(ពោធិ៍សាត់)៖ ស្ត្រីម្នាក់ត្រឡប់មកពីមើលចំការ ជាមួយប្តី និងប្អូន ស្រាប់តែឈឺពោះសម្រាលកូនលើផ្លូវទាំងកណ្ដាលអាធ្រាត្រ បានការជួយអន្តរាគមន៍ពីអាវុធហត្ថស្រុកភ្នំក្រវាញទាន់ពេលវេលា។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក ចាន់ សុខា មេបញ្ជាាការមូលដ្ឋានអាវុធហត្ថស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ស្ត្រីសម្រាលកូនទាំងកណ្ដាលអធ្រាត្រ នៅលើផ្លូវនោះ មានឈ្មោះ ឯល នឿន អាយុ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកមេបញ្ជាការបន្តថា មុនពេលកើតរូបលោក បានដឹកនាំកម្លាំងចេញល្បាតនូវពេលយប់ ស្រាប់តែប្រទះឃើញស្ត្រីខាងលើកំពុងឈើពោះសម្រាលកូនទាំងកណ្ដាលអធ្រាត្រ នៅពេលត្រឡប់មកពីមើលចំការជាមួយប្អូន ហើយនិងប្តី។

ភ្លាមនោះកម្លាំងរបស់លោកបានជួយអន្តរាគមន៍ទៅក្រុមគ្រូពេទ្យមណ្ឌលសុខភាពសំរោង ដើម្បីដឹកស្ត្រីនោះមកមណ្ឌលសុខភាព។ តែមិនទាន់បានដឹកទៅផង ស្រាប់តែគ្រូពេទ្យមកដល់ ស្ត្រីនោះបានឆ្លងទន្លេបានកូនស្រីដោយសុវត្ថិភាព ទាំងម្តាយ និងកូនបាត់ទៅហើយ។

បច្ចុប្បន្នស្ត្រីនោះ បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ។ ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវ ទៅដល់គ្រប់ស្ត្រីទាំងអស់ នៅពេលជិតគ្រប់ខែឆ្លងទន្លេ ត្រូវមកមណ្ឌលសុខភាព ដើម្បីពិនិត្យសុខភាព និងពិគ្រោះយោបល់ ជៀសវាងឆកល្វែង និងមានគ្រោះថ្នាក់ដល់អាយុជីវិត៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]