ភ្នំពេញ : យុវនារី ២នាក់ បងប្អូនបង្កើត ម្នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យរុស្ស៊ី បន្ទាប់ពីរថយន្តបែនដឹកដី មួយគ្រឿងបុកពីក្រោយ នៅតាមផ្លូវ៣៧១ ត្រង់ចំណុច មុខសាលារៀនភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ កាលពីវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២ ក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ។

នគរបាលចរាចរ ខណ្ឌមានជ័យ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ៉េន យ័ន ភេទស្រី អាយុ ១៧ឆ្នាំ ជាប្អូន ដែលអង្គុយខាងក្រោយ បានស្លាប់ ពេលបញ្ជូនសង្រ្គោះ នៅមន្ទីរពេទ្យរុស្ស៊ី។ ចំណែកអ្នករងគ្រោះបើកបរ ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1A-6834 ឈ្មោះ យ៉េន ណេង អាយុ ២០ឆ្នាំ ត្រូវជាបង ស្នាក់នៅ ភូមិប្ញស្សីទន្លេ ឃុំគគង់កើត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។

តាមអ្នកឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បាននិយាយថា រថយន្ត និងម៉ូតូ ធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង ។ រថយន្តបង្ក ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A0427 បើកបរ ដោយឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិតាឌុង ឃុំត្រាចទក ស្រុកឧដុង្គ ខេត្តកំពុងស្ពឺ ។ ក្រោយបង្ក គ្រោះថ្នាក់រួច អ្នកបើករថយន្តបង្ក បានបើករត់រហូតមកដល់ ចំណុចទីតាំងចាក់សម្រាម់ចាស់ ទើបក្រុមប្រជាការពារ និងសមត្ថកិច្ចឃាត់បញ្ចូនទៅ កាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ។

ក្រោយកើតហេតុ សមត្ថកិច្ច បានទំនាក់ទំនងក្រុមគ្រួសារ និងបញ្ជូនសពទៅធ្វើបុណ្យ នៅស្រុកកំណើត ។ ចំណែកអ្នកបើកបររថយន្ត បង្ក និងរថយន្ត ព្រមទាំងម៉ូតូ ជនរងគ្រោះ ត្រូវបានយកទៅ រក្សាទុកនៅការិយាល័យចរាចរជើងគោករាជធានី ដើម្បីដោះស្រាយតាមច្បាប់។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]