ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមាននំប៉ាវមួយប្រភេទ ដែលមានឈ្មោះថា «នំប៉ាវធ្យូង» បានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដោយសារនំប៉ាវនេះ ប្លែកពីនំប៉ាវធម្មតា មិនតែប៉ុណ្ណោះថែមទាំងជំនួយដល់សុខភាពអ្នកបរិភោគ ថែមទៀតផង។

នំប៉ាវធ្យូងនេះ ជានំប៉ាវប្រភេទថ្មី មិនធ្លាប់មាន ដែលផលិតចេញពីម្សៅពិសេស Charcoal ដោយបានចំណាយពេលស្រាវជ្រាវរូបមន្តពិសេសជាយូរ ដោយលោក លោក ស៊ិន ដារ៉ាវុធ ដែលស្ថិតនៅក្នុងគ្រួសារជាអ្នកធ្វើនំប៉ាវ មួយ ក្នុងរាជធានីភ្នំពេញ។ ដោយឃើញពីចំណុចពិសេស របស់នំប៉ាវ ក៏ដូចជាការតស៊ូរបស់លោក ដារ៉ាវុធ ទើបក្រុមការងារ ខ្មែរឡូត បានទៅជួបសម្ភាសន៍ផ្ទាល់ ដើម្បីដឹងកាន់តែច្បាស់។ 

លោក ស៊ិន ដារ៉ាវុធ គឺជាកូនពៅ ក្នុងចំណោមកូន ០៥នាក់ នៃគ្រួសារដែលមានមុខរបរធ្វើនំប៉ាវ រយៈពេលជាង២០ឆ្នាំមកហើយ ដែលមានឈ្មោះថា នំប៉ាវព្រះច័ន្ទ ដោយដាក់លក់ស្ទើគ្រប់ទីកន្លែង ក្នុងទីក្រុងភ្នំពេញ។ លោក ដារ៉ាវុធ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញភាសាអង់គ្លេស នៅសាលា IFL និងជំនាញសេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច កាលពីឆ្នាំ២០១១។

ក្រោយបញ្ចប់ការសិក្សា លោក ដារ៉ាវុធ ក៏បានចាប់អាជីពជាគ្រូបង្រៀននៅតាមមហាវិទ្យាល័យ និងបង្រៀនក្រៅម៉ោងផ្សេងទៀត ក្នុងឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០១៦។ ប៉ុន្តែដោយសារក្តីស្រឡាញ់ក្នុងការស្វែងរកអ្វីដែលថ្មី និងប្លែក ព្រមទាំងចង់រក្សាមុខរបររបស់របស់គ្រួសារផងនោះ លោក ដារ៉ាវុធ ក៏សម្រេចចិត្តបោះបង់អាជីពជាគ្រូបង្រៀនភាសាអង់គ្លេស មួយរយៈសិន ហើយចាប់ផ្តើមស្វែងរករូបមន្តធ្វើនំប៉ាវថ្មី។

ដារ៉ាវុធ មានចំណូលចិត្តក្នុងការដើរស្វែងរកអ្វីដែលថ្មី លោកបានឃើញរបស់ញ៉ាំប្លែកៗជាច្រើន ទើបបណ្តុះគំនិតមួយគិតថា “គ្រួសារមានអាជីវហ្នឹងស្រាប់ ហេតុអ្វីក៏មិន Update (កែច្នៃ) វាឲ្យដើរទាន់តម្រូវការរបស់សង្គម ព្រោះបច្ចុប្បន្នអ្នកញ៉ាំចូលចិត្តអ្វីដែលប្លែក ហើយក៏គិតគួរពីសុខភាពផងដែរ”។ 

ក្រោយពីមានគំណិតបែបនេះហើយ លោក ដារ៉ាវុធ ក៏ចាប់ផ្តើមយករូបមន្តធ្វើនំប៉ាវរបស់ឪពុកម្តាយដែលមានស្រាប់ មកកែច្នៃធ្វើជា នំប៉ាវធ្យូង រូបមន្តពិសេសធ្វើពីម្សៅធ្យូង ដែលអាចជួយបឺតជាពុលចេញពីក្នុងខ្លួន ហើយមានពណ៌ប្លែក ដែលអាចទាក់ទាញអតិថិជន ជាពិសេសគឺយុវវ័យតែម្តង។

