អូស្ត្រាលី៖ កីឡាករប្រដាល់លំដាប់ពិភពលោក និងមានរហស្សនាមជាស្តេចប្រដាល់របស់ប្រទេសហ្វីលីពីន Manny Pacquiao បានធ្វើដំណើរមកដល់ប្រទេសអូស្រ្តាលីហើយ ក្នុងគោលបំណងផ្សព្វផ្សាយ និងឃោសនាការប្រកួតរបស់ខ្លួន ជាមួយនឹងកីឡាករប្រដាល់សញ្ជាតិអូស្ត្រាលី Jeff Horn ។ 

អ្នកប្រដាល់សញ្ជាតិហ្វីលីពីន Pacquiao នឹងត្រូវការពារខ្សែក្រវ៉ាត់ WBO World Welterweight របស់ខ្លួន ទល់នឹង Jeff Horn នៅក្នុងកីឡដ្ឋាន Suncorp នៃទីក្រុង Brisbane ប្រទេសអូស្រ្តាលី នៅថ្ងៃទី០២ ខែកក្កដា ខាងមុខនេះ។

គួរឲ្យដឹងថា នេះជាលើកដំបូងដែល Pacquiao នឹងធ្វើការប្រកួតនៅក្នុងទឹកដីប្រទេសអូស្ត្រាលី ហើយក្នុងដំណើរទស្សនកិច្ចចុះមកឃោសនាការប្រកួតលើកនេះ អ្នកប្រដាល់វ័យ៣៨ឆ្នាំរូបនេះ ក៏បានជួបជាមួយអ្នកគាំទ្រ ដែលជាជនជាតិអូស្រ្តាលីជាច្រើននាក់ផងដែរ។

ក្នុងឱកាសទស្សនកិច្ចផ្សព្វផ្សាយការប្រកួតនេះ Pacquiao បានបង្កើតនូវសកម្មភាពជាច្រើនជុំវិញអ្នកគាំទ្ររបស់ខ្លួន ដោយក្នុងនោះ គេសង្កេតឃើញ កីឡាករប្រដាល់រូបនេះ ឡើងសម និងបង្ហាញបច្ចេកទេសលើសង្វៀន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍លើសពីនេះទៀតនោះ គឺ Pacquiao ក៏បានឈរថតរូបជាមួយសត្វខ្លាឃ្មុំ Koala និងសត្វកង់ហ្គូរុ ដែលជាប្រភេទសត្វដែលសំបូរជាងគេនៅក្នុងប្រទេសអូស្រ្តាលីទៀតផង។ 

ពាក់ព័ន្ធនឹងទំនុកចិត្តក្នុងការប្រកួតខាងមុខនេះ Pacquiao បានថ្លែងប្រាប់អ្នកសារព័ត៌មានរបស់ប្រទេសអូស្រ្តាលីឲ្យដឹងថា «បទពិសោធន៍ ជារឿងសំខាន់! ខ្ញុំមិនមានអំនួតអ្វីនោះទេ ប៉ុន្តែគ្រប់ការប្រកួត និងរាល់កំណត់ត្រារបស់់ខ្ញុំទាំងអស់ អ្នកទាំងអស់គ្នាប្រាកដជាបានដឹងហើយ»

ដូច្នេះចាំមើលថា នៅថ្ងៃទី០២ ខែកក្កដាខាងមុខនេះ តើ Pacquiao អាចការពារខ្សែក្រវ៉ាត់របស់ខ្លួនបានសម្រេចដែរឬទេ? 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]