេងបាល់ទាត់ និងវិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករបាល់ទាត់ និងខ្សែបម្រើឆ្នើមមួយរូបរបស់ក្លិប Real Madrid ។ 

៨. Alexis Sanchez

ម្តាយរបស់កីឡាករ Sanchez ធ្លាប់ជាអ្នកបោសសម្អាតនៅតាមសាលា ដែល Sanchez ធ្លាប់រៀនកាលពីនៅតូច ដោយក្នុងនោះ កីឡាកររូបនេះធ្លាប់បាននិយាយថា «កាលពីខ្ញុំនៅតូច នៅពេលដែលម្តាយខ្ញុំមកសម្អាតសាលាម្តងៗ ខ្ញុំតែងតែរត់ពួន ដោយសារតែខ្ញុំមិនចង់ឃើញគាត់បែបនេះទេ» ។ បន្ថែមពីនេះទៀត Sanchez ក៏ធ្លាប់ស៊ីឈ្នួលលាងឡានឲ្យគេផងដែរ ដើម្បីរកចំនូលបន្ថែមជួយគ្រួសារ ។

គួរឲ្យដឹងថា Sanchez បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅអាយុ១៦ឆ្នាំ មិនយូរប៉ុន្មានកីឡាកររូបនេះ ក៏ត្រូវបានក្លិបនៅប្រទេសអ៊ីតាលីទិញយកទៅលេង។ កន្លងផុតទៅអស់ជាច្រើនឆ្នាំ ទេពកោសល្យនិងសមត្ថភាពរបស់ Sanchez ត្រូវបានគេចាប់ផ្តើមស្គាល់អំឡុងពេលដែលរូបគេលេងឲ្យក្លិប Barcelona តែក្រោយមកក៏ផ្លាស់ក្លិប ទៅលេងឲ្យ Arsenal វិញក្នុងពេលបច្ចុប្បន្ន។ 

៩. Carlos Tevez

កុមារភាពរបស់ Tevez គឺរស់នៅក្នុងសង្គមមួយដ៏រញ៉េរញ៉ៃ និងពោរពេញទៅដោយអំពើឧក្រិដ្ឋកម្មកើតឡើង ដែលជារឿយៗនៅពេល Tevez ដើរទៅសាលារៀន គេតែងតែឃើញមនុស្សដេកស្លាប់ និងសាកសពនៅតាមផ្លូវ។ ចំនែកឯគ្រួសាររបស់កីឡាកររូបនេះវិញ មានជីវភាពក្រីក្រ ប៉ុន្តែកីឡាបាល់ទាត់ បានជំរុញឲ្យ Tevez មានថ្ងៃនេះ។ រហូតដល់ពេលនេះ Tevez គឺជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេ ដែលផ្ទេរទៅលេងឲ្យក្លិបក្នុងទ្វីបអាស៊ី ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។ 

១០. Wayne Rooney

ជីវភាពគ្រួសាររបស់ Wayne Rooney ក៏ស្ថិតក្នុងស្ថានភាពក្រីក្រដែរ ដោយឪពុកគ្មានការងារធ្វើ ចំនែកឯ Rooney វិញមានក្តីស្រមៃ និងស្រលាញ់បាល់ទាត់តាំងពីតូច។

ដោយសារក្តីស្រលាញ់ Rooney តែងតែធ្វើដំណើរទៅកីឡដ្ឋានរបស់ Everton ដើម្បីមើលគេប្រកួតបាល់ មិនយូរប៉ុន្មាន Rooney ក៏ក្លាយជាកីឡាករបាល់ទាត់ម្នាក់នៅក្នុងក្លិប Everton តែម្តង រហូតមកទល់បច្ចុប្បន្ននេះ Rooney គឺជាខ្សែប្រយុទ្ធម្នាក់នៅក្នុងក្លិបបិសាចក្រហម Manchester United៕ 

ប្រភព៖ thesportster | footballgala

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]