រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​គ្រូបង្វឹក​ កីឡាប្រដាល់​លំដាប់​ ប្រទេស​នា​ពេល​ចុង​ក្រោយ អតីត​កីឡាករ​ល្បីឈ្មោះ អេ ភូ​ថង ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គ្រូបង្វឹក​មួយ​រូប​ដែល​មានឈ្មោះ​បោះ​សំឡេង​មិនធម្មតា ។ ក្រៅពី​មាន​ប្រវត្តិ​បង្វឹក​សិស្ស​បាន​ខ្លាំង​ៗ​ល្បី​ៗ​រាប់​មិន​អស់ លោក​ក៏​ត្រូវ​សហព័ន្ធ​ចាត់ជា​គ្រូបង្វឹក​ របស់​កីឡាករ​ជម្រើសជាតិ​ទាំង​ផ្នែក​ប្រដាល់សេរី និង​សាកល​ផង​ដែរ ។ ជាមួយនឹង​ភាព​ល្បីល្បាញ​នេះ សារព័ត៌មាន​កោះសន្ដិភាព​ បាន​ជជីក​ដេញដោល​ពី​ជីវប្រវត្តិ​ របស់​លោក​យក​មក​ចុះ​ផ្សាយ​ដើម្បី​ឱ្យ​មហាជន​បាន​ជ្រាប ។

ប្រវត្តិរូប​សង្ខេប ៖ 

លោក​មានឈ្មោះ​ពិត​ថា អេ ភូ​ថង មាន​កម្ពស់​១,៨០​ម៉ែត្រ កើត​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​១៩៧៣ ។ លោក​មានស្រុក​កំណើត​នៅ​ភូមិ​នាង​កុក ឃុំ​បាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។ លោក​ប្រឡូក​ការ​ប្រដាល់​ បាន​១៩០​ដង ឈ្នះ​១៨៥​ដង ចាញ់​៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៤០​ដង ។ កីឡាករ​ដែល​មាន​រហស្សនាម​ថា អធិរាជ​ជង្គង់​ទិព្វ កែង​ឆេះ ជង្គង់​ហោះ និង​ធ្លាប់​គ្រង​តំណែង​ជា​ម្ចាស់​ ខ្សែក្រវាត់​ពិភពលោក​មុន​ពេល​លាឈប់​រូប​នេះ មាន​ឈាមជ័រ​ជា​អ្នក​ប្រដាល់​តាំងពី​ដូនតា ទើប​ពេល​ចម្រើន​វ័យ​អាច​ហ្វឹកហាត់​ការ​ប្រដាល់​បាន ក៏​ប្រឡូក​ក្នុង​អាជីព​នេះ​តែ​ម្ដង​ដើម្បី​រក​ប្រាក់ ។

លោក​ទទួល​បាន​មេដាយ​សំរឹទ្ធិ​ ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ឡាវ​ ក្នុង​ឆ្នាំ​២០០៩ និង​ក្រោយមក​ក៏​បាន​ក្លាយជា​សមាជិក​គណៈកម្មការ ចៅក្រម និង​អាជ្ញាកណ្តាល​របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ ក្រោយ​ពេល​លោក​ប្រដាល់​លែង​កើត ។

លោក អេ ភូ​ថង មាន​ឪពុក​ឈ្មោះ យិ​ន រិ​ន និង​ម្ដាយ​ឈ្មោះ អាត អុ​ន ហើយ​លោក​គឺជា​កូនច្បង​នៅ​ក្នុង​គ្រួសារ​ក្នុង​ចំណោម​ បងប្អូន​ចំនួន​៣​នាក់ រួម​មាន អូត ភូ​ថង វ័យ​ជាង​៣០​ឆ្នាំ ជា​អតីត​អ្នក​ប្រដាល់ និង​ប្អូនស្រី​ពៅ​ឈ្មោះ អោម ភូ​ថង អាយុ​ជាង​២០​ឆ្នាំ គឺជា​ស្ត្រី​មេផ្ទះ ។

ជីវិត​អាពាហ៍ពិពាហ៍ ៖

លោក​រៀប​ការ​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​១៩៩៧​ជាមួយនឹង​កូនក្រមុំ​ឈ្មោះ សឹង សុ​ម៉ា​លី ដោយ​បង្កើត​បាន​បុត្រ​៤​នាក់​នា​ពេល​បច្ចុប្បន្ន ។ កូន​ទី​១​របស់​លោក​មានឈ្មោះ​ថា ព្រី យ៉ា​នុ​ត​ភូ​ថង ភេទ​ស្រី ជា​អ្នក​ប្រដាល់ កូន​ទី​២​ឈ្មោះ វិ​រៈ ខាំ​ឈឺ​ត​ភូ​ថង ភេទ​ប្រុស ជា​អ្នក​ប្រដាល់​ម្ដងម្កាល​ដែរ កូន​ទី​៣​ឈ្មោះ អាំ ម៉ា​រី​ន​ភូ​ថង ភេទ​ប្រុស និង​កូន​ទី​៤ ឈ្មោះ​អេ​ឡិ​ក ភូ​ថង ភេទ​ប្រុស ។ ភរិយា​របស់​លោក​ ក៏​មាន​អាជីព​នៅ​ក្នុង​វិស័យ​ប្រដាល់​ដែរ ដោយ​បាន​ធ្វើ​អាជ្ញាកណ្ដាល​នារី និង​ជា​គ្រូ​ជំនួយ​របស់​លោក​នៅ​ក្នុង​ក្លិប​ប្រដាល់ ។

