បរទេស៖ តាមពិតទៅម៉ូតសម្លៀកបំពាក់ ពីមួយជំនាន់ទៅមួយជំនាន់ហាក់មានការវិលជុំ។ ជួនកាលម៉ូតដែលកំពុងពេញនិយមបច្ចុប្បន្ន  អាចជាម៉ូតដែលគេធ្លាប់និយមកាលពីជាង ១០ឆ្នាំមុនក៏មានដែរ។ ជាក់ស្តែងដូចជា ម៉ូតសម្លៀកបំពាក់បែបរហែកនេះអ៊ីចឹង។ វាត្រូវបានគេពេញនិយមស្លៀកសាជាថ្មីម្តងទៀត បន្ទាប់ពីមានតារាហូលីវូដជាច្រើន ​ជ្រើសរើសយកម៉ូតរបៀបនេះទៅស្លៀក។

ចំពោះម៉ូតរហែកបែបនេះ គេធ្លាប់បានឃើញតារាអន្តរជាតិល្បីៗជាច្រើនស្លៀក ក្នុងនោះមានដូចជា អ្នកនាង Lady Gaga អ្នកនាង Beyonce និងអ្នកនាង Kim Kardashian ជាដើម។

តាមពិតទៅអ្នកទាំងអស់គ្នា ប្រហែលជាមិនបានដឹងទេថា ម៉ូតសម្លៀកបំពាក់រហែកបែបនេះ ធ្លាប់ត្រូវបានគេនិយមម្តងហើយនៅក្នុងទស្សវត្សឆ្នាំ ៩០។ ប៉ុន្តែនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ តម្រូវការនៃសម្លៀកបំពាក់ម៉ូតរបៀបនេះ ស្រាប់តែមានសន្ទុះខ្លាំងតែម្តង។

លើសពីនេះ អ្នកទាំងអស់គ្នាក៏ប្រហែលជាមិនបានចាប់អារម្មណ៍សម្លៀកបំពាក់នេះ មានចំនុចពិសេសបែបណានោះទេ ។ យោងទៅតាមសេចក្តីរាយការណ៍មួយរបស់សារព័ត៌មាន Global News បានឲ្យដឹងថា “ការស្លៀកពាក់រហែកៗ ធ្វើឲ្យអ្នកមានអារម្មណ៍ទន់ ងាយស្រួល និងអាចបង្ហាញលក្ខណៈពិសេសតាមរយៈចន្លោះប្រហោងបានថែមទៀតផង។ វាអាចផ្តល់នូវភាពងាយស្រួលបានត្រង់ថា មិត្តៗនារីអាចហក់លោតបានតាមចិត្តតែម្តង ”។

រូបភាពតំណាង ដកស្រង់ពីហ្វេសប៊ុក

ផ្ទុយទៅវិញ មានមិត្តនារីមួយចំនួនបានស្លៀកពាក់បែបរហែកដែរ ប៉ុន្តែវាហាក់ដូចជារៀងជ្រុលបន្តិច។ តួយ៉ាងដូចជា ស្រីស្អាតក្នុងរូបខាងលើនេះយ៉ាងអ៊ីចឹង។ អ្នកណាមិនដឹង ស្មានតែនាងត្រូវបានវាយប្រហារដោយសត្វព្រៃ នៅពេលដែលនាងកំពុងដើរមកហាងកាហ្វេផងក៏មិនដឹង។

លើសពីនេះ អ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលនោះគឺថា តម្លៃនៃម៉ូតសម្លៀកបំពាក់របៀបនេះ មិនមែនថោកនោះទេ។ ជាក់ស្តែង អាវរយះរយាយខាងលើនេះ វាមានតម្លៃដល់ទៅ ១ ៦២៩ ដុល្លារឯណោះ៕ ពិតជានឹកស្មានមិនដល់មែន!

សម្រាប់មិត្តអ្នកអានវិញ តើអ្នកគិតយ៉ាងណាដែរ ចំពោះម៉ូតសម្លៀកបំពាក់របៀបនេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]