ជាធម្មតាការសិក្សានៅក្នុងសាកលវិទ្យាល័យរបស់និស្សិត គឺជៀសមិនផុតឡើយ ពីការធើ្វការងារសាលា ដែលជាទូទៅគេតែងហៅថា (Assignment) ដែលវាជាផែ្នកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ក្នុងការសិក្សា ក៏ដូចជាអាចពង្រឹងសមត្ថភាពរបស់និស្សិត ជាពិសេសនោះ ទទួលបានពិន្ទុល្អនៅពេលដែលបញ្ចប់ឆមាសម្ដងៗ។

យ៉ាងណាក្ដី ការធើ្វកិច្ចការងារសាលា ដែលសាស្រ្ដាចារ្យបានដាក់ឲ្យនោះ ជានិច្ចកាលក៏មានការបែងចែកផងដែរ គឺការធើ្វកិច្ចការងារជាក្រុម និងការងារធើ្វដោយខ្លួនឯង ប៉ុន្ដែសង្កេតឃើញថា ភាគច្រើនគឺការធើ្វការងារជាក្រុម តែងតែមានច្រើនជាងការងារជាទោល។ ក្នុងនោះផងដែរ និសិ្សតមួយចំនួនយល់ឃើញថា ការធើ្វការងារជាក្រុម គឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើន ខណៈនិស្សិតមួយចំនួនក៏យល់ឃើញថា ទន្ទឹមនឹងការផ្ដល់អត្ថប្រយោជន៍ ការធើ្វការជាក្រុមពេលខ្លះ បានផ្ដល់ផលវិបាកដល់និស្សិតមួយចំនួនផងដែរ។

រូបតំណាង

ក្នុងឱកាសនេះ គេហទំព័រ Khmerload នឹងលើកយកនូវមតិយល់ឃើញរបស់និស្សិតចំនួន ៣រូប ជុំវិញប្រធានបទខាងលើ ដែលពួកគេស្ម័គ្រចិត្តចែករំលែកនូវមតិយល់ឃើញរបស់ពួកគេជូនដល់ប្រិយមិត្តឲ្យបានជ្រាប៖   

ជាដំបូងនេះ ជួបនឹងកញ្ញា «ជិន វួចលាង» អាយុ២៤ឆ្នាំ ដែលសព្វថៃ្ងកញ្ញា គឺជាបុគ្គលិកធើ្វការក្នុងក្រុមហ៊ុនឯកជនមួយ ហើយក៏ជានិស្សិតសិក្សាថ្នាក់បរិញ្ញាប័ត្រ ឆ្នាំទី១ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដ ផងដែរ។

កញ្ញាបានឆ្លើយតបទៅកាន់ប្រធានបទខាងលើថា៖ «ចំពោះខ្ញុំ ការធើ្វកិច្ចការងារជាក្រុមគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះខ្ញុំធើ្វការផង សិក្សាផង ដូច្នេះហើយខ្ញុំអាចមានពេលវេលាធើ្វអ្វីផ្សេងបាន ព្រោះមុខវិជ្ជាមានច្រើន ការងារខ្ញុំក៏ច្រើនដែរ ដូច្នេះហើយខ្ញុំអាចឲ្យមិត្ដភក្ដិរបស់ខ្ញុំជួយធើ្វ ពោលគឺនៅពេលដែលមានការជួបប្រជុំគ្នា ខ្ញុំគ្រាន់តែស្រាវជ្រាវបន្ដិចបន្ដួចដើម្បីជួយជាចំនុចខ្លះៗក្នុងពេលដែលជួបប្រជុំគ្នា គឺបានហើយ» ។

ទោះជាមានគុណសម្បត្ដិបែបនេះមែន ក៏កញ្ញាបានត្អូញត្អែរអំពីចំនុចមួយចំនួន ទាក់ទងនឹងការធើ្វកិច្ចការងារជាក្រុម ដែលកញ្ញាបានលើកឡើងថា៖ «ការធើ្វការងារជាក្រុមគឺពិតជាល្អមែន តែពេលខ្លះសមាជិកក្នុងក្រុមមិនមានការសហការគ្នាឲ្យល្អ ធើ្វឲ្យកិច្ចការមានភាពយឺតយ៉ាវ និងមិនបានល្អ ហើយពេលខ្លះ ក៏អាចនឹងត្រូវមាត់របស់សាស្រ្ដាចារ្យថែមទៀតផង»។ 

