រាជធានី​ភ្នំពេញ ៖ អ្នក​នាង​យក់ ឋិតរ​ដ្ឋា ពេញ​ចិត្តការ​សម្តែង​ភាពយន្ត​ណាស់​ដែរ ដោយ​គិត​ថា បើ​មាន​ពេលវេលា​ល្អ​ នាង​អាច​ចូលរួម​សម្តែង ខណៈ​ទីផ្សារ​ភាពយន្ត​ងើបឡើង ។

តារាចម្រៀង​អ្នក​នាង​យក់ ឋិតរ​ដ្ឋា បាន​តាំង​ជំហរ​ថា ប្រសិនបើ​អាច​នាង​នឹង​សម្តែង​ភាពយន្ត​ឲ្យ​បាន​ច្រើន​គ្រា​ដែល​នាង​កំពុង​មើលឃើញ​ថា​ទីផ្សារ​ភាពយន្ត​ខ្មែរ​កំពុង​រីក​ឡើងជា​លំដាប់ ។ យក់ ឋិតរ​ដ្ឋា មាន​គោល​គំនិត​បែប​នេះ​ព្រោះតែ​យល់​ថា នាង​ធ្លាប់​សម្តែង​ភាពយន្ត​បាន​ប៉ុន្មាន​រឿង​ដែរ កាលពី​អំឡុង​ពេល​នាង​កំពុង​ពេញ​ល្បី​និង​មិន​ទាន់​រៀប​ការ ។ ស្រប​ពេល​ការងារ​សម្តែង​ភាពយន្ត​កាន់តែ​សម្បូរ និង​ប្រាក់​កម្រៃ​លើស​ពី​សម័យ​មុន ធ្វើ​ឲ្យ​យក់ ឋិតរ​ដ្ឋា ចង់​សាកល្បង​បង្ហាញ​ទេព​កោសល្យ​សម្តែង ។

អ្នក​នាង​យក់ ឋិតរ​ដ្ឋា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​ការ​សម្តែង​ភាពយន្ត​នាង​ខ្ញុំ​មាន​ចំណូលចិត្ត​និង​ចង់​បង្ហាញ​ស្នាដៃ​នៃ​ការ​សម្តែង​នេះ​ផង​ដែរ ដោយ​យល់​ថា​ទីផ្សារ​ភាពយន្ត​នៅ​កម្ពុជា​យើង​សព្វថ្ងៃ​មានការ​រីក​លូតលាស់​ល្អ រាប់​ទាំង​ប្រភេទ​បច្ចេកទេស និង​កា​ម៉ា​រ៉ា​ក៏​មើលទៅ​អាច​ប្រជែង​ជាមួយ​គេឯង​បាន​ដែរ ។ ដូច​ដឹង​ហើយពី​មុន​មិន​ត្រឹមតែ​បាន​ច្រៀង​ជា​តារាចម្រៀង​នោះ​ទេ នាង​ខ្ញុំ​ក៏​ធ្លាប់​សម្តែង​កុន​ជា​ខ្សែភាពយន្ត​បាន​ប៉ុន្មាន​រឿង​ដែរ ទើប​គិត​ថា​អាច​ទៅ​រួច បើ​ទោះជា​ខកខាន​យូរ​ក៏​អាច​សម្តែង​បាន ព្រោះ​ថត​រឿង និង​ខារ៉ាអូខេ​មិនសូវ​ជា​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ ប្រហាក់ប្រហែល​គ្នា​ច្រើន​ដែរ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការងារ​សម្តែង​កុន​នេះ​អាច ស្ថិត​លើ​ពេលវេលា​គ្រប់គ្រាន់ ប្រសិនបើ​មាន​ពេល​នាង​សម្តែង​តែបើ​អត់​ពេល​ទុក​ឲ្យ​អ្នក​អាជីព​គេ​បន្តការងារ​នេះ​សិន​ចុះ ព្រោះ​នាង​ខ្ញុំ​ត្រូវ​មាន​បទ​ចម្រៀង ថ្មី​ៗ​ជា​ច្រើន​ទៀត​សម្រាប់​ថត​ឱ្យ​ផលិតកម្ម​ថោ​ន និង​រៀន​ស្ទីល​បញ្ចេញ​ក្បាច់​រាំ ថ្មី​ៗ​ទៀត​ដើម្បី​បង្ហាញ​អ្នកគាំទ្រ និង​ដើម្បី​ឲ្យ​មើលទៅ​សមសួន​ជា​តារាចម្រៀង ព្រោះ​នាង​ខ្ញុំ​មាន​ក្រុម​រាំ​នឹង​គេ​ដែរ​សម្រាប់​ឡើង​ឆាក​ហើយ​ទាល់តែ​មានការ​រាំ ប្លែក​ៗៗ​ទើប​ល្អ​ភ្នែក​អ្នក​ទស្សនា ។

ក្រៅពី​នេះ​នាង​ខ្ញុំ​ក៏​ត្រូវ​ចំណាយពេល​មើលថែរ​កូន និង​ស្វាមី ព្រមទាំង​មុខរបរ​ប្រចាំ​ថ្ងៃ​ទើប​មិន​ទាន់​គិត​ថា សម្តែង​បាន ឬ​អត់ តែ​ចិត្ត​ពិតជា​ចង់​ជួយ​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​យើង​ដូច​បណ្តា​សិល្បករ​មួយ​ចំនួន​ផង​ដែរ ព្រោះ​ទាំងនេះ​សុទ្ធតែ​ជា​សិល្បៈ និង​ផ្តល់​កិត្តិយស​ឲ្យ​យើង​ដូច​គ្នា​មិន​ថា តែ​បទ​ចម្រៀង​នោះ​ទេ » ។

ចាប់តាំងពី​ចូល​ផលិតកម្ម​ថោ​ន​មក យក់ ឋិតរ​ដ្ឋា មានកេរ្តិ៍ឈ្មោះ​ងើបឡើង​វិញ​ព្រោះ​មាន​បទ​ចម្រៀង ល្អ​ៗ​ប្រជែង​តារា​ឯទៀត ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា