ចិន៖ បើនិយាយពីឈ្មោះ ដូនី យេន (Donnie Yen) ប្រហែលជាមិនសូវមានអ្នកស្គាល់នោះទេ ប៉ុន្តែបើនិយាយពីឈ្មោះ កុំកុំ ច្បាស់ណាស់ប្រិយមិត្តខ្មែរភាគច្រើនស្គាល់ ជាពិសេសខ្សែភាពយន្ត Ip Man ដែលគាត់សម្តែងជាតួអង្គគ្រូក្បាច់គុនយុងឈុន គ្រូបង្រៀនក្បាច់គុណរបស់ លី ស៊ាវឡុង។

ដូច្នេះមិនមាននរណាម្នាក់ភ្ញាក់ផ្អើលឡើយ ដែលនៅក្នុងជីវិតខាងក្រៅរបស់ ដូនី យេន (Donnie Yen) គាត់ចេះក្បាច់គុណចម្រុះយ៉ាងជំនាញនោះ ហើយក៏មិនសូវមាននរណាម្នាក់ហ៊ានចង់សាកកណ្តាប់ដៃជាមួយគាត់ដែរ។

ប៉ុន្តែមានមនុស្សប៉ុន្មាននាក់ បានជ្រើសរើសផ្លូវខុស ដែលហ៊ានចូលមកវាយជាមួយ ដូនី យេន (Donnie Yen) ហើយជាលទ្ធផល គឺគាត់បានប្រដៅមនុស្សចំនួន ០៨នាក់យ៉ាងចាស់ដៃក្នុងពេលតែមួយ ដល់ថ្នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ស្តាប់មើលទៅវាស្រដៀងនឹងអ្វីដែលបានកើតឡើង នៅក្នុងខ្សែភាពយន្ត Ip Man របស់គាត់ដែរ។

រឿងរ៉ាវទាំងនេះបានកើតឡើងកាលពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលលោក ដូនី យេន បានណាត់ជួបតារាសម្តែងស្រីម្នាក់ នាង Joey Meng ជាលើកដំបូង ហើយត្រូវបានគេចុះផ្សាយពាសពេញសារព័ត៌មានក្នុងទីក្រុងហុងកុង។  ស្របពេលដ៏រីករាយនោះដែរ  ក៏ស្រាប់តែមានបុរសមួយក្រុម បានព្យាយាមលូកលាន់នាង Joey Meng ហើយថែមទាំងបានព្យាយាមចង់ថតរូបជាមួយទៀតផង។

លោក ដូនី បានបដិសេធ និងបានព្រមានជាច្រើនដង ទៅមនុស្សប្រុសមួយក្រុមនោះម្តងហើយម្តងទៀត មិនឱ្យរំខានដល់ពួកគេ តែទោះជាយ៉ាងណាក៏ដោយ ការព្រមានរបស់លោក ដូចជាខ្យល់ចូលតាមត្រចៀកឆ្វេង ចេញតាមត្រចៀកស្តាំអ៊ីចឹង ហើយបុរសមួយក្រុមនោះ ថែមទាំងបានដើរតាម ពេលដែលលោក ដូនី និងនាង ម៉េង នាំគ្នាចេញពីក្លឹបថែមទៀតផង។

បុរសមួយក្រុមនោះមិនបានដឹងខ្លួនទេថា  ពួកគេបានដាស់នាគដែលកំពុងដេកឲ្យភ្ញាក់ឡើង។  លោក ដូនី បានឈានជើងចូលមកការពារកិត្តិយសមិត្តស្រីរបស់ខ្លួន  និងបានប្រដៅបុរសមួយក្រុមនោះឲ្យស្គាល់ពីមេរៀនម្តង ចំពោះអាកប្បកិរិយាមិនល្អដែលពួកគេបានធ្វើ ហើយជាលទ្ធផលគឺដេកពេទ្យទាំងអស់។

ក្រោយកើតហេតុប៉ូលិសបានឃាត់ខ្លួនលោក ដូនី មកសួរនាំ ប៉ុន្តែលោកបាននិយាយថា លោកធ្វើគឺដើម្បីការពារខ្លួនប៉ុណ្ណោះ ទើបប៉ូលិសព្រមដោះលែងលោកវិញ។  ពេលនោះវាបានក្លាយជាព័ត៌មានមួយ ដែលគេនិយាយតៗគ្នាពាសពេញទីក្រុងហុងកុង  និងជាមេរៀនដល់អ្នកដទៃទៀត មិនគួរទៅរញ៉េរញ៉ៃជាមួយមនុស្សផ្សេងទៀតឡើយ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]