មនុស្សភាគច្រើនជឿថា កត្តាហ្សែនជាមូលហេតុចំបង ដែលបណ្តាលឲ្យមនុស្សយើងមានបញ្ហាចាស់មុនអាយុ។ ប៉ុន្តែជាក់ស្តែង អ្នកប្រហែលជាមិនដឹងទេថា ទម្លាប់ប្រចាំថ្ងៃធម្មតាៗមួយចំនួន ក៏មានចំណែកធ្វើឲ្យអ្នកប្រែជាចាស់មុនអាយុបានយ៉ាងងាយដែរ។

ចង់ដឹងថាមាន សកម្មភាពបែបណាខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

១. ទទួលទានអាហារមានជាតិខ្លាញ់ទាប

ដើម្បីការពារភាពជ្រីវជ្រួញ មនុស្សយើងត្រូវតែទទួលទានអាស៊ីតអូមេហ្គា ៣ ឲ្យបានគ្រប់គ្រាន់ ដើម្បីជួយទ្រទ្រង់ និងជួយឲ្យស្បែករលោងស្អាតបាន។ ហេតុនេះ ប្រសិនបើអ្នកទទួលទានតែអាហារគ្មានជាតិខ្លាញ់ ឬមានជាតិខ្លាញ់ទាបពេក អ្នកកំពុងតែបំផ្លាញសម្រស់ស្បែក របស់អ្នកហើយ។

២. ប្រើបំពង់ប៊ឺតញឹកញាប់

ការឧស្សាហ៍ប្រើបំពង់ប៊ឺត អាចធ្វើឲ្យបបូរមាត់អ្នកប្រឹង និងអាចបង្កជាស្នាមបន្ទាត់ជុំវិញមាត់។ រីឯការជក់បារី ក៏មិនខុសគ្នាដែរ។ ហេតុនេះ សូមអ្នកព្យាយាមញ៉ាំផ្ទាល់នឹងមាត់កែវ និងឈប់ជក់បារីជាបន្ទាន់ ទើបជាការប្រសើរ។

៣. គេងផ្អៀង

ការដែលអ្នកគេងផ្អៀង វាអាចបណ្តាលឲ្យមុខអ្នកកំពិតទៅនឹងខ្នើយ អាចបង្កជាស្នាមជ្រួញតាមថ្ពាល់ និងចង្ការ។ ហេតុនេះ ការគេងផ្ងារទើបជាជម្រើសល្អបំផុត ដើម្បីឲ្យអ្នកនៅតែក្មេង និងមានអារម្មណ៍ស្រស់ស្រាយថែមទៀត។

៤. អង្គុយ ឬឈរមិនត្រង់ខ្លួន

ឥរិយាបង ដេក ដើរ ឈរ អង្គុយ ដែលមិនត្រឹមត្រូវ អាចបណ្តាលឲ្យឆ្អឹង និងសាច់ដុំរាងកាយអ្នក ប្រែជាមិនប្រក្រតីបាន។ វាអាចបណ្តាលឲ្យមានការឈឺចាប់ និងអស់កម្លាំង រហូតធ្វើឲ្យអ្នកបាក់សម្រស់បានដោយងាយ។

៥. មិនសូវប្រើឡេការពារកម្តៅថ្ងៃ

កាំរស្មី UV របស់ព្រះអាទិត្យជាកត្តាដ៏ចំបង ដែលធ្វើឲ្យស្បែកប្រែជាចាស់មុនអាយុ។ ហេតុនេះដើម្បីការពារខ្លួន អ្នកត្រូវតែលាបឡេការពារកម្តៅថ្ងៃ ឲ្យបានជាប់ ទោះបីជាមេឃមិនសូវក្តៅក៏ដោយ ពីព្រោះទោះបីជាមេឃស្រទុំ ក៏មានកាំរស្មី UV ២០% ដែរ។

៦. មិនទទួលទានអាហារមានជាតិស្ករ

យើងដឹងថា ការទទួលទានជាតិស្ករ ច្រើនលើសលុបពេក មិនល្អសម្រាប់សុខភាពឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកមិនទទួលទានអាហារផ្អែមៗ ខ្លះទេនោះ វាក៏មិនល្អសម្រាប់សុខភាព និងសម្រស់របស់អ្នកឡើយ។

៧. មើលទូរទស្សន៍ច្រើនពេក

ការសិក្សាមួយបានរកឃើញថា ការចំណាយមួយម៉ោង មើលទូរទស្សន៍ អាចខាតអាយុ ២២ នាទីឯណោះ។ ហេតុនេះ មិនថាអ្នកមើលទូរទស្សន៍ ឬអង្គុយធ្វើការ នោះទេ អ្នកត្រូវតែងើបដើរ ពត់ដៃពត់ជើង រៀងរាល់កន្លះម៉ោងម្តងទើបប្រសើរ។

៨. គេងមិនគ្រាប់

មនុស្សពេញវ័យ ត្រូវការគេងយ៉ាងហោចណាស់ ៧ ម៉ោង ជារៀងរាល់យប់។ ការគេងមិនគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យអ្នកគ្មានកម្លាំងកំហែងនោះទេ វាថែមទាំងបណ្តាលឲ្យអារម្មណ៍ប្រែជាស្ពឹក ឡើងទម្ងន់ និងឆាប់ចាស់។

៩. ជំងឺស្រ្តេស

ការសិក្សាជាច្រើន បានបង្ហាញថា ជំងឺស្រ្តេសធ្ងន់ធ្ងរ អាចបំផ្លាញកោសិការាងកាយ និងធ្វើឲ្យអ្នកប្រែជាចាស់មុនអាយុ យ៉ាងឆាប់រហ័ស។ ហេតុនេះ សូមអ្នកត្រូវចេះរៀបចំកិច្ចការ និងពេលវេលា ឲ្យបានត្រឹមត្រូវនឹងទាន់ពេលវេលា ដើម្បីចៀសវាងបញ្ហាស្រ្តេស តាមដែលអាចធ្វើទៅបាន៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]