រាជធានី​ភ្នំពេញ ៖ បុរស​ញៀន​ថ្នាំ​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ ទន្លេបាសាក់​ចាប់​ឃាត់​ខ្លូ​ន​យក​ទៅ​កាន់​ មណ្ឌល​កែប្រែ ដើម្បី​ធ្វើការ​បន្សាប ក្រោយ​ពី​រូបគេ​តែងតែ​រករឿង​អុកឡុក និង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ ក្នុងផ្ទះ​អស់​ជា​ច្រើន​នា​ពេល​កន្លង​មក​នៅ​ពេក​បែក​ថ្នាំ​ម្តង​ៗ​នោះ ដោយ​ទ្រាំ​នឹង​ទ​ង្វើ​នេះ​មិន​បាន ទើប​ម្តាយ​រត់​មក​ប្តឹង​ឱ្យ​ចាប់ខ្លួន​តែ​ម្តង​។

ការ​ចាប់​ឃាត់ខ្លួន​ ជន​ជៀន​ថ្នាំ​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ ៨៥ Z27 (​ខាងក្រោយ​វត្តថា​ន់​) ផ្លូវ​ព្រះ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ញៀន​ថ្នាំ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ សុខ តារា​រតនៈ អាយុ​២៦​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ ចំណតរថយន្ត​ផ្សារ​អ៊ី​អន ស្នាក់​នៅផ្ទះ​លេខ ៨៥ Z27 ផ្លូវ​ព្រះ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ ក្រោយ​ពី​ទទួល​បាន​នូវ​ពាក្យបណ្តឹង​ របស់​ម្តាយ​របស់​បុរស​ខាងលើ​ថា រូបគេ​តែងតែ​ធ្វើការ​រករឿង​អុកឡុក វាយ​កម្ទេច​ទ្រព្យសម្បត្តិ​ ក្នុងផ្ទះ​អស់​ជា​ច្រើន មិនតែប៉ុណ្ណោះ​ក៏​ស្រែក​ឡូឡា​រំខាន​ទៅ​ដល់​ការ​ រស់នៅ​របស់​ប្រជាពលរដ្ឋ​​នៅ​ក្បែរ​ខាង​នោះ​។

តាម​ប្រភព​ដដែល​ បាន​ប្រាប់​បន្ត​ទៀត​ថា ដោយសារ​តែ​បុរស​ម្នាក់​ ខាងលើ​ជា​មនុស្ស​ប្រើ​គ្រឿងញៀន​អស់​រយៈពេល​ ជា​យូរណាស់​មក​ហើយ​នោះ ទើប​ធ្វើ​ឱ្យ​ញៀន និង​បែក​ថ្នាំ​ជា​ញឹកញាប់​ផង​ដែរ ទើប​ម្តាយ​របស់​គេ​ ទ្រាំ​លែង​បាន​ក៏​ធ្វើការ​ប្តឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ឱ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។

ក្រោយ​ពី​ឃាត់ខ្លួន​បុរស​ញៀន​ ម្នាក់​ខាងលើ​រួច​ហើយ ក៏​បញ្ជូន​មក​កសាង​សំណុំ​ឯកសារ និង បញ្ជូន​ទៅ​កាន់​មណ្ឌល​កែប្រែ «​ឱកាស​ខ្ញុំ​» ធ្វើការ​បន្សាបថ្នាំ​នា​ពេល​នេះ​តែ​ម្តង ដើម្បី​ឱ្យ​រូបគេ​បានជា​សះស្បើយ​ពី​ការ​ញៀន​ថ្នាំ និង​ក្លាយជា​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម​ឡើង​វិញ​ដូច​គេឯង​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]