ភ្នំពេញ៖ ប្រធាន សមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យ លោក រ៉ុង ឈុន បានជួបជុំជាមួយគ្រូបង្រៀនជិត៣០០នាក់ មកពីខេត្ត១៦ នៅសួនសេរីភាពជិតវត្តភ្នំ ដើម្បីយកញត្តិដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិវាគ្រូបង្រៀន ដើម្បី ឲ្យរាជរដ្ឋាភិបាលដំឡើងប្រាក់ខែ ដល់គ្រូបង្រៀន។

លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានមានប្រសាសន៍ នាថ្ងៃទី៥ ខែតុលានេះ ក្នុងទិវា គ្រូបង្រៀនថា សម្រាប់ពិភពលោក គេប្រារព្ធទិវាគ្រូបង្រៀន គឺមានភាពសប្បាយរីករាយ ខុសប្លែកពីកម្ពុជា ការអប អរទិវាគ្រូបង្រៀនស្ថិតក្នុងក្ដីកង្វល់ទៅវិញ «ការប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅកម្ពុជាយើង ខុសពីបណ្ដា ប្រទេសផ្សេងៗពីព្រោះប្រទេសគេអភិវឌ្ឍហើយ គេអបអរមែនន័យថា គេចូលសប្បាយ ប៉ុន្ដែកម្ពុជាយើង អបអរ តែក្ដីកង្វល់»។

ក្ដីកង្វល់នោះដោយសារ ជាមធ្យមប្រាក់ឈ្នួលគ្រូបង្រៀនស្ថិតនៅចន្លោះពី៥០ដុល្លារទៅ១០០ដុល្លារ ដូច្នេះហើយ ទើប ក្នុងទិវាគ្រូបង្រៀនឆ្នាំនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងតំណាងគ្រូបង្រៀន នឹងលើកយកបញ្ហា មួយចំនួនដាក់ស្ថាប័នពាក់ព័ន្ធពិសេសរាជរដ្ឋាភិបាល។

លោកបានឲ្យដឹងថា សាលារាជធានីភ្នំពេញ បានអនុញ្ញាត ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាត់តំណាង គ្រូបង្រៀនចំនួនត្រឹមតែ១៥នាក់ប៉ុណ្ណោះ សម្រាប់យកញ្ញាត្តិដាក់ជូន រដ្ឋសភាជាតិ រាជរដ្ឋាភិបាល និងក្រសួង អប់រំ យុវជន និងកីឡា។ សម្រាប់លោក លោក រ៉ុង ឈុន បានហៅការអនុញ្ញាតនេះថា មិនបានផ្តល់ សិទ្ធិ សេរីភាពពេញលេញ ដល់ប្រជាពលរដ្ឋ ដែលជាគ្រូបង្រៀននោះឡើយ។

ញត្តិដែលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងតំណាងគ្រូបង្រៀនមកពី១៦ខេត្តដាច់ស្រយាល គ្រោងនឹងដាក់ ជូនរាជរដ្ឋាភិបាលមានចំនួន៩ចំណុច រួមមាន៖
១-ដំឡើងតម្លៃឯកត្តាសន្ទស្សន៍ នៃបៀវត្សរ៍មូលដ្ឋាន របស់មន្រ្ដីរាជការស៊ីវិល(គ្រូបង្រៀន) ឲ្យបានចំនួន៦៧០០រៀល ក្នុងមួយសន្ទស្សន៍ នៅដើមឆ្នាំ២០១៣ខាងមុខ។
២-ប្រើប្រាស់ប្រព័ន្ធធនាគារ បើកប្រាក់ខែជូនគ្រូបង្រៀន និងថវិការបស់សាលារៀន
៣-បង្កើតផ្នែកស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងក្រសួងអប់រំ ដើម្បីត្រួតពិនិត្យ ភាពមិនប្រក្រតី នៃអំពើពុករលួយ ឧទាហរណ៍ ដូចជាសេវាប្រាក់បង់ក្រៅផ្លូវការ
៤-កែទម្រង់ប្រាក់បន្ថែមផ្សេងៗរបស់គ្រូបង្រៀន
៥-បង្កើនការវិនិយោគថវិកាជាតិទៅលើវិស័យអប់រំ
៦-ផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់សាលារៀន និងការចូលរួមសម្រេចចិត្តរបស់សហគមន៍ក្នុង ការប្រើ ប្រាស់ថវិកាសាលា
៧-ពង្រីកសិទ្ធិសហជីពឲ្យគ្របដណ្ដប់លើគ្រូបង្រៀន
៨-បង្កើតក្រុមប្រឹក្សាគ្រូបង្រៀន ដើម្បីលើកកម្ពស់អាជីពវិជ្ជាជីវៈគ្រូបង្រៀន
៩-ផ្តល់វគ្គបណ្ដុះបណ្ដាលបន្តអាជីព ដល់គ្រូបង្រៀន ដើម្បីបង្កើនជំនាញរបស់ពួកគេ។
គួរកត់សម្គាល់ថា រាជរដ្ឋាភិបាលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏បានសម្រេចដំឡើងប្រាក់ខែដល់មន្ត្រីរាជការ គ្រូបង្រៀន ក្នុងមួយឆ្នាំ២០%ផងដែរ៕

ដោយៈ ដើមអម្ពិល (DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]