រាជធានីភ្នំពេញ ៖និស្សិតចំនួន២នាក់ត្រូវប៉ូលិសប៉ុស្ដិ៍បឹងសាឡាង ចាប់ខ្លួនកាលវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី ៣ តុលា នៅចំណុចផ្ទះលេខ២៥៤ មហាវិថីម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោយពីធ្វើសកម្មភាពឆក់ខ្សែកប្លាទីនពី ស្រ្តីម្នាក់ដែលធ្វើដំណើរតាមម៉ូតូឌុប នៅតាមផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។

ជនទាំងពីរនាក់នេះ ម្នាក់ឈ្មោះធូ ឆាយស៊ុន ហៅផាត ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិតព័ត៌មានវិទ្យា ឆ្នាំទី២ មានទីលំនៅផ្ទះលេខ៤៣B វិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងម្នាក់ទៀតឈ្មោះស៊ុន សុបញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវលេខ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។ នៅពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានខ្សែកមួយកំណាត់ និងម៉ូតូម៉ាកស្គូពី ពណ៌ខៀវមួយគ្រឿងដែលជិះធ្វើសកម្មភាព ។ ទោះបីជាយ៉ាងណា ម្ចាស់ខ្សែកបានទៅបាត់ ដោយពុំដាក់ពាក្យបណ្ដឹងឡើយក្រោយពេលចោរឆក់។

តាមមន្រ្តីប៉ូលិសខណ្ឌទួលគោកឱ្យដឹងថា នៅមុនពេលចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ជិះម៉ូូតូម៉ាកស្គូពី ពណ៌ខៀវ មួយគ្រឿង ធ្វើសកម្មភាពឆក់ខ្សែកពីស្រ្តីម្នាក់ដែលកំពុងធ្វើដំណើរតាមម៉ូតូឌុបនៅតាមដងផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយ ព្រៃទី២ ខណ្ឌចំការមន ។ នៅក្នុងសកម្មភាពនេះ ជនទាំងពីរនាក់ឆក់ខ្សែកបានសម្រេច ហើយជនរងគ្រោះបានស្រែកថាចោរៗ និងបើកម៉ូតូឌុបដេញតាមព្រមទាំងមានប្រជាពលរដ្ឋជួយដេញ ផង ។

តាមមន្រ្តីប៉ូលិសបានឱ្យដឹងទៀតថា នៅពេលជនសង្ស័យជិះម៉ូតូគេចខ្លួនមកដល់មហាវិថីម៉ៅសេទុង ក៏ត្រូវកម្លាំងប៉ូលិសប៉ុស្ដិ៍បឹងសាឡាងដែលល្បាតក្នុងមូលដ្ឋានជួយអន្តរាគមន៍ឃាត់ខ្លួនបានទាំងពីរនាក់ ដកហូតបានខ្សែកប្លាទីន មួយកំណាត់ និងដកហូតម៉ូតូម៉ាកស្គូពីដែលជិះធ្វើសកម្មភាព ។ ចំណែកម្ចាស់ខ្សែកពុំដឹងថា ប៉ូលិសចាប់បានក្រុមចោរឆក់ទេ ដោយសារគាត់ទៅបាត់ទៅហើយ ។ ជនសង្ស័យត្រូវបានប៉ូលិសបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌទួលគោក ដើម្បីចាត់ការតាមច្បាប់ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]