ចំពោះគំនិតនៃការធ្វើ នំប៉ាវធ្យូងនេះ លោក ស៊ិន ដារ៉ាវុធ បានថ្លែងប្រាប់ ខ្មែរឡូតថា លោកមានគំនិតនេះជាង ១ឆ្នាំមកហើយ និងបានធ្វើការស្រាវជ្រាវលើ ម្សៅធ្យូង ឬ Charcoal Powder និងបានរកឃើញថា ម្សៅធ្យូង ត្រូវបានគេយកមកធ្វើជាការ៉េម លាយជាមួយនំខួបកំណើរ ស្រាក្រឡុក (Cocktail) និងម្ហូបអាហារជាច្រើនមុខទៀត ដោយមានអត្ថប្រយោជន៍ច្រើនដល់សុខភាព។

ក្រោយពីបានរកឃើញបែបនេះហើយ លោក ស៊ិន ដារ៉ាវុធ ក៏បានចាប់ផ្តើមសាកល្បងធ្វើនំប៉ាវ ចេញពីម្សៅធ្យូង ដោយចំណាយពេល កន្លះឆ្នាំទម្រាំទទួលបានជោគជ័យ។ ក្នុងរយៈពេលកន្លះឆ្នាំនោះ ដារ៉ាវុធ បានប្រឈមមុខជាមួយបញ្ហា និងផលវិបាកជាច្រើន ដោយការធ្វើនំមិនទទួលបានជោកជ័យ ព្រោះម្សៅធ្យូងខុសពីម្សៅទូទៅ ធ្វើនំមិនឡើងល្អ ខូចទ្រង់ទ្រាយជាដើម ប៉ុន្តែដោយមានការតស៊ូ លោកក៏សម្រេចបានផ្លែផ្កាងយ៉ាងជោគជ័យ។

ចំពោះដំណើរការ នៃការធ្វើនំប៉ាវថ្មីនេះ គឺមាន ៣ ដំណាក់កាល ដោយដំណាក់កាលទី១ ជាការរៀបចំគ្រឿងផ្សំ ដោយត្រូវចំណាយពេល១ម៉ោង រីឯដំណាក់កាលទី២ ពេលធ្វើនំ ក្នុងចន្លោះពី ១០០ ទៅ២០០នំ ត្រូវចំណាយពេលប្រហែល១ម៉ោងកន្លះ ដោយឡែកដំណាក់កាលចុងក្រោយ គឺត្រូវយកនំមកចំហុយរយៈពេលកន្លះម៉ោងទៀត មុនពេលវិចខ្ចប់យកទៅលក់។ 

ចំពោះនំប៉ាវថ្មីនេះ លោក ស៊ិន ដារ៉ាវុធ មានការរំពឹងទុកខ្លាំងថា នឹងទទួលបានជោកជ័យ ដោយសារតែនំប៉ាវនេះមានចំណុចពិសេសជាងនំប៉ាវ ធម្មតាជាច្រើន ដោយក្រៅពីយកម្សៅធ្យូងមកធ្វើហើយនោះ នំប៉ាវនេះ ក៏មានស្នូលខាងក្នុងពិសេសផងដែរ។ ដោយជាទូទៅនំប៉ាវនៅស្រុកខ្មែរ ភាគច្រើនមានស្នូលធ្វើពីសាច់ចិញ្ច្រាំ លាយជាមួយប៉ិគក់ សាច់ក្រក់ និងពងទាមួយចំណិតៗប៉ុណ្ណោះ ប៉ុន្តែនំប៉ាវរបស់លោក មានស្នូលធ្វើពីសាច់សុទ្ធតែម្តង ហើយកាន់តែប្លែក គឺលោកជំនួសពងទា មកដាក់ពងគ្រួចមួយគ្រាប់តែម្តង និងមានពងទាប្រៃថែមទៀត រីឯសាច់ម្សៅគឺស្វិត និងនៅតែទន់ បើទោះជាត្រជាក់ក៏ដោយ។

គួរបញ្ជាក់ថា នំប៉ាវធ្យូង នេះគឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ដោយលោក ស៊ិន ដារ៉ាវុធ បានប្រាប់ ខ្មែរឡូត ថា លោកនៅមានមាននំប៉ាវពិសេសៗជាច្រើនមុខទៀត ដែលគ្រោងនឹងបញ្ចេញលក់លើទៅផ្សារ នាពេលឆាប់ៗខាងមុខនេះ។ ចំពោះប្រិយមិត្តដែលមានបំណងចង់ទិញ នំប៉ាវធ្យូង នេះ គឺអាចទៅរកទិញបាននៅក្នុងបរិវេនហាង Koi សាខាទួលគោក ចាប់ពីពេលនេះតទៅ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]