អេស្ប៉ាញ៖ ជំនួបដ៏ធំ El Clasico កាលពីយប់មិញ បានបញ្ចប់ហើយ ដោយក្រុមភ្ញៀវ Barcelona បានបំបាក់ ក្រុមម្ចាស់ផ្ទះ Real Madrid ក្នុងលទ្ធផល ៣-២ នៅក្នុងកីឡដ្ឋាន Santiago Bernabeu។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺ ខ្សែប្រយុទ្ធឆ្នើមពាក់លេខ១០ កីឡាករ Lionel Messi គឺជាតួឯកនៅក្នុងការប្រកួតនេះ ដោយបានស៊ុតចូល២គ្រាប់ម្នាក់ឯង កាលពីយប់មិញ។

គួរឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ បានបង្ហាញពីសកម្មភាព និងបច្ចេកទេសល្អៗជាច្រើនក្នុងការប្រកួត ធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោក មានការកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាកររូបនេះ។ ក្នុងនោះមានដូចជា៖ 

១. ស៊ុតគ្រាប់ទី៥០០ ឲ្យក្លិប Barcelona

គ្រាប់បាល់ទីពីរ នៅនាទី៩០+ កាលពីយប់មិញនេះ គឺជាគ្រាប់បាល់ទី៥០០ របស់ខ្សែប្រយុទ្ធ Lionel Messi នៅក្នុងក្លិប Barcelona មិនត្រឹមតែប៉ុណ្ណោះ ក្រោយចប់ការប្រកួត ក្លិប Barcelona ក៏បានបង្ហោះវីដេអូអបអរសាទរដល់កីឡាកររូបនេះផងដែរ។ 

២. Messi ឈាមមាត់អំឡុងពេលប្រកួត៖

ក្រោយពីប៉ះទង្គិចនឹងកែងដៃរបស់ខ្សែការពារ Real Madrid កីឡាករ Marcelo បានបណ្តាលឲ្យ Messi ដួលនឹងដី និងផ្ទៃមាត់ពោរពេញទៅដោយឈាម។ បើទោះជាយ៉ាងណាក៏ដោយ Messi មិនបានប្តូរចេញ ឬបោះបង់ចោលនោះទេ ពោលគឺកីឡាកររូបនេះ នៅតែបន្តលេងដល់បញ្ចប់ការប្រកួត ជាមួយនឹងក្រដាសជូតមាត់ទុកជូតឈាមនៅក្នុងដៃ អំឡុងពេលប្រកួត។ 

៣. ដោះអាវ អបអរនៅមុខអ្នកគាំទ្រ៖

ជាការអបអរមួយដែលកម្របានឃើញពីមុនមក ក្រោយពី Messi បានស៊ុតគ្រាប់ជ័យជំនះឲ្យ Barcelona នៅចុងម៉ោង។ Messi បានដោះអាវរបស់ខ្លួន រួចបានលើកអាវ បង្ហាញឈ្មោះរបស់គេ ទៅកាន់អ្នកគាំទ្រនៅក្នុងកីឡដ្ឋានទាំងមូល ដោយក្នុងនោះត្រូវបានប្រភពព័ត៌មាន The Sun បានចុះផ្សាយឲ្យដឹងថា ការអបអរនេះ ចង់បង្ហាញថា «Messi គឺជាកីឡាករបាល់ទាត់ល្អជាងគេ នៅលើពិភពលោក» ។ 

៤. កីឡាករបាល់ទាត់ល្អជាងគេលើពិភពលោក

បើយោងតាមសម្តីគ្រូបង្វឹករបស់ក្រុម Barcelona លោក Luis Enrique បានថ្លែងពេលបញ្ចប់ការប្រកួតឲ្យដឹងថា Messi បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងទម្រង់លេងរបស់គេកាលពីយប់មិញ ហើយលោក បានបន្ថែមទៀតថា Messi គឺជាកីឡាករបាល់ទាត់មួយរូបដែលល្អជាងគេនៅលើពិភពលោក។ 

៥. ជួយ Barcelona ឡើងឈរលើកំពូលតារាង

ជ័យជំនះយប់មិញនេះ ពិតជាមានន័យសម្រាប់ក្រុម Barcelona ដើម្បីបន្តក្តីសង្ឃឹមរបស់ខ្លួន ក្នុងការប្រជែងយកពានរង្វាន់ La Liga ក្នុងរដូវកាលនេះ ។ គួរបញ្ជាក់ថា បច្ចុប្បន្ន Barcelona ឡើងឈរលេខ១ បណ្តោះអាសន្នក្នុងលីក ស្មើពិន្ទុក្រុម Real Madrid ប៉ុន្តែឈ្នះគ្រាប់បាល់ ស្របពេលដែល Real នៅសល់មួយប្រកួតទៀតក្នុងដៃ៕

ចំណែកឯប្រិយមិត្តវិញ យល់យ៉ាងណាដែរ ចំពោះទម្រង់លេងរបស់ Messi កាលពីយប់មិញ? 

ទស្សនាវីដេអូ Highlights៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]