អាមេរិក៖ សារព័ត៌មាន New York Times បានចុះផ្សាយនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះថា វិស្វករដែនអាកាសមួយក្រុម ដែលធ្វើការនៅក្រុមហ៊ុនតូចមួយ ក្នុងតំបន់ Silicon Valley ឈ្មោះ Kitty Hawk បានសាកល្បងឡានហោះរបស់ខ្លួនដោយជោគជ័យនៅលើបឹងមួយកន្លែង ដែលមានចម្ងាយប្រមាណ ១៦១គីឡូម៉ែត្រ ភាគខាងជើងទីក្រុង San Francisco។

គម្រោង "ឡានហោះ" របស់ក្រុមហ៊ុនថ្មីថ្មោង Kitty Hawk នេះ មានការគាំទ្រពីស្ថាបនិកក្រុមហ៊ុន Google លោកឡារី ផេក (Larry Page) ដោយវាជាគំរូឡានហោះ "ស្រាលបំផុត" ដែលអាចហោះហើរដោយបញ្ឈរត្រង់ ដរាបណា អ្នកបើកបរវានៅលើផ្ទៃទឹក ឬវាលលំហ។ ហើយយោងតាមវេបសាយរបស់ក្រុមហ៊ុន ឡានហោះនេះ គ្រោងនឹងដាក់លក់នៅដំណាច់ឆ្នាំ ២០១៧ នេះ ប៉ុន្តែតម្លៃនៅមិនទាន់ប្រកាសនៅឡើយទេ។

ឡានហោះ របស់ Kitty Hawk នេះ មើលទៅមិនដូចជាឡាននោះទេ ប៉ុន្តែវាដូចជាយន្តហោះដ្រូនច្រើនជាង។ វាត្រូវបានផលិតឡើងដោយមានកៅអីអង្គុយចំនួនមួយ សម្រាប់អ្នកបើកបរ និងមានតួម៉ាស៊ីនទម្ងន់ ១០០គីឡូក្រាម ដំណើរការដោយថ្ម ចំនួន៨ដុំ ដែលផ្តល់ថាមពលឲ្យស្លាបចក្រអាចហោះហើរបាន។

លោកឡារី ផេក (Larry Page) ថ្លែងក្នុងសេចក្តីថ្លែងការណ៍របស់លោកថា “ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលថ្ងៃណាមួយក្នុងពេលឆាប់ៗនេះ ខ្ញុំនឹងអាចឡើងជិះ ឡានហោះ Kitty Hawk សម្រាប់ការហោះហើរផ្ទាល់ខ្លួន ដោយងាយស្រួល និងឆាប់រហ័សបំផុត។ ហើយក្នុងពេលឆាប់ៗខាងមុខនេះ យើងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងអាចធ្វើដូចខ្ញុំដែរ ហើយក៏សូមអរគុណជាខ្លាំងដល់ក្រុមការងារ ដែលបានព្យាយាមប្រឹងប្រែងធ្វើការងារមួយនេះ”។

គួរបញាក់ថា ក្រុមហ៊ុនថ្មីថ្មោងមួយនេះ បានទទួលការយល់ព្រមពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ សម្រាប់ឱ្យឡានហោះនេះហោះក្នុង "តំបន់មិនមានការកកស្ទះ" ហើយអ្វីដែលពិសេសនោះ គឺអ្នកប្រើប្រាស់នឹងមិនចាំបាច់ត្រូវការ បណ្ណហោះហើររបស់ពីឡុតទេដើម្បីប្រើប្រាស់វា៕

ប្រភព៖ New York Times | Kitty Hawk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]