អាមេរិក៖ លទ្ធភាពនៃការប្រកួតរបស់អ្នកប្រដាល់កំពូលទាំង២ ពោលគឺ Conor McGregor និង Floy Mayweather ទំនងនឹងអាចកើតឡើងឆាប់ៗនេះ បន្ទាប់ពីលោក Owen Roddy ដែលជាគ្រូបង្វឹករបស់ McGregor បានបង្ហើបថា ការហ្វឹកហាត់នៃការប្រកួតដ៏ធំមួយនេះបានចាប់ផ្ដើមហើយ។

ក្រោយពីមានការឌឺដងគ្នាតាមរយៈបណ្ដាញសង្គម អស់រយៈពេលជាច្រើនខែមកហើយនោះ ពួកគេទាំងពីរអាចនឹងត្រូវប្រឈមមុខគ្នា ដោយ Floy Mayweather បានប្រកាសនឹងចូលសង្វៀនវិញ ក្រោយចូលនិវត្ដន៍កាលពីឆ្នាំមុន។  

ថ្មីៗនេះផងដែរ Conor McGregor កំពុងតែត្រៀមទទួលស្វាគមន៍សមាជិកថ្មីបន្ថែមម្នាក់ទៀតក្នុងគ្រួសារ គឺកូនដំបូងរបស់គេ ហើយក៏បានត្រៀមខ្លួននឹងធើ្វការហ្វឹកហាត់ក្នុងការប្រកួតដែលអាចចាត់ទុកបានថា ជាការប្រកួតដ៏ធំជាងគេបង្អស់ក្នុងអាជីពរបស់កីឡាករសញ្ជាតិអៀរឡង់ វ័យ២៨ឆ្នាំរូបនេះផងដែរ។

គ្រូបង្វឹករបស់ McGregor លោក Owen Roddy បាននិយាយថាទៅកាន់សារព័ត៌មាន The Mac Life ថា៖ «ពួកយើងបានហ្វឹកហាត់បន្ដិចបន្ដួចកាលពី១ ឫ ២សប្ដាហ៍មុន ប៉ុន្ដែការហ្វឹកហាត់ជាផ្លូវការបានចាប់ផ្ដើមកាលពីថៃ្ងអង្គារហើយ»។

«ខ្ញុំបាននិយាយទៅ Conor កាលពីចុងសប្ដាហ៍មុន។ ខ្ញុំមិនទាន់គិតថាការប្រកួតនោះ បានចុះហត្ថលេខាជាផ្លូវការទេ ប៉ុន្ដែក្នុងពេលឆាប់ៗនេះ វានឹងក្លាយជាការប្រកួតដ៏ជក់ចិត្ដជាមិនខាន ក្រោយការចុះហត្ថលេខាជាផ្លូវការបានប្រព្រឹត្ដរួច» Roddy បន្ថែម។ 

មនុស្សទូទាំងពិភពលោករំពឹងថា ជំនួបរបស់ពួកគេទាំង២ នឹងអាចកើតឡើងក្នុងពេលដ៏ខ្លីខាងមុខ ស្របពេលសាមីខ្លួនទាំង២ ក៏បានចេញមុខនិយាយដែលថា ការប្រកួតនេះ នឹងក្លាយជាការប្រកួតដ៏ធំបំផុតមួយក្នុងប្រវត្ដិសាស្រ្ដកីឡាប្រដាល់៕ 

ប្រភព៖ dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]