រាជធានីភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែងខណៈដែលយប់ស្ងាត់រំលងអធ្រាត្រស្រាប់តែត្រូវបានជនល្មើសធ្វើសកម្មភាពដោះកញ្ចក់ទ្វារក្រោយចូលទៅយកកូនសោចាក់លួចម៉ូតូមួយគ្រឿងនិងម៉ាញ៉េមួយគ្រឿងយកទៅបាត់ដោយសុវត្តិភាព ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះល្វែងអត់លេខមួយកន្លែង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ម្ចាស់ផ្ទះមានឈ្មោះ យូ សុភណ្ឌ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់បាយស្រូប និងលក់នំបុ័ង ស្នាក់កន្លែងកើតហេតុខាងលើមានស្រុកកំណើតនៅភូមិមានជ័យ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកឯម៉ូតូដែលជនល្មើសលួចយកទៅនោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-0629 និងម៉ាញ៉េមួយគ្រឿងទៀត ។
បើតាមសម្តីបុរសជាម្ចាស់ផ្ទះបានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគាត់រួមទាំងគ្រួសារប្រាំនាក់ទៀតបានឡើងទៅគេងនៅឯជាន់ទីមួយទាំងអស់គ្នារួចបានចាក់សោទ្វារនិងសោម៉ូតូទុកកូនសោនៅលើទូរកញ្ចក់ដែលនៅជាន់ផ្ទាល់ដី លុះដល់វេលាកើតហេតុគាត់បានងើបធ្វើនំបុ័ងលក់នៅជាន់ទីមួយសម្រាប់លក់ពេលព្រឹក ខណៈនោះស្រាប់តែឮសំលេងសន្ធឹកម៉ូតូជិះចេញពីផ្ទះរបស់គាត់ក៏បានចុះមកមើលស្រាប់តែឃើញទ្វារខាងមុខផ្ទះចំហ ទើបដឹងថាជនល្មើសបានធ្វើសកម្មភាពផ្លោះរបងតាមផ្លូវក្រោយ និងដោះកញ្ចក់ទ្វារក្រោយដើម្បីបើកកន្លឹះទ្វារចូលលួចម៉ូតូមួយគ្រឿង និងម៉ាញ៉េមួយគ្រឿងទៀតចេញទៅតាមទ្វារមុខបាត់ដោយសុវត្ថិភាព។
បើតាមសម្តីប្រជាពលរដ្ឋដែលនៅជិតនោះបានឱ្យដឹងថា មូលដ្ឋានរបស់ពួកគាត់តែងតែមានករណីដូចខាងកើតឡើងជាញឹកញាប់តែមិនទាន់ឃើញមានសមត្ថកិច្ចធ្វើការបង្គាប់បាននៅឡើយទេ។ ក្រោយពេលកើតហេតុបុរសជាម្ចាស់ផ្ទះរង់ចាំព្រឹកឡើងទើបទៅដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញា ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]