អេស្ប៉ាញ៖ អ្វីដែលអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកទន្ទឹងរង់ចាំ បានមកដល់ហើយ គឺជំនួបដ៏ធំ El Clasico នៅក្នុងលីកកំពូលអេស្ប៉ាញ ដែលក្លិបកំពូលតារាង Real Madrid នឹងបើកទ្វារកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន ស្វាគមន៍ក្លិប Barcelona នារាត្រីនេះ វេលាម៉ោង ១:៤៥នាទីរំលងអាធ្រាត ។

មុននឹងការប្រកួតរាត្រីនេះមកដល់ តោះមកដឹងប្រវត្តិជួបគ្នា និងការប្រកួតខ្លះៗរបស់ក្រុមទាំងពីរ៖

Real Madrid បច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ១ នៅក្នុងលីកកំពូល La Liga ហើយបើសិនជាពួកគេទទួលបានជ័យជំនះយប់នេះទៀតនោះ Real នឹងមានភាគរយកាន់តែខ្ពស់ ក្នុងការគ្រប់គ្រងតំណែងជើងឯងក្នុងលីក នៅរដូវកាលនេះ។

គួរឲ្យដឹងថា ៥ប្រកួតចុងក្រោយរបស់ Real Madrid គឺ ឈ្នះ៤ ស្មើ១ និងចាញ់០ ដោយប្រកួតចុងក្រោយបានទម្លាក់ក្រុម Bayern Munich ចេញពី Champions League ក្នុងលទ្ធផល ៤-២ នៃម៉ោងបន្ថែម១៥នាទីពីរដង (សរុបទាំងពីរជើង ៦-៣)។

ចំនែកឯប្រកួតចុងក្រោយក្នុងលីក La Liga វិញ គឺបានយកឈ្នះ ក្រុម Sporting Gijon ក្នុងលទ្ធផល ៣-២ ។ 

ក្រឡេកមកមើលក្លិប Barcelona វិញម្តង បច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ២ និងកំពុងព្យាយាមធ្វើយ៉ាងណា យកឈ្នះ Real យប់នេះ ដើម្បីបន្តក្តីសង្ឃឹមរបស់ខ្លួន ក្នុងការដណ្តើមពាន La Liga។

៥ប្រកួតចុងក្រោយរបស់ Barcelona គឺ ឈ្នះ២ ស្មើ១ ចាញ់២ ដោយការប្រកួតចុងក្រោយ ស្មើនឹង Juventus ០-០ ធ្លាក់ចេញពីពានរង្វាន់ Champions League ក្នុងលទ្ធផលសរុបទាំងពីរជើង Barcelona ០ Juventus ៣ ។

ចំពោះការប្រកួតចុងក្រោយនៅក្នុងលីក La Liga វិញ Barcelona បានយកឈ្នះក្រុម Real Sociedad ក្នុងលទ្ធផល ៣-២ កាលពីសប្តាហ៍មុន ។ 

ដោយឡែកចំពោះប្រវត្តិជួបគ្នារវាងក្រុមទាំងពីរវិញ គឺមានរហូតទៅដល់២៦៥ប្រកួត ប៉ុន្តែបើនិយាយតែនៅក្នុងលីក La Liga គឺធ្លាប់ប៉ះគ្នាសរុបចំនួន ១៧៣ដង ក្នុងនោះ Real ឈ្នះ៧២ដង Barcelona ឈ្នះ៦៨ដង និងស្មើគ្នា ៣៣ដង៕

ដូច្នេះចាំមើលថា យប់នេះ រវាង Barcelona និង Real Madrid តើក្រុមមួយណាជាអ្នកទទួលបានជ័យជំនះ ?   

ប្រភព៖ Bleacher Report

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]