ជីវិត​តស៊ូ ៖

លោក អេ ភូ​ថង ក៏​មិន​ខុស​ពី​កីឡាករ​ល្បី ឈ្មោះ​ភាគច្រើន​នោះ​ដែរ ដែល​មានជីវិត​តស៊ូ ដោយសារ​តែ​លោក​ធំធាត់​ នៅ​ក្នុង​គ្រួសារ​ក្រីក្រ ។ លោក​រៀន​មិន​បាន​ជ្រៅជ្រះ​ទេ ដោយ​ឈប់​ត្រឹម​ថ្នាក់បឋមសិក្សា​ប៉ុណ្ណោះ​ ដើម្បី​ជួយ​សម្រួល​បន្ទុកគ្រួសារ​ដោយ​ការ​ដើរ​ស៊ីឈ្នួល​គេ​ ដូច​ជា​លើកដាក់​លី​សែង ឬ​ជួយ​ធ្វើការ​គេ​យក​លុយ​មក​ជួយ​គ្រួសារ ។

លោក​បាន​ទៅ​ស៊ី​ឈ្មួ​ល​ ចុះទូក​នេសាទ​នៅ​តាម​សមុទ្រ​ តាំងពី​អាយុ​១០​ឆ្នាំ ដោយ​លោក​ត្រូវ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ ទាំងឈឺទាំងជា តែ​ប្រាក់​កម្រៃ​ទទួល​បាន​មិន​ច្រើន​នោះ​ទេ ។ លោក​ថា ជីវិត​វេទនា​គឺ​និយាយ​មួយ​អាទិត្យ​ ក៏​មិន​អស់នោះ​ដែរ ខណៈ​ដែល​រូបភាព​នោះ​គឺ​លោក​នៅ​តែ​ចង​ចាំ​ច្បាស់ ។

លោក​ក៏​ធ្លាប់​ចេញចូល​ ទៅ​ស៊ីឈ្នួល​នៅ​ថៃ​ក្នុង​ពេល​រស់នៅ​ កោះកុង​ផង​ដែរ ទើប​លោក​អាច​ប្រើ​ភាសា​ថៃ​បាន​ច្បាស់​ ជា​ពិសេស​គឺ​ការ​និយាយ​រហូត​និយាយ​ភាសា​កំណើត​របស់​ខ្លួន​មិន​ច្បាស់​។

អ្វី​ដែល​លោក​ចង​ចាំ​ គឺ​ឱ្យ​តែ​ចូល​ទៅ​ធ្វើការ​នៅ​ថៃ​ម្ដង​ៗ​ ត្រូវ​តម្រួត​ថៃ​ដេញចាប់​ព្រោះតែ​គ្មាន​លិខិតឆ្លងដែន បើ​គេ​ចាប់​បាន​គេ​ដក​លុយ​អស់ ជួនកាល​ត្រូវ​គេ​ចាប់​ដាក់គុក​មុន​ពេល​បញ្ជូន​ មក​ស្រុក​ខ្មែរ​វិញ​ក៏​មាន ។ លោក​ថា ទៅ​ថៃ​វេទនា ប៉ុន្តែ​បើ​មិន​ធ្វើ​ដូច្នោះ​លោក​មិន​មានការ​ងារ និង​មិន​មាន​ប្រាក់​ចំណូល​នោះ​ទេ ខណៈ​ដែល​លោក​ប្រាប់​ថាបើ​អាច​ទៅ​បន្លំ​ស៊ីឈ្នួល​គេ​បាន ក៏​ទទួល​បាន​ប្រាក់​ចំណូល​គួរសម​ដែរ ។

ការ​បោះ​ជំហាន​ក្លាយជា​អ្នក​ប្រដាល់ ៖

លោក អេ ភូ​ថង ប្រាប់​ថា ឪពុក​របស់​លោក​ក៏​ជា​អ្នក​ប្រដាល់​ម្នាក់​ដែរ​នៅ​អំឡុង​ទសវត្សរ៍​ទី​៧០ ដោយ​គ្រាន់តែ​ឪពុក​លោក​ មិនមែន​ជា​អ្នក​ល្បី​ខ្លាំងក្លា​នៅ​ក្នុង​ពេល​នោះ ។ បើ​ទោះជា​លោក​ត្រូវ​ចេញ​ ទៅ​ស៊ីឈ្នួល​គេ​ឆ្ងាយ​ពី​ផ្ទះ ប៉ុន្តែ​លោក​តែង​ហ្វឹកហាត់​ក្បាច់​ប្រដាល់​ពី​ឪពុក និង​តែង​ចិញ្ចឹមចិត្ត​ចង់​បន្ត​តំណែង​របស់​ឪពុក​ជា​ប្រចាំ ទើប​លោក យិ​ន រិ​ន ជា​ឪពុក​មើលឃើញ​ពី​ការ​តាំងចិត្ត​នោះ ហើយ​បាន​បង្វឹក​រូប​លោក​កាន់តែ​ខ្លាំង​ឱ្យ​ក្លាយជា​កីឡាករ​ម្នាក់ ។

