ភ្នំពេញ៖ ក្រុមសិស្សសាលា ដែលភាគច្រើនមាន អាយុមិនដល់ ២០ឆ្នាំផងនោះ បាននាំគ្នាទាំងគូៗ ទៅចូលរាំលេងកម្សាន្ត នៅក្នុងក្លឹបកម្សាន្ត មានឈ្មោះ Fever ដែលមានទីតាំង នៅលើផ្សារទំនើប ផេនសល ស្ថិតតាមផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ ២៦៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ក្រុមសិស្សសាលា ដែលនាំគ្នាទៅរាំលេងកម្សាន្ត ផឹកស៊ី និងឱបថើបកៀកកើយគ្នាទាំងថ្ងៃ នៅក្នុងក្លឹបដុះ ស្លែមួយនេះ បានធ្វើឲ្យការសិក្សារបស់ពួកគេ កាន់តែធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលឪពុកម្តាយ និងអាណាព្យាបាលគិតថា កូនៗរបស់ខ្លួនបានមករៀន តែធាតុពិតនាំគ្នាទៅចូលក្លឹបមួយនេះ ស្ទើររៀងរាល់ថ្ងៃ ។ ដោយឡែក អាជ្ញាធរខណ្ឌដូនពេញ មិនដែលឃើញមានចំណាត់ការណាមួយចំពោះ ម្ចាស់ក្លឹបមួយនេះឡើយ ទុកឲ្យបង្កភាពអនាធិបតេយ្យ ទាំងថ្ងៃទាំងយប់យ៉ាងដូច្នេះ ។

ស្រ្តីវ័យកណ្តាលម្នាក់ ដែលលក់ដូរសម្លៀកបំពាក់ នៅក្នុងផ្សារផេនសល បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ជារៀងរាល់ថ្ងៃ គាត់បានឃើញក្មេងប្រុសស្រី បណ្តើរគ្នាមួយគូៗ ចូលក្លឹប Fever ស្ថិតនៅ លើផ្សារផេនសល ជាពិសេសចំថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ដែលសម្បូរជាងថ្ងៃណាៗទាំងអស់ ។

អាជីវករលក់ស្បែកជើងមួយរូបទៀត បានឲ្យដឹងផងដែរថា ក្លឹបមួយនេះ បានដំណើរការ ជាយូរណាស់មកហើយ ជាបន្ទប់ធំមួយ ហើយមានច្រកចេញចូលតែមួយ ស្ថិតនៅលើផ្សារផេនសល អមដោយកម្លាំង សន្តិសុខ ៤-៥នាក់ ប្រចាំការនៅទីនោះ ដើម្បីធ្វើការឆែកឆេរ ពេលក្រុមក្មេងៗចូលទៅរាំលេងកម្សាន្ត ។

អាជីវកររូបនេះ បានបន្តថា ពេលចូលរាំលេងកម្សាន្ត និងផឹកស៊ីម្តងៗ ត្រូវទិញសំបុត្រ ហើយសន្តិសុខ យកត្រាមកបោះនៅលើប្រអប់ដៃ ពីសំណាក់អ្នកចូលលេង ទាំងនោះ ។ ប្រជាពលរដ្ឋជាច្រើននាក់ សង្ឃឹមថា អាជ្ញាធរខណ្ឌដូនពេញ នឹងមានចំណាត់ការចំពោះក្លឹបកម្សាន្ត ដែលបើកដំណើរការពីថ្ងៃត្រង់ វេលាម៉ោង ១២ រហូតដលម៉ោង ១២យប់ ធ្វើឲ្យក្មេងសិស្សសាលា ដែលរៀននៅតាមអនុវិទ្យាល័យ និងវិទ្យាល័យមួយចំនួន ក្នុងរាជធានីភ្នំពេញ ពង្វក់វង្វេងអស់ហើយ ៕

ដោយ៖ លឹម ជាវុត្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]