អាមេរិក៖  កុមារីតូចជនជាតិចិនម្នាក់ កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្វើឲ្យអ្នកទស្សនាជាច្រើននៅក្នុងស្ទូឌីយ៉ូ  និងអ្នកនិយមលេងបណ្តាញសង្គម ចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីក្មេងស្រីរូបនេះ  បង្ហាញសមត្ថភាពលេងព្យាណូ បានយ៉ាងស្ទាត់ជំនាញមិនចាញ់អ្នកអាជីពប៉ុន្មានឡើយ។

កុមារី Chen Anke មានអាយុ៥ឆ្នាំ មកពីទីក្រុង Tianjin ប្រទេសចិន បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី ទូរសទស្សន៍របស់អាមេរិកមួយឈ្មោះថា «Little Big Shots» ដែលជាកម្មវិធីល្បីមួយបង្ហាញសមត្ថភាពកុមារ ដែលកំពុងតែទទួលបានការគាំទ្រច្រើន ពីសំណាក់មហាជននៅពេលបច្ចុប្បន្ន។  ក្នុងនោះមានលោក  Steve Harvey ពិធីករកំប្លែងស្ងួត ជាអ្នកសម្របសម្រួលក្នុងកម្មវិធីផងដែរ។

អំឡុងពេលបង្ហាញសមត្ថភាពដេញព្យាណូយ៉ាងញាប់ដៃ ជាមួយចង្វាក់ភ្លេងដ៏គួរឲ្យទាក់អារម្មណ៍ បូករួមការលេងទឹកមុខសែនក្រមិចក្រមើម គួរឲ្យស្រលាញ់នោះ កុមារី Chen បានធ្វើឲ្យអ្នកទស្សនាផ្ទាល់ពេញស្ទូឌីយ៉ូ នាំគ្នាអត់ទ្រាំមិនសរសើរមិនបាន ងើបឈរទះដៃស្រែកហ៊ោកញ្ជ្រៀវទៅកាន់នាង ក្រោយពីចប់ការសម្តែងផងដែរ។

កុមារី Chen បានចាប់ផ្តើមលេងព្យាណូ តាំងតែពីនាងមានអាយុ៣ឆ្នាំមកម្ល៉េះ។ ហើយនាងក៏ជាកុមារីម្នាក់ ដែលទទួលបានប្រជាប្រិយភាពល្បីល្បាញខ្លាំង ក្នុងប្រទេសចិនផងដែរ បន្ទាប់ពីវីដេអូឃ្លីបលេងព្យាណូរបស់នាង ត្រូវបានបង្ហោះចែកចាយតៗគ្នាជាច្រើន នៅលើបណ្តាញសង្គម។ នេះយោងតាមកាសែតចិន South China Morning Post បានចុះផ្សាយ។

គួរឲ្យដឹងដែរថា ក្នុងជំនួបកិច្ចសម្ភាសន៍ជាមួយកុមារី Chen ក្រោយបញ្ចប់ការសម្តែងនៅលើឆាក នាងបាននិយាយថា នាងបានហាត់រៀនលេងព្យាណូជារៀងរាល់ថ្ងៃ រហូតអាចមានឱកាសបញ្ចេញសមត្ថភាព នៅលើវេទិកាដ៏អស្ចារ្យនេះ។ នាងសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា នៅថ្ងៃអនាគតនាងចង់ក្លាយខ្លួន ជាតន្រ្តីករព្យាណូដ៏មានទេពកោសល្យម្នាក់។

កុមារីដ៏គួរឲ្យស្រលាញ់ ចងសក់ទីទុយ ស្លៀករ៉ូបពណ៌ផ្កាឈូកនេះ បាននិយាយថាទៀតថា ប៉ាប៉ារបស់នាង ជាមនុស្សម្នាក់ដែលតែងផ្តល់កំលាំងចិត្ត និងជំរុញនាងឲ្យលេងព្យាណូ។

ជាមួយគ្នានេះដែរ ​មានមតិជាច្រើនបានលើកឡើងទៅកាន់កុមារី Chen  ថា នៅវ័យក្មេងសោះមានទេពកោសល្យប៉ុណ្ណឹងទៅហើយ ដូច្នេះមិនយូរមិនឆាប់ទេ នាងនឹងអាចឈោងចាប់ក្តីស្រមៃ ក្លាយខ្លួនជាតន្រ្តីករលេងព្យាណូដ៏ស្ទាត់ជំនាញម្នាក់ នៅថ្ងៃអនាគតរបស់នាងបានជាក់ជាមិនខាន ៕

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]