ភ្នំពេញ៖ សាលាអន្តរជាតិសៅប៊្រីដកម្ពុជា (SISC) ត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីព្រឹកថ្ងៃច័ន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិសៅប៊្រីដកម្ពុជា និងលោកជំទាវ មាតាបិតា និងសិស្សានុសិស្ស ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុង បានមានប្រសាសន៍ថា៖ «ការអភិវឌ្ឈន៍ធនធានមនុស្ស តាមរយៈ ការអប់រំប្រកបដោយគុណភាព ត្រូវបាន ប្រមុខរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពយ៉ាងខ្ពស់ ហេតុដូច្នេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា តែងតែគាំទ្រលើកទឹកចិត្តឲ្យសាលាអន្តរជាតិនានា មកបើកដំណើរការនៅកម្ពុជា ដើម្បីផ្តល់នូវសេវាអប់រំប្រកបដោយគុណភាព ស្របពេលដែលក្រសួងបាននិងកំពុងពង្រឹង គុណភាពអប់រំនៅតាមសាលារដ្ឋ។»

ឯកឧត្តមបានបន្តទៀតថា៖ «វត្តមានរបស់សាលាអន្តរជាតិសៅប៊្រីដកម្ពុជា បានបង្ហាញឲ្យឃើញពីការអភិវឌ្ឍ លើវិស័យអប់រំនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន»។

SISC ជាសាលាដែលផ្តល់ការអប់រំ ជាលក្ខណៈអន្តរជាតិផ្តោតលើកម្មវិធីសិក្សា ២ភាសា (Bi-Lingual Programme) ដែលសិស្សរហូតដល់២,៥០០នាក់។ SISC បានចាប់ផ្តើមបើកទ្វារទទួលសិស្សចូលសិក្សាតាំងពីខែមករា ឆ្នាំ២០១៧ ចាប់ពីកម្រិតទារកដ្ឋានរហូតដល់ថ្នាក់ទី៦ ដែលមានទីតាំងស្ថិតនៅអគារលេខ ៥៦៧ ផ្លូវ ប៉ូឡាវីស បុរីប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ តាមបណ្តោយផ្លូវជាតិលេខទី១ រាជធានីភ្នំពេញ។ សម្រាប់ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ ដែលចាប់ផ្តើម ក្នុងខែមិថុនានេះ SISC នឹងបើកទទួលសិស្សរហូតដល់ថ្នាក់អនុវិទ្យាល័យ រីឯថ្នាក់វិទ្យាល័យសាលានឹងបើកនៅឆ្នាំសិក្សាបន្ទាប់។

លោក Raymond Yager អគ្គនាយកប្រតិបត្តិនៃសាលាអន្តរជាតិសៅប៊្រីដកម្ពុជាមានប្រសាសន៍ថា «យើងមានមោទនភាពយ៉ាងខ្លាំងដែល SISC ត្រូវបានសម្ពោធជាផ្លូវការក្នុងថ្ងៃនេះ។ SISC ផ្តោតលើកម្មវិធីសិក្សាដែលទទួលស្គាល់ ជាលក្ខណៈអន្តរជាតិដែលយើងបានទទួលអាជ្ញាប័ណ្ណពីចក្រភពអង់គ្លេស។ 

កម្មវិធីសិក្សា របស់យើងត្រូវបានរៀបចំឡើងដោយធានាឲ្យបាននូវការសិក្សាយ៉ាងល្អ ក្នុងគោលបំណងចូលរួមអភិវឌ្ឍសិស្សានុសិស្សរបស់យើង ឲ្យក្លាយទៅជាបុគ្គលចេះដោះស្រាយបញ្ហាបាន ព្រមជាមួយនឹងស្តង់ដានៃវិជ្ជាជីវៈ ហើយនឹងក្លាយទៅជាអនាគតអ្នកដឹងនាំតាមជំនាញ ដែលពួកគេជ្រើសរើស»។

លោកបន្តទៀតថា ការរៀបចំឲ្យសិស្សានុសិស្សរបស់យើងមានជំនាញចាំបាច់ ទាំងផ្នែកបញ្ញា ស្មារតី និងការយល់ដឹងពិតជាមានសារៈសំខាន់ណាស់ ហើយសិស្សានុសិស្សរបស់យើង នឹងត្រូវបានទទួលបំនិនទាំងនេះពីSISC សម្រាប់ជីវិតពួកគេ មិនថាពួកគេនឹងបន្តការសិក្សា នៅក្រៅប្រទេស ឬក៏ចូលបម្រើការងារនោះឡើយ។

សាលាអន្តរជាតិសៅប៊្រីដកម្ពុជា គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]