កញ្ញាបានបន្ថែមថា៖ «បើចង់ធើ្វកិច្ចការងារជាក្រុមបានល្អ សមាជិកក្នុងក្រុមត្រូវតែកំណត់ពេលវេលាក្នុងការធើ្វកិច្ចការនោះឲ្យបានជាក់លាក់ ដូច្នេះការងារនឹងប្រព្រឹត្ដិទៅដោយរលូន នឹងទាន់ពេលវេលា» ។ 

រូបភាព៖ និស្សិត «វួច លាង»

ស្ថិតក្នុងវ័យ ២៨ឆ្នាំ បម្រើការងារឲ្យក្រុមហ៊ុនឯកជន ផង សិក្សាផងដែរនោះ បងប្រុស «សែល សុភ័ក្រ្ដ» ជានិស្សិតឆ្នាំទី១ ផែ្នក Mass Media នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដ បានប្រាប់ Khmerload ឲ្យដឹងថា៖ «ជាក់សែ្ដង ការធើ្វកិច្ចការងារជាក្រុម មានគុណសម្បត្ដិច្រើនដូចជា អាចបានគំនិតច្រើនពីសមាជិករបស់យើង អាចរៀនពីមនុស្សជុំវិញខ្លួន ក៏ដូចជាអាចសិក្សាស្រាវជ្រាវបានពីប្រធានបទដែលសាស្រ្ដាចារ្យដាក់ឲ្យធើ្វផងដែរ» ។

ចំពោះគុណវិបត្ដិជុំវិញប្រធានបទនេះ បងប្រុសបាននិយាយថា៖ «មនុស្សភាគច្រើនពេលខ្លះ គឺគាត់អត់ខ្វាយខ្វល់ជាមួយនឹងការងារនោះទេ ដោយសារតែគាត់គិតថា កិច្ចការនោះ គឺមានសមាជិកអាចធើ្វជំនួសគាត់ហើយ ជាពិសេសគឺនៅពេលដែលបានពិន្ទុ គឺគាត់មានពិន្ទុស្មើនឹងអ្នកដែលខំធើ្វដែរ ដូច្នេះធើ្វឲ្យគាត់មិនខ្ចីខ្វល់ពីការងារទាំងឡាយដែលគាត់ត្រូវធើ្វ ខណៈចំនុចមួយទៀតគឺការមិនយល់ពីគ្នា ដែលធើ្វឲ្យបាត់បង់ស្មារតីជាក្រុម ធើ្វឲ្យការងារមិនល្អ»។ 

បងប្រុសបានបន្ថែមថា៖ «ការបែងចែកការងារឲ្យសមាជិកម្នាក់ៗ សិក្សាស្រាវជ្រាវ ការពិភាក្សាជាក្រុម នឹងការកំណត់ពេលវេលាក្នុងបញ្ចប់កិច្ចការងារ គឺជាវិធីសាស្រ្ដដែលខ្ញុំតែងតែអនុវត្ដ ហើយទទួលបានជោគជ័យជារឿយៗ ដូច្នេះខ្ញុំគិតថា វិធីសាស្រ្ដទាំងនេះអាចជួយឲ្យកិច្ចការងារធើ្វជាក្រុមប្រព្រឹត្ដិទៅប្រកបដោយភាពជោគជ័យ»

ក្នុងឱកាសនេះផងដែរ បងប្រុសក៏បានផ្ដាំផ្ញើរដល់និស្សិតទាំងអស់ឲ្យបានជ្រាបថា៖ «មិនថាការងារជាក្រុម ក៏ដូចជាការងារទោលឡើយ គឺនិស្សិតម្នាក់ៗត្រូវតែខំប្រឹង មិនត្រូវប្រលែងដៃឡើយ ព្រោះថាចំណេះវិជ្ជាគឺស្ដែងចេញពីបុគ្គល ពោលពេលដែលធើ្វការងារជាក្រុម សមាជិកនីមួយៗមិនអាចកំណត់ថា សមត្ថភាពពួកគេមានប៉ុនណានោះឡើយ ដូច្នេះហើយនិស្សិតគួរបញ្ចេញឲ្យអស់ពីសមត្ថភាព ពេលនោះគេនឹងដឹងថា សមត្ថភាពរបស់និស្សិតនោះមានប៉ុនណា គឺដឹងតាមរយៈការធើ្វស្រាវជ្រាវ ក៏ដូចជាពេលប្រជុំក្រុម»។  

