ចិន៖ លោកតាពិការជើង វ័យចំណាស់ជនជាតិចិន Xi Tiangen អាយុ៦០ឆ្នាំ បានយកឈ្នះចិត្តអ្នកនិយមលេង បណ្តាញសង្គមចិនជាច្រើន បន្ទាប់ពីត្រូវបានគេដឹងថា លោកតា បានតស៊ូក្នុងឆាកជីវិតយ៉ាងមុតមាំដើម្បីគ្រួសារ ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណា។

បើតាមប្រភពបានឲ្យដឹងថា លោកតា Xi Tiangen ជាអ្នកស្រុករស់នៅតំបន់ភូមិភាគកណ្តាល ខេត្ត Henan ប្រទេសចិន។ គាត់បានក្លាយទៅជាមនុស្សពិការ បាត់បង់ជើងទាំងសងខាងនេះ ដោយសារជួបឧបទ្ទវហេតុមួយ កាលពីលោកតាមានអាយុ១៩ឆ្នាំ។ ចាប់តាំងពីពេលនោះមក លោកតា Xi ក៏ចាប់ផ្តើមរៀនធ្វើការងារ ដោយប្រើដៃនៅកសិដ្ឋាន។

ងាកទៅចាប់អារម្មណ៍ ពីខ្សែជីវិតអតីតកាល ក្នុងឆ្នាំ១៩៨៦ ឪពុកលោកតា Xi បានទទួលមរណៈទុក្ខ ជាហេតុទម្លាក់បន្ទុកដល់លោកតា ត្រូវមើលថែទាំម្តាយជរា និងបងប្អូនប្រុសដែលមានជំងឺសតិមិនល្អ (មិនគ្រប់ទឹក) ផងដែរ។ ក្រៅពីធ្វើការងារនៅកសិដ្ឋាន  ដោយការលូនវារយ៉ាងលំបាកហើយនោះ លោកតា Xi ក៏ជាអ្នកទទួលបន្ទុកចំអិនម្ហូបឲ្យគ្រួសារថែមទៀតផង។

ថ្វីបើពិការជើងទាំងសងខាងក្តី លោកតា Xi បានខិតខំមើលថែទាំគ្រួសារ ដែលមានសមាជិក២នាក់ រួមទាំងខ្លួនគាត់ម្នាក់ទៀត បានយ៉ាងល្អបំផុត។  រហូតមកដល់ក្នុងកំឡុងឆ្នាំ២០០៦ ម្តាយរបស់គាត់ក៏បានស្លាប់ និងក្នុងឆ្នាំ២០១៥ បងប្អូនប្រុសគាត់ក៏បានស្លាប់ទៅចោលគាត់ទៀត។ ចាប់តាំងពីពេលនោះមក លោកតា Xi ក៏បានផ្លាស់ទៅរស់នៅជាមួយនឹង បងប្អូនជីដូនមួយរបស់គាត់ ប៉ុន្តែបើនិយាយពីការងារវិញ លោកតា Xi នៅតែបន្តធ្វើយ៉ាងសស្រាក់សស្រាំដដែលដើម្បីចិញ្ចឹមជីវិត។ ដោយសារប្រើដៃធ្វើការងារច្រើនពេក ទាំងលូនផងវារផង ដៃរបស់លោកតា Xi ក៏ឡើងក្រិន។

គួរឲ្យដឹងថា ដោយសារតែរឿងរ៉ាវដ៏កំសត់របស់គាត់នេះហើយ ទើបធ្វើឲ្យមហាជនជាច្រើនរំជួលចិត្ត ចំពោះទឹកចិត្តនៃការតស៊ូរបស់គាត់យ៉ាងខ្លាំង។ ជាមួយគ្នានេះដែរ តាមប្រភពពីសារព័ត៌មានក្នុងស្រុក លោកតា Xi ក៏បានទទួលប្រាក់ឧបត្ថម្ភបន្ថិចបន្តួច ពីសំណាក់អ្នកស្រុករស់នៅក្នុងតំបន់ ដែលបាននាំគ្នារៃអង្គាសឲ្យគាត់ក្នុងមួយខែ បានប្រមាណ១៣០យ័ន ឬប្រហែល១៩ដុល្លារអាមេរិកផងដែរ។

អ្នកលេងបណ្តាញសង្គមជាច្រើន បាននិយាយថា ពួកគេសង្ឃឹមថា លោកតា Xi អាចនឹងចូលនិវត្តន៍ឆាប់ៗ និងមានជីវិតដ៏រីករាយ ដោយនឹងអាចមាន អ្នកធូរធារណាម្នាក់ជួយឧបត្ថម្ភដល់គាត់៕   

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]