លោក​បាន​សុំ​ឪពុក​ទៅ​ហ្វឹកហាត់​ ប្រដាល់​នៅ​ខេត្តព្រៃវែង​ជាមួយ​លោក យុទ្ធ ផូ​ថង ដែល​ជា​គ្រូបង្វឹក​នា​ពេល​នោះ និង​បច្ចុប្បន្ន​ជា​អ​អភិបាលខេត្ត​កោះកុង ហើយ​ក៏​មានឱកាស​បាន​ចូល​ប្រកួត ។

ក្នុង​ឆ្នាំ​១៩៩៦ លោក​ផ្លាស់​មក​ក្លិប​ប្រដាល់​ កង​យោធពលខេមរៈភូមិន្ទ​នៅ​រាជធានី​ភ្នំពេញ ហើយ​ក៏​កាន់តែ​មានឈ្មោះ​ បោះ​សំឡេង​ខ្លាំងឡើង ។ អ៊ីចឹង​ហើយ​ទើប​ក្រោយ​ពេល​ឈប់​ប្រដាល់ លោក​ក៏​ត្រូវ​បាន​តែងតាំង​ ជា​គ្រូបង្វឹក​នៅ​ក្នុង​ក្លិប​នេះ​រហូត​ដល់​បច្ចុប្បន្ន ។

លោក​ទទួល​បាន​ងារ​ជា «​អធិរាជ​ជង្គង់​ទិព្វ កែង​ឆេះ ជង្គង់​ហោះ​» បន្ទាប់​ពី​វាយ​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​ក្នុងស្រុក​ជា​បន្តបន្ទាប់ និង​បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៣​ ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម បន្ទាប់​ពី​វាយ​ឈ្នះ​កីឡាករ​ជនជាតិ​ស៊ូ​ដង់ ឈ្មោះ Faisal Zakaaria ជា​ម្ចាស់​ខ្សែក្រវាត់ ។

ជីវិត​ជា​គ្រូបង្វឹក ៖ 

លោក អេ ភូ​ថង និយាយ​ថា មក​ទល់​ពេល​នេះ លោក​កាន់តែ​សកម្ម​ខ្លាំង​ឡើង​ជាមួយនឹង​ការងារ​ជា​គ្រូបង្វឹក ដោយ​ក្នុង​មួយ​ថ្ងៃ គឺ​លោក​មិនសូវ​បាន​សម្រាក​នោះ​ទេ ដោយសារ​តែ​ត្រូវ​ចំណាយពេល​ បង្វឹក​សិស្ស​បណ្ដាក់​វេន​គ្នា ។ លោក​ថា ខ្លួន​បង្វឹក​បានកូន​សិស្ស​ល្អ​មួយ​ចំនួន​ធំ ដោយ​កូនសិស្ស​របស់​លោក​ ក៏​ត្រូវ​បាន​បញ្ជូន​ឱ្យ​ប្រកួត​គ្រប់​ប៉ុស្ដិ៍ និង​បាន​ប្រកួត​ថ្នាក់​ជាតិ​ ទទួល​បាន​មេដាយ​ច្រើន​នាក់​ផង​ដែរ ។

លោក​ថា ខ្លួន​ស្រឡាញ់​អាជីព​ជា​គ្រូបង្វឹក ទើប​ក្នុង​ពេល​ខ្លះ​សូ​ម្បី​តែ​សិស្ស​អត់​លុយ​ក៏​លោក​បង្វឹក ហើយ​បើ​សិស្ស​នោះ​មាន​ឆន្ទៈ​ថែម​ទៀត គឺ​លោក​ធានា​រ៉ាប់រង​លើ​បាយ​ទឹក និង​ការ​បង្វឹក​ឱ្យ​ក្លាយជា​កីឡាករ​តែ​ម្ដង ទើប​លោក​ក្នុង​ពេល​ខ្លះ​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​កីឡាករ​ច្រើន​នាក់​ក្នុង​ក្លិប​ឡើង​ក្រ​ខ្លួន ។

ទោះបី​យ៉ាងណា លោ​កថា​សប្បាយចិត្ត​ ដោយសារ​តែ​លោក​ ក៏​បាន​ចេញ​បង្ហាត់​នៅ​តាម​ក្លិប​ផ្សេង​ទទួល​បាន​ កម្រៃ​ទាំង​ប្ដី​ទាំង​ប្រពន្ធ យក​មក​ទប់​ការ​ចំណាយ​ក្នុង​ក្លិប​របស់​ខ្លួន​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]