(ភ្នំពេញ)៖ ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ(ទ័ព) និងក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង មិនអាចធ្វើអ្វីគ្នាបានឡើយ នាជំនួបជើងទី២ ពានរង្វាន់លីកកំពូលកម្ពុជា កាលពីយប់មិញ ដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ គ្រាដែលក្រុមបឹងកេតអង្គរ និងក្រុមភ្នំពេញក្រោន បានយកឈ្នះលើគូប្រកួតរៀងៗខ្លួន ដើម្បីរក្សា និងទទួលបានកៅអី ៤ក្រុមចុងក្រោយ(Top-4) ពីព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំនេះ ។

ជំនួបដ៏កក្រើករវាងក្រុមទ័ព និងស្វាយរៀង បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ជាមួយនឹងការវាយសម្រុកគ្នាទៅវិញទៅមក និងព្យាយាមស្វែងគ្រាប់បាល់រៀងៗខ្លួន ប៉ុន្ដែគ្មានកីឡាករណាម្នាក់អាចបំបែកពងមាន់បានឡើយ ។ លទ្ធផលស្មើនេះ បានត្រឹមឲ្យក្រុមទាំងពីររក្សាតំណែងដដែល ដោយក្រុមព្រះខ័នរាជស្វាយរៀងឈរកំពូលតារាង និងមាន ២០ពិន្ទុ ខណៈក្រុមក្រសួងការពារជាតិឈរលេខរៀងទី២ និងមាន ១៨ពិន្ទុ ។

ចំណែកក្រុមការពារតំណែងជើងឯកបឹងកេត បានពង្រឹងកៅអី Top-4 របស់ខ្លួនកាន់តែរឹងមាំមួយកម្រិតទៀតហើយ បន្ទាប់ពីយយកឈ្នះលើគូប្រជែងក្រុមណាហ្គាវើល ដោយលទ្ធផល ២-១ ។ គ្រាប់របស់បឹងកេត គឺរកបានដោយកីឡាករ Maycon និងកីឡាករ OMOGBA ដែលជួយឲ្យបឹងកេតមាន ១៧ពិន្ទុក្នុងដៃ ឈរលេខរៀងទី៣ ហើយបានទម្លាក់ក្រុមណាហ្គាវើលពីលេខ៤ មកឈរលេខរៀងទី៥ វិញ ដោយរក្សា ១២ពិន្ទុក្នុងដៃ ។

ដោយឡែកអតីតក្រុមជើងឯក ៦ជំនាន់ភ្នំពេញក្រោនក្នុងសប្ដាហ៍ទី៨ បានឡើងទៅកាន់កៅអី Top-4 ជាថ្មីវិញហើយ ក្រោយបន្ថែម ៣ពិន្ទុពីការយកឈ្នះលើក្រុមអគ្គិសនីកម្ពុជាទាំងប្រលឹងចុងសក់ជាមួយលទ្ធផល ៥-៤ លើទឹកដីរបស់ខ្លួនកាលពីយប់មិញ ។ បច្ចុប្បន្នភ្នំពេញក្រោនបានឈរលេខ៤ បណ្ដោះអាសន្ន និងមាន ១៤ពិន្ទុ ហើយក្រុមអគ្គិសនីបានធ្លាក់ពីលេខ៥ មកឈរលេខរៀងទី៧ វិញ និងមាន ១០ពិន្ទុប៉ុណ្ណោះ ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]