ឥណ្ឌា៖ សារព័ត៌មានមីរ័រ របស់អង់គ្លេសបានចុះផ្សាយថា នាយកសាលារៀនមួយនៅប្រទេសឥណ្ឌា  បានបញ្ជាកូនសិស្សទាំងអស់ សរសេរអក្សរដោយដៃទាំងពីរ ក្នុងគោលបំណងចង់ឲ្យសិស្សទាំងអស់ អាចប្រើប្រាស់ដៃបានទាំងសងខាង។

ប្រភពព័ត៌មានបានឲ្យដឹងថា ចំនួនប្រជាជនមានតែ ១០ភាគរយប៉ុណ្ណោះដែលប្រើប្រាស់ដៃខាងឆ្វេង ខណៈមាន ០១ភាគរយដែលអាចសរសេរអក្សរដោយដៃទាំងពីរ។ ប៉ុន្តែសម្រាប់សិស្សទាំង ៣០០នាក់ដែលកំពុងសិក្សានៅក្នុងសាលា Veena Vandini គឺអាចសរសេរអក្សរដោយប្រើទាំងដៃឆ្វេង និងស្តាំ ដោយមិនមានបញ្ហា ហើយអ្នកខ្លះទៀតថែមទាំងអាចប្រើដៃទាំង២ក្នុងពេលតែមួយ ជាមួយភាសាផ្សេងគ្នាថែមទៀត។

គ្រប់មេរៀនទាំងអស់ដែលមានរយៈ ៤៥នាទី ត្រូវមានការអនុវត្តន៍ការសរសេរអក្សរដោយដៃទាំងពីរ រយៈពេល ១៥នាទីជានិច្ច ដើម្បីប្រាកដថា សិស្សទាំងអស់ដែលកំពុងរៀនក្នុងសាលាតាមជនបទដាច់ស្រយ៉ាលមួយនេះ មានជំនាញពិតប្រាកដ។ 

ស្ថាបនិករបស់សាលានេះ និងជាអតីតទាហានមួយរូប គឺលោក Vp Sharma បានថ្លែងថា លោកបានបំផុសគំនិតឲ្យបង្កើតសាលានេះឡើង ដោយប្រធានាធិបតីដំបូង ដែលចេះសរសេរអក្សរដោយប្រើដៃទាំងសងខាង។ សាលានេះ ត្រូវបានបង្កើតកាលពីឆ្នាំ១៩៩៩ ក្នុងតំបន់ដាច់ស្រយ៉ាលមួយនៃស្រុក Singrauli រដ្ឋ Madhya Pradesh។

នាយកសាលា លោក Sharma បាននិយាយថា “ខ្ញុំបានអានទស្សនាវដ្តី ដែលនិយាយអំពីលោក Rajendra Prasad ប្រធានាធិបតីដំបូងបំផុត ដែលប្រើដៃទាំងសងខាងសម្រាប់សរសេរ។ វាបានជំរុញចិត្តខ្ញុំឲ្យសាកល្បងធ្វើរឿងបែបនេះឡើង”។

លោកនាយកសាលា បានបន្តថា “យើងបានចាប់ផ្តើមហ្វឹកហាត់កូនសិស្សទាំងអស់ចាប់ពីកម្រិតស្តង់ដាទី១ ហើយមកដល់ពេលនេះ ពួកគេបានវិវឌ្ឍមកដល់កម្រិតស្តង់ដាទី៣ហើយ។  ពួកគេអាចសរសេរអក្សរដោយដៃទាំងពីរ បានយ៉ាងស្ទាត់ជំនាញ”។

លោកបានបញ្ជាក់ថា   សិស្សដែលស្ថិតក្នុងកម្រិតស្តង់ដាទី៧ និង៨ អាចសរសេរបានយ៉ាងលឿន និងត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ហើយនៅថ្ងៃអនាគតពួកគេនឹងអាចសរសេរអត្ថបទ ២ប្រភេទ ក្នុងពេលតែមួយ ជាមួយនឹងដៃទាំងសងខាង៕

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]