អាមេរិក៖ សារព័ត៌មាន CNN បានចុះផ្សាយនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ថា ស្បូនសិប្បនិមិត្តមួយ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តប្រើប្រាស់ ដើម្បីរក្សាទុកកូនចៀម កើតមិនគ្រប់ខែឲ្យនៅរស់នៅខាងក្រៅផ្ទៃមេ ដោយជោគជ័យ ហើយសង្ឃឹមថានៅថ្ងៃខាងមុខ វានឹងបានយកមកប្រើប្រាស់ លើទារកមនុស្សដែលកើតមិនគ្រប់ខែវិញម្តង។

ស្បូនសិប្បនិមិត្ត ដែលជាថង់ប្លាស្ទិចបិទជិតនេះ ធ្វើឡើងពីវត្ថុធាតុមួយប្រភេទឈ្មោះ Polythene ហើយផ្ទុកទៅដោយទឹកភ្លោះក្នុងការផ្តល់សារធាតុចិញ្ចឹមទាំងអស់ និងការការពារដែលត្រូវការសម្រាប់ការធំធាត់ និងបំពង់អុកស៊ីសែនដែលដំណើរការដូចជាទងសុក។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រព័ន្ធនេះធ្វើការត្រាប់តាមបរិស្ថាននៃស្បូនធម្មជាតិ ហើយក្រុមអ្នកវិទ្យសាស្រ្ត ដែលធ្វើការលើគម្រោងនេះ សង្ឃឹមថានឹងមានថ្ងៃមួយបច្ចេកវិទ្យានេះ នឹងត្រូវប្រើប្រាស់សម្រាប់ទារកមិនគ្រប់ខែ។  

លោកវេជ្ជបណ្ឌិត Alan Flake គ្រូពេទ្យវះកាត់ទារក និងជានាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវទារកក្នុងមជ្ឈមណ្ឌលសម្រាប់ការព្យាបាល និងការធ្វើរោគវិនិច្ឆ័យទារក នៅមន្ទីរពេទ្យកុមារក្នុងទីក្រុង Philadelphia  ដែលដឹកនាំការស្រាវជ្រាវនេះ បានថ្លែងថា “យើងបានបង្កើតប្រព័ន្ធមួយ ដែលសឹងតែសម្រេចជោគជ័យទាំងស្រុង ដោយអាចចិញ្ចឹមទារកមិនគ្រប់ខែ ដូចក្នុងស្បូនពិតប្រាកដ ហើយជំនួសមុខងារនៃសុក ទៀតផង” ។

ដើម្បីបង្ហាញសក្តានុពល  ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការពិសោធន៍លើកូនចៀម មិនគ្រប់ខែ ចំនួន៥ក្បាល ដែលមានអាយុចន្លុោះពី ១០៥ ទៅ១១១ថ្ងៃ និងកំពុងអភិវឌ្ឍឧបករណ៍ស្រដៀងគ្នាសម្រាប់ទារករបស់មនុស្ស ដែលមានអាយុចាប់ពី ២៣សប្តាហ៍។

គួរបញ្ជាក់ថា ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយកត្តាសំខាន់មួយចំនួន ដើម្បីគាំទ្រដល់ការអភិវឌ្ឍដែលមានស្ថិរភាព ដូចជាប្រព័ន្ធលំហូរឈាមរត់, បរិស្ថានសារធាតុរាវមួយដែលបិទជិត និងប្រើប្រាស់បេះដូងរបស់ទារកផ្ទាល់ ដើម្បីបូមឈាមឲ្យមានដំណើរការនៅជុំវិញប្រព័ន្ធទាំងមូល  ដោយមិនមែនជាការប្រើឧបករណ៍បូមពីខាងក្រៅនោះទេ។

ប្រព័ន្ធទាំងអស់ដំណើរការជាមួយគ្នា ដូច្នេះឈាមអាចហូរទៅមក នៅក្នុងរាងកាយរបស់ទារក ខណៈទារកដែលកំពុងស្ថិតនៅក្នុងសារធាតុរាវ (ទឹកភ្លោះ) មានស្ថិរភាពល្អ៕ 

ប្រភព៖ CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]