ងាកទៅរកយុវជនចុងក្រោយ ដែលជានិស្សិតផែ្នកស្ថាបត្យកម្ម ឆ្នាំទី៣ នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ឈ្មោះ «លីម សុថណ្ណរ័ត្ន» អាយុ២០ឆ្នាំ បានថែ្លងប្រាប់ Khmerload ដោយទឹកមុខស្រស់ស្រាយថា៖ «ជាដំបូង ការធើ្វការងារជាក្រុមគឺយើងអាចទទួលបានបទពិសោធន៍ នឹងចំណេះដឹងខ្លះពីមិត្ដភក្ដិដែលជាសមាជិកក្នុងក្រុម ហើយធើ្វឲ្យយើងចេះសាមគ្គីក្នុងក្រុម ណាមួយធើ្វឲ្យយើងដឹងពីស្ថានភាពថាពេលណាយើងអាចលើកនូវគំនិតដែលយើងយល់ពីប្រធានបទ ដែលគ្រូបានដាក់ឲ្យ ហើយនៅពេលណាដែលយើងមិនគួរលើក ជាពិសេសគឺយើងយល់ពីទឹកចិត្ដសមាជិកនីមួយៗក្នុងក្រុម ថាតើពួកគេអាចបញ្ចេញមតិបានកម្រិតណាដែរ»។ 

ទន្ទឹមនឹងគុណសម្បត្ដិ ក្នុងនោះក៏មានគុណវិបត្ដិផងដែរ ដែលយុវជនមានស្រុកកំណើតមកពីខេត្ដកំពង់ចាម ក៏លើកឡើងបន្ថែមថា៖ «ពេលខ្លះវាពិបាកត្រង់ថា ចិត្ដរបស់មនុស្សគឺខុសៗគ្នា នៅពេលដែលយើងបញ្ចេញមតិទៅ ពេលខ្លះអាចមានគេថា យើងចេះតែឯង មួយទៀតគឺការបញ្ចាំគ្នា។ យើងមិនអាចបង្ខំឲ្យសមាជិកក្នុងក្រុមឲ្យធើ្វកិច្ចការងារទេ តែយើងមានល័ក្ខខណ្ឌសម្រាប់ពួកគេ គឺបើគាត់មិនជួយការងារក្នុងក្រុមបន្ដិចសោះ សម្រាប់ខ្ញុំ គឺនឹងលុបឈ្មោះគាត់ចេញពីក្រុមតែម្ដង»។ 

សុថណ្ណរ័ត្ន ក៏បានបន្ថែមថា៖ «សូមឲ្យយុវជន ក៏ដូចជានិស្សិត ធើ្វយ៉ាងណាបើកចិត្ដឲ្យទូលាយ រាល់ពេលដែលយើងធើ្វការងារជាក្រុម ទទួលយកចំណេះដឹង បទពិសោធន៍ពីសមាជិកក្នុងក្រុម នឹងចែករំលែកចំណេះដឹងដែលយើងមានដល់សមាជិកក្នុងក្រុមរបស់យើង ហើយខ្ញុំក៏សង្ឃឹមថាកិច្ចការងារជាក្រុមទាំងឡាយ នឹងជួយឲ្យអ្នករាល់គ្នាទទួលបានជោគជ័យ»។ 

ជាចុងក្រោយ ដោយយោងតាមការរៀបរាប់របស់និស្សិតទាំង៣ ខាងលើ គឺអាចឲ្យយើងដឹងបានថា តើកិច្ចការងារធើ្វជាក្រុមមានផលវិបាក ក៏ដូចជាភាពងាយស្រួលយ៉ាងណាដល់និស្សិត។ យ៉ាងណាមិញ នេះគ្រាន់តែជាការយល់ឃើញ ក៏ដូចជាការបញ្ចេញមតិរបស់និស្សិតខាងលើតែប៉ុណ្ណោះ។ Khmerload សង្ឃឹមថា អត្ថបទមួយនេះនឹងអាចជួយពង្រឹងស្មារតីដល់និស្សិត ក្នុងការធើ្វកិច្ចការងារសាលាឲ្យបានល្អ នឹងទទួលបានជោគជ័យផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]