កូរ៉េខាងត្បូង៖ ការសម្រកទម្ងន់ អាចចាត់ទុកថា ជារឿងធម្មតាសម្រាប់តារាKpop ពីព្រោះថាវិស័យមួយនេះ គេប្រកួតប្រជែងគ្នាខ្លាំងមែនទែនទៅលើសម្រស់ ដូចនេះហើយពួកគេ ត្រូវតែថែរក្សារូបរាងនិងសម្រស់ របស់ពួកគេឲ្យបានល្អបំផុត បើសិនជាមានអារម្មណ៍ខ្លួនឯងឡើងទម្ងន់ ពួកគេនឹងដាក់ទោសខ្លួនឯង ដោយការតមអាហារ និងហាត់ប្រាណ រយៈពេលជាច្រើនសប្តាហ៍ឯណោះ។

ដោយឡែក ថ្ងៃនេះផងដែរ សូមលើកយកនូវតារាKpopទាំងប៉ុន្មាននៅខាងក្រោមនេះ ដែលពួកគេបានដាក់កំហិតចំពោះរបបអាហាររបស់ខ្លួន ដើម្បីរក្សារូបរាង សឹងតែមិនគួរឲ្យជឿ។ 

ដូចនេះចង់ដឹងថាយ៉ាងណានោះតាមដានទាំងអស់គ្នា៖

១) ក្រុមចម្រៀងនារីគួរឲ្យស្រលាញ់ Nine Muses ពួកនាងមិនមែនកើតមក យករាងតារាបង្ហាញម៉ូតមកតាមដូចដែលឃើញសព្វថ្ងៃនោះទេ គឺពួកនាងព្យាយាមស្ទើរស្លាប់ស្ទើររស់ទម្រាំតែបានរាងបែបនេះ។ ក្រុមស្រីស្រស់ បានរៀបរាប់ថា ពួកនាងដាក់កំហិតខ្លួនឯងញុំាអាហារ ត្រឹមតែមួយពែងតូចតែប៉ុណ្ណោះក្នុងមួយពេល ដើម្បីរក្សារូបរាង។

២) កាលពីអំឡុងពេលដែល Park Bom មានការចាប់អារម្មណ៍ខ្លាំងទៅលើ ការសម្រកទម្ងន់របស់នាង ដោយកាលនោះនាងបរិភាគត្រឹមតែបន្លែ តែប៉ុណ្ណោះ មានទាំងស្ពៃក្តោប និងអាហារធ្វើពីបន្លែ ដែលទាំងនេះអាចចាត់ទុកថាជារបប អាហារសុខភាពផងដែរ។ បន្ថែមពីនេះ Park Bom នាងក៏បានបញ្ឈប់ខ្លួនឯងពីការញុំាអាហារសម្រន់ ដូចជា នំកញ្ចប់ជាដើម រហូតត្រូវបានគេដាក់នាមឲ្យនាងថា គឺជាម្ចាស់ក្សត្រីនំកញ្ចប់ថែមទៀតផង។

៣) Glamour Diet” ដែលគេស្គាល់ថា គឺជាវិធីសម្រកទម្ងន់ដែលពេញនិយមបំផុតនៅ ជប៉ុន ហើយក្នុងនោះក៏មានតារាចម្រៀង Seo In Young ក៏បានអនុវត្តន៍វាផងដែរ។ មានមនុស្សជាច្រើនបានសម្រកទម្ងន់តាមវិធីសាស្ត្រនេះ ហើយពិតជាទទួលបានលទ្ធផលមែន គឺពួកគេបានស្រក ៦គីឡូក្រាម ក្នុងរយៈពេល៤សប្តាហ៍។

៤) សូមណែនាំប្រិយមិត្តពី ”Denmark Diet” ជាវិធីសាស្រ្តសម្រកទម្ងន់ ដែលកញ្ញា Nicole អតីតសមាជិកក្រុមចម្រៀងនារី KARA យកមកប្រើប្រាស់ដើម្បីសម្រេចក្នុងការសម្រកទម្ងន់ អាចនិយាយបានថាជាវិធីសាស្រ្តមួយដ៏ប្លែក ដោយរបបទទួលទានមានដូចជា សាឡាត់ សាច់គោ កាហ្វេ ស៊ុត និង ស្ពៃខ្មៅម្យ៉ាង ដែលវាមានកាឡូរីត្រឹមតែ ៦០០តែប៉ុណ្ណោះ។

៥) អាហារឆៅមានកាឡូរីទាប កញ្ញា Dasom សមាជិកក្រុម SISTAR ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរនោះទេ ដែលនាងបានព្យាយាមអនុវត្តន៍វិធីសាស្រ្តធម្មជាតិមួយនេះ។

៦) មើលទៅវាហាក់ដូចជាហួសសម័យសម្រាប់បច្ចុប្បន្ននេះ ប៉ុន្តែកញ្ញា UEE ត្រូវបានគេដឹងថា នាងមានការកំណត់ទៅលើកាឡូរីរបស់នាង «១០០០កាឡូរីក្នុងមួយថ្ងៃ គឺគ្មានទៀតទេ»។

៧)  អ្នកគាំទ្រជាច្រើនចងចាំ ថ្ងៃដ៏ខ្មៅងងឹតរបស់ Changmin អតីតក្រុមចម្រៀង 2AM ដោយកាលនោះលោកមានមាឌធំមែនទែន ប៉ុន្តែមិនថាយ៉ាងណា លោកបានផ្លាស់ប្តូរខ្លួនឯង ទៅជារូបរាងយ៉ាងសង្ហាវិញ ដោយទទួលទានតៅហ៊ូ២ដុំ ក្នុងមួយថ្ងៃ។

៨) កម្សត់ជាងគេក្រុមចម្រៀងបុរសមួយក្រុមនេះ ដែលគ្រប់គ្នាស្គាល់ថាជាក្រុមប្រុសសង្ហា TVXQ អំឡុងពេលចេញពន្លកដំបូង ពួកគេផឹកត្រឹមតែទឹកធម្មតាតែប៉ុណ្ណោះ អស់រយៈពេលមួយសប្តាហ៍ ដែលពួកគេម្នាក់ៗសល់តែគ្រោងឆ្អឹងគួរឲ្យអាណិត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]