ខេត្តសៀមរាប ៖ ក្រុមក្មេងស្ទាវ២ក្រុម បានជិះម៉ូតូដេញកាប់គ្នាផ្អើលសមត្ថកិច្ច និងប្រជាពលរដ្ឋស្រុកបន្ទាយស្រីទាំងយប់ ក្រុមម្ខាងមានគ្នា១៥នាក់ និងម្ខាងទៀតមានគ្នា៦នាក់ អ្នកឈ្នះរត់បាត់ អ្នកចាញ់ត្រូវរបួសធ្ងន់ម្នាក់ រួចបញ្ជូនទៅដល់ពាក់កណ្តាលផ្លូវ ក៏ស្លាប់បាត់ទៅ។
ហេតុការណ៍ដេញកាប់គ្នា ផ្អើលពេញស្រុកបន្ទាយស្រីនោះ បានកើតឡើងកាលពីវេលាម៉ោង២៣និង៤០នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦៧ ក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
តាមប្រភពពីកម្លាំង កងរាជអាវុធហត្ថខេត្ត បានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី២៦ មេសា នេះថា មានករណីឃាតកម្មបង្កឡើង ដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ ដោយមានគ្នាប្រហែល ១៥នាក់ បានជិះម៉ូតូយកដាវសាំម៉ូរៃ ដេញកាប់ទៅលើជនរងគ្រោះមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿង យ៉ាងអនាធិបតេយ្យ ពេញបណ្តោយផ្លូវលេខ៦៧ ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្តាលឱ្យត្រូវរបួសធ្ងន់ រួចបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែបានស្លាប់បាត់បង់ ជីវិតនៅពាក់កណ្តាលផ្លូវ។
ប្រភពបានបន្តថា ជនរងគ្រោះដែលស្លាប់នោះឈ្មោះ ហៃ ស៊ីណេត ភេទប្រុស អាយុ១៨ឆ្នាំ ជាទាហានកងពលធំលេខ២ ស្នាក់នៅក្នុងបន្ទាយ ត្រូវរបួសជាច្រើនកន្លែង ពេលបញ្ជូនទៅមន្ទីរពេទ្យ ជនរងគ្រោះក៏បានស្លាប់តាមផ្លូវបាត់។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវសមត្ថកិច្ចជំនាញប្រគល់ឱ្យ ក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ។ ចំណែកឯជនដៃដល់ទាំង១៥នាក់នោះត្រូវកម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ចុះស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យ ចាប់យកមកធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]