ភ្នំពេញ៖ ទីបំផុត លោក សុវណ្ណមករា បានប្រកាសថា ខ្លួនពិតជាធ្វើរឿងមិនគប្បីទៅលើ ភរិយាលោក អ្នកនាង ឈិន ច័ន្ទសុធារី ពិតមែន ដែលដើរលេង ផឹកស៊ី មានស្រីក្រៅ ហើយថែមទម្លាយថា លោក និងភរិយា ដល់ពេលវេលាត្រូវចប់ទៀតផង។

ចំពោះដំណឹងមួយនេះ បានធ្វើឲ្យ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីយប់មិញ ដែលមិននឹកស្មានថា លោក សុវណ្ណ មករា សម្រេចចចិត្ត ជ្រើសផ្លូវដើរផ្សេងគ្នា ជាមួយនឹង អ្នកនាង ឈិន ច័ន្ទសុធារី យ៉ាងដូច្នេះសោះ ព្រោះថាកន្លងមក មហាជនខំតែគិតថា ពួកគេអាចផ្អែមល្ហែមដាក់គ្នាវិញ ក្រោយពីរឿងគ្រប់យ៉ាងត្រូវបានបញ្ចប់សព្វគ្រប់។

ប៉ុន្តែនៅពេលនេះ ជីវិតគ្រួសាររបស់ អ្នកនាង ឈិន ច័ន្ទសុធារី មិនអាចទៅមុខបានទៀតនោះទេ ដោយក្នុងនោះ ស្វាមីរបស់នាង បានបង្ហោះរូបថត និងសារមួយ ដែលមានអត្ថន័យ យ៉ាងដូច្នេះថា «ជូនធារីអតីតឧត្តមភរិយាបង បងទទួលស្គាល់ថាបងមិនមែនជាប្តីល្អ មិនមែនជាឪពុកល្អទេ បងក្រីក្រហើយថែមទាំងផឹកស៊ី មានស្រីញីក្រៅផ្ទះទៀត តែអូនមិនដែលខឹងយកទោសអូសដំណើរនឹងបងឡើយ អូនថែមទាំងនៅតែស្រលាញ់បងដដែល កំហុសបងគរដូចភ្នំខ្សាច់ បងពិតជាខ្មាស់អៀនអូនណាស់ គឺខ្មាសរហូត ដល់ថ្នាក់បងត្រូវតែចាកចេញឲ្យឆ្ងាយពីជីវិតអូនជាដាច់ខាត ដើម្បីឲ្យអូនមានអនាគតត្រចះត្រចង់លើវិថីជីវិតថ្មីនៃអូនចុះ ចំណែកបងវិញសូមបន្តជីវិតពាលាដូចសព្វថ្ងៃរបស់បងបន្តទៀត ចំណែកកូនប្រុសស្រីយើងទាំងពីរ បងសូមចូលរួមអាហារកិច្ចចិញ្ចឹមបីបាច់រហូតដល់កូនយើងធំអាចចិញ្ចឹមជីវិតពួកគេដោយខ្លួនបាន និស្ស័យស្នេហ៍យើងដល់វេលាដែលត្រូវតែចប់ហើយអូន គឺចប់ដោយស្នាមញញឹម ចប់ដោយសន្តិភាព យើងអាចរាប់គ្នាជាបងប្អូនបានណាអូន»។

ចុះចំណែកបេះដូងភរិយា ក្រោយពីស្វាមី បានពោលពាក្យបែបនេះ តើអ្នកនាង ឈិន ច័ន្ទសុធារី បានបញ្ចេញពាក្យអ្វីខ្លះ?

គ្មានអ្នកណាមិនឈឺចាប់នោះទេ នៅពេលជីវិតគ្រួសារ ដល់ពេលវេលាត្រូវប្រេះស្រាំគ្នាបែបនេះ។ ក្នុងនោះអ្នកនាង ឈិន ច័ន្ទសុធារី ក៏មិនបានសរសេរអ្វីច្រើនដែរ ពីរឿងរបស់នាង និងស្វាមី គ្រាន់បង្ហោះរូបហូរទឹកភ្នែក និងសារខ្លីថា «ហេតុអ្វីប្រើពាក្យអតីត? ខ្ញុំខុសអ្វី»?

សារខ្លីក៏ពិតមែន តែអ្នកលេងបណ្តាញសង្គមជាច្រើននាក់ ពិតជាយល់ច្បាស់ ពីបេះដូងនាង ថានាងឈឺចាប់កម្រិតណា ដែលត្រូវជួបរឿងបែបនេះ តែទោះបីជាយ៉ាងណា ពូកគេ ក៏បានផ្តល់កម្លាំងចិត្តឲ្យនាង ឲ្យរឹងមាំ និងថែរក្សាសុខភាពបានល្អ ដើម្បីមើលចិញ្ចឹមបីបាច់កូនប្រុស ស្រីរបស់នាង៕

ក្រុមគ្រួសារ អ្នកនាង ឈិន ច័ន្ទសុធារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវណ្ណ មករា