ឥណ្ឌា៖  សារព័ត៌មាន CGTN របស់ចិន បានចុះផ្សាយកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ថា លោកយាយ Mastanamma វ័យ ១០៦ឆ្នាំ រស់នៅក្នុងទីក្រុង Gudivada រដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា បានក្លាយទៅជាចំណាប់អារម្មណ៍ដ៏សំខាន់មួយ របស់អ្នកនិយមលេងអ៊ិនធើណេត ជាមួយនឹងវីដេអូនៃការចម្អិនអាហាររបស់គាត់។

ប្រភព័ត៌មានបានឲ្យដឹងថា វីដេអូរបស់លោកយាយ ត្រូវបានបង្ហោះនៅលើវេបសាយយូធូប (YouTube) និងមានអ្នកចូលទស្សនារាប់លានដងឯណោះ។ ហើយលោកយាយទើបតែប្រារព្ធខួបកំណើតទី ១០៦ឆ្នាំ កាលពីខែមុន នៅពេលនេះ លោកយាយមានហេតុផលមួយទៀត ដើម្បីធ្វើការអបអរសារទរ ដោយសារតែគណនី YouTube របស់លោកយាយ មានអ្នកតាមដាន (Subscriber) ចំនួន២៤០ ០០០ នាក់ផងដែរ។

វីដេអូទាំងអស់នោះ គឺត្រូវបានបង្ហោះដោយចៅប្រុសរបស់លោកយាយផ្ទាល់ ឈ្មោះ Laxman  បង្ហាញពីសកម្មភាពរបស់លោកយាយ ចម្អិនមុខម្ហូបប្លែកៗ គួរឲ្យចង់ទទួលទាន ពោរពេញដោយជំនាញ តាមលក្ខណៈប្រពៃណី ចាប់តាំងពីមុខម្ហូប មាន់ដុតឪឡឹក រហូតដល់ បាយស៊ុតចៀន សាមញ្ញៗ ជាដើម។

លោកយាយ Mastanamma បានថ្លែងប្រាប់ ទូរទស្សន៍ Barcroft TV ថា “លោកយាយសប្បាយចិត្ត ក្នុងការប្រាប់ទៅមនុស្សគ្រប់គ្នា ពីរបៀបចម្អិនអាហារតាមបែបប្រពៃណីបុរាណ ហើយវិជ្ជាទាំងអស់នេះ គឺលោកយាយបានរៀនកាលពីពេលដែលគាត់នៅក្មេង មកម្ល៉េះ”៕

ចង់ដឹងថា ម្ហូបអាហារដែលលោកយាយចម្អិន គួរឲ្យចង់ញ៉ាំប៉ុណ្ណា ទៅមើលវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ប្រភព៖ CGTN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]