ខេត្តបាត់ដំបង ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ទូទាំងប្រទេស ប៉ុន្តែថ្ងៃនេះក៏ជាថ្ងៃចាប់ផ្ដើមបើកការប្រយុទ្ធគ្នា យ៉ាងអនាធិបតេយ្យផងដែរ របស់ក្រុមយុវសិស្សទំនើងនៅតាមបណ្ដាវិទ្យាល័យ នានាក្នុងក្រុងបាត់ដំបង។ កម្លាំងសមត្ថកិច្ចស្ទើរតែប្រកាសអាសន្ន ព្រោះតែតាមទប់ស្កាត់ និងបង្រ្កាបក្រុមសិស្សអន្ធពាលទាំងនោះ នៅតាមសាលារៀន និងតាមដងផ្លូវនានាក្នុងក្រុងបាត់ដំបងមិនបាន ខណៈបវេសនកាលថ្មីនេះ ទើបបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ។

សមត្ថកិច្ចដែលចុះអន្តរាគមន៍ក្នុងសង្រ្គាមសិស្ស ទំនើងនេះនិយាយថា សិស្សវិទ្យាល័យព្រះមុនីវង្សបានបើកឆាកប្រយុទ្ធនេះមុនគេ នៅព្រឹកថ្ងៃទី២ តុលា បន្ទាប់ពីទិវាបើកបវេសនកាល១ថ្ងៃ ។ ការប៉ះទង្គិចគ្នានេះបង្កឡើងដោយសិស្សស្រីមួយក្រុម ដែលមានទាំងភេទទី៣ ចូលរួមផង បានលើកគ្នាតាមវាយសិស្សស្រីម្នាក់ ខណៈនាងដើរចេញពីសាលារៀន ដែលគេគ្រប់គ្នាអះអាងថា ព្រោះតែរឿង«ប្រុសស្នេហ៍»។ ក្រុមនេះ បានដាក់ឈ្មោះខ្លួនឯងឲ្យគេស្គាល់ថា ជាក្រុម «Polipop» ដែលមានប្រវត្តិអាក្រក់ប៉ុន្មានឆ្នាំមកហើយ ។ សមត្ថកិច្ចធ្លាប់បង្រ្កាបក្រុមនេះស្ទើររាប់ភ្លេច រហូតមានមន្រ្តីខ្លះស្គាល់ស្និទ្ធជាមួយក្រុមនេះ ដែលជាហេតុនាំឲ្យពួកគេស្គាល់ចិត្តហ៊ានប្រើសម្តីថ្លោស តបតជាមួយសមត្ថកិច្ចវិញយ៉ាងព្រហើនទៀតផង ។

កម្លាំងសមត្ថកិច្ចផ្នែកបង្រ្កាបរបស់ស្នងការដ្ឋានខេត្ត បានបង្កើនកម្លាំងពង្រឹងគ្រប់គោលដៅសំខាន់ៗ ជាពិសេសតាមសាលារៀននានាក្នុងក្រុងបាត់ដំបង ។ ប៉ុន្តែសមត្ថកិច្ចក៏ស្ទើរតែវិលក្បុងផងដែរ ដោយសារតែក្រុមសិស្សទំនើងប្រុសស្រីទាំងនោះ បានណាត់គ្នាប្រយុទ្ធនៅទីតាំងផ្សេង ឬជិះម៉ូតូឡានតាមវាយគ្នាលើដងផ្លូវស្ងាត់កំបាំងពីភ្នែកសមត្ថកិច្ចជាដើម ។ តាមការកត់សម្គាល់ចាប់តាំងពីថ្ងៃបើកបវេសនកាលរហូតមកដល់ថ្ងៃទី៤ តុលា រយៈពេល៤ថ្ងៃហើយដែលក្រុមសិស្សទំនើងទាំងស្រី ទាំងប្រុសបានស្ទាក់វាយតប់គ្នាមិនតិចជាង៦លើកទេ ហើយត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ តែការអនុវត្តច្បាប់នៅធូរលុងនៅឡើយដែលជាហេតុ ធ្វើឲ្យជនបង្កមិនខ្លាចញញើតនឹងច្បាប់បើទោះជាក្រុមបង្ក នោះជាមូខសញ្ញាដដែលៗក្ដី ។

លោកជេត វណ្ណនី ស្នងការរងខេត្តបានឲ្យដឹងដែរថា ផែនការរបស់លោកស្នងការខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញទាំងអស់ចុះទប់ស្កាត់ និងត្រៀមបង្រ្កាបក្រុមសិស្សទំនើងនេះស្ទើរគ្រប់គោលដៅសំខាន់ៗ ជាពិសេសតាមបណ្ដាវិទ្យាល័យនានាក្នុងក្រុងបាត់ដំបង ។ លោកថា ការអនុវត្តច្បាប់ជំហ៊ានទី១គឺអប់រំ និងធ្វើកិច្ចសន្យា ដែលមានអាណាព្យាបាលមកធានាខុសត្រូវក្នុងករណីបង្ករបួសស្នាមតិចតូច តែបើក្នុងករណីធ្ងន់ធ្ងរ ជនបង្កត្រូវតែកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។ លោកជេត វណ្ណនី ក៏បានបញ្ជាក់ដែរថា កម្លាំងរបស់លោកកំពុងត្រូវបានត្រៀមជាប្រចាំក្នុងការអន្តរាគមន៍បង្រ្កាបរាល់សកម្មភាពក្មេងទំនើងនេះ ខណៈដែលពួកគេចាប់ផ្ដើមបង្កចលាចលជាថ្មី ជាមួយនិងការចាប់ផ្ដើមបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះដែរ។

ក្រុមយុវសិស្សទំនើងប្រុស-ស្រីក្នុងក្រុងបាត់ដំបង ត្រូវគេកត់សម្គាល់ថា ពួកគេបានបង្កើតបក្សពួកជាក្រុមៗដាច់ដោយឡែកពីគ្នាតាមវិទ្យាល័យនីមួយៗ។ ពួកគេបានដាក់ឈ្មោះក្រុមរបស់ខ្លួនឲ្យគេស្គាល់ និងងាយស្រូលហៅ ។ ឧទាហរណ៍ដូចជាក្រុម«Polipop»នេះជាដើម ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមនេះបានចាប់ផ្ដើមបង្កព្យុះភ្លៀងធ្វើឲ្យសមត្ថកិច្ចស្ទើរប្រកាសអាសន្នទៅហើយ។ ប៉ុន្តែក្រុមនេះ ត្រូវសមត្ថកិច្ច បង្រ្កាបបាន៣នាក់ក្នុងចំណោមបក្សពួកជាង២០នាក់ដែលត្រូវគេស្គាល់។

សមត្ថកិច្ចមិនបានដាក់ទោសពៃរ៍ ដើម្បីឲ្យពួកគេរាងចាលទេ បើទោះជាដឹងថា ក្រុមនេះតែងបង្កព្យុះភ្លៀងស្ទើររាល់ថ្ងៃក្ដី ។ ឆ្នាំនេះក្រុមក្មេងទំនើងដែលលេចមុខបង្កចលាចលមុនគេ គឺក្រុម«Polipop»ដែលសមាសភាពភាគច្រើននៃក្រុមនេះជា«សិស្សស្រី»៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]