អាមេរិក៖ ប្រសិនបើអ្នករស់នៅភាគឦសាន សហរដ្ឋអាមេរិក នោះអ្នកប្រាកដជាអាចប្រើប្រាស់អ៊ិនធើណេត ដែលមានល្បឿនលឿនដូចព្យុះ ដែលផ្តល់ដោយក្រុមហ៊ុន   Verizon ដោយកាលពីថ្ងៃច័ន្ទ ក្រុមហ៊ុនមួយនេះ បានប្រកាសដាក់ឲ្យប្រើប្រាស់គម្រោងអ៊ិនធើណេត Fios Gigabit Connection ដែលអាចដោនឡូត (Download) ក្នុងល្បឿន 940Mbps និងអាប់ឡូត (Upload) ក្នុងល្បឿន 880Mbps។

ប្រភពព័ត៌មានបានឲ្យដឹងថា ល្បឿនអ៊ិនធើណេតនេះ ពិតជាលឿនខ្លាំងណាស់ បើទោះជាល្បឿនអ៊ិនធើណេតនេះ មិនដល់ 1 Gbps ដូចជាឈ្មោះគម្រោងក៏ដោយ ហើយតម្លៃប្រចាំខែរបស់គម្រោងនេះគឺ ៧០ ដុល្លារក្នុងមួយខែ។ ខណៈល្បឿនអ៊ិនធើណេតរបស់ក្រុមហ៊ុនផ្សេង នៅក្នុងសហរដ្ឋអាមេរិក ដែលមានល្បឿនជាមធ្យមប្រហែល 25 Mbps ឡើងទៅប៉ុណ្ណោះ។ នេះបើយោងតាមការសិក្សារបស់ សហព័ន្ធគណៈកម្មការទូរគមនាគមន៍ FCC កាលពីចុងឆ្នាំ២០១៦។ 

លោក Ken Dixon ប្រធានផ្នែកអាជីវកម្ម Wireline របស់ក្រុមហ៊ុន Verizon បានថ្លែងថា “មិនមានក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិតតាមខ្សែណា ដែលអាចផ្ដល់ល្បឿនអ៊ិនធើណេត ដែលមានឥទ្ធិពលដូចគម្រោង Fios Gigabit Connection របស់ Verizon ឡើយ។ ហើយយើងដាក់លក់គម្រោងក្នុងតម្លៃដូចនេះ គឺដើម្បីឲ្យមនុស្សរាប់លាននាក់ អាចរីករាយប្រើប្រាស់គម្រោងមួយនេះបាន។

ក្រុមហ៊ុន Verizon បានថ្លែងថា សេវាកម្មនេះបច្ចុប្បន្នមានប្រជាជនអាមេរិកជាង ៨ លានគ្រួសារកំពុងតែប្រើប្រាស់ ហើយដើម្បីទទួលបានសេវាល្បឿនអ៊ិនធើណេតដ៏លឿនបែបនេះ លុះត្រាតែអ្នករស់នៅក្នុងក្រុងញូវយ៉ក, រដ្ឋ New Jersey, ទីក្រុង Philadelphia, Richmond, Virginia, Hampton Roads, Virginia, និង Boston ជាដើម៕ 

ប្រភព៖ Cnet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]