ហ្វីលីពីន៖ កីឡាករប្រដាល់ក្នុងទ្រុង ចាន់ រតនា ដែលបានទៅចូលរួមប្រកួតក្នុងព្រឹត្ដិកាណ៍ ONE FC Championship នៅប្រទេសហ្វីលីពីន កាលពីសប្ដាហ៍មុននេះ បានជួបផ្ទាល់ជាមួយនឹងស្ដេចប្រដាល់របស់ហ្វីលីពីន Many Pacquiao ក្នុងអំឡុងពេលដែលរូបគេត្រៀមនឹងប្រកួតជាមួយកីឡាករចិន Xie Bin ។

ក្នុងជំនួបរវាងអ្នកទាំង២ ពួកគេបានចែករំលែកនូវបទពិសោធន៏ ក៏ដូចជាការសំណេះសំណាលគ្នាបន្ដិចបន្ដួច ហើយក៏បានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។ 

គួរឲ្យដឹងផងដែរថា កាលពីថៃ្ងសុក្រ សប្ដាហ៍មុន ក្នុងការប្រកួតវាយក្នុងទ្រុង នៃព្រឹត្ដិការណ៍ ONE FC Championship : KINGS OF DESTINY នៅទីក្រុង Manila ប្រទេសហ្វីលីពីន កីឡាករវាយក្នុងទ្រុងកម្ពុជា ចាន់ រតនា បានបរាជ័យក្រោមស្នាដៃកីឡាករចិន Xie Bin នៃការប្រកួត ក្នុងទឹក២ ដែល រតនា ភ្លាត់ស្នៀតចូលឃ្លេរបស់កីឡាករចិន ដោយពិបាកដកដង្ហើមក៏បានគោះដៃសុំចុះចាញ់តែម្ដង ។

ចាន់ រតនា ធ្លាប់ប្រកួតប្រដាល់សេរីបានរហូតដល់៩០ដង ក្នុងនោះក៏មានការប្រកួតជាលក្ខណៈអន្តរជាតិផងដែរ។ ក្រៅពីសាងកេរ្តិ៍ឈ្មោះល្បីលើសង្វៀនប្រដាល់សេរីអស់រយៈពេលជាច្រើនឆ្នាំ កីឡាកររូបនេះបានឃ្លាតឆ្ងាយពីប្រដាល់សេរី ប៉ុន្តែបែរជាលេចមុខប្រកួតក្នុងស្ថាប័នអន្តរជាតិ One FC Championship កាលពីខែកញ្ញាឆ្នាំ២០១៤ ដោយគិតមកដល់ពេលនេះ រូបគេបានឡើងសង្វៀនប្រកួតបាន៥ដងមកហើយ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]