(បន្ទាយមានជ័យ)៖ កូនប្រុស​អក​ត​ញូ​ចិត្ត​តិរច្ឆាន ​ហ៊ា​ប​លើកដៃ​កាប់​ឪពុកបង្កើត​ខ្លួនឯង ​នឹង​កាំបិតប៉័ងតោ ​ដោយសារ​ខឹង​នឹង​ឪពុក​ស្តី​បន្ទោស​ឲ្យ​បន្តិចបន្តួច​ថា ​មិន​ចេះ​រកស៊ី​ចិញ្ចឹមជីវិត ​និង​គ្រួសារ ​ដែល​ហេតុការណ៍​នេះ ​កើតឡើង​នៅ​មណ្ឌល​ទី៦ ​ស្ថិត​ភូមិ​ប្រជា​ធម្ម​លិច ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ​។

លោក ជា ដា មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានថ្លែងប្រាប់នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ លោកក៏បញ្ជាកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។

លោកបន្តថា ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២៥ម្សិលមិញ ដែលជនរងគ្រោះឈ្មោះ កន ម៉ៃ អាយុ៦២ឆ្នាំ (ជាឪពុកបង្កើតរបស់ជនសង្ស័យ) ជនបង្ក ជនសង្ស័យឈ្មោះ កន សន អាយុ២៩ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ រស់នៅភូមិសង្កាត់កើតហេតុខាងលើ បានយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះចំនួន ៤កាំបិត ចំចិញ្ចើម១កាំបិត ថ្ងាស១កាំបិត ក្បាល១កាំបិត ថ្ពាល់១កាំបិត។

លោកមេបញ្ជាការបានបន្ថែមថា មូលហេតុដោយសារឪពុកស្តីបន្ទោសឲ្យកូនមិនចេះរកស៊ី រួចឪពុកក៏យកពូថៅចោលទៅចំចង្កាកូន រួចហើយឪពុកក៏យកកាំបិតមកកាប់លើកូនទៀត ហើយក៏មានការប្រតាយប្រតប់គ្នាតែម្តង រហូតកូនប្រុសថ្លើមធំ យកកាំបិតកាប់ទៅលើឪពុកតែម្ដង។

បច្ចុប្បន្ន ជនរងគ្រោះបញ្ជូនសម្រាកព្យាបាលរបួសនៅពេទ្យបង្អែកប៉ោយប៉ែត ចំណែកជនសង្ស័យកំពុងកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការអាវុធហត្ថ ដើម្បីចាត់ការតាមនីតិធីច្បាប់៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]