រាជធានី​ភ្នំពេញ ៖ លោក​អើយ​មិន​គួរ​ណា​ប្តី​ហ៊ាន​ប្រើ​អំពើ​ហិង្សា​ដាក់​ប្រពន្ធ​បែប​នេះ​សោះ ហើយ​អ្នក​ដែល​រង​របួស​នោះ គឺជា​មនុស្ស​ដែល​មហាជន​ស្រឡាញ់​ពេញចិត្ត ។ គ្រាន់តែ​ឃើញ​រូបភាព​សុជាតា​រង​របួស ហើម​មុខមាត់​ដេក​លើ​គ្រែ​ព្យាបាល​នោះ មហាជន​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ហើយ​សុំ​ឱ្យ​ច្បាប់​ចាត់ការ​ផង ចំពោះ​ជន​បង្ក ដើម្បី​ឱ្យ​អ្នកគាំទ្រ​អស់ចិត្ត​។ បើ​ទោះបីជា​ផ្ទៃក្នុង​នៃ​ក្រុម​គ្រួសារ​របស់ ស្វែង សុជាតា និង​ប្តី​ក្មេង​ដែល​មាន​ងារ​ជា​គ្រូខ្មែរ​មិនដឹង​មាន​សភាព​បែប​ណា​ទេ ដែល​វាយតប់​រហូត​តារា​សម្តែង​ល្បីឈ្មោះ ស្វែង សុជាតា ត្រូវ​រង​ហិង្សា​អស់​ជា​ច្រើន​លើក​មក​ហើយ ។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល ស្វែង សុជាតា ទទួល​រង​នូវ​អំពើ​ហិង្សា​ពី​ប្ដី​ក្មេង​របស់​ខ្លួន ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​នេះ ប្ដី​ក្មេង​របស់​នាង​បាន​វាយ​នាង ខៀវ​ភ្នែក និង​បែក​ថ្គាម បង្ក​ឱ្យ​ផ្អើល​អ្នកតា​ខ្មៅ​មក​ជួយ​ទាន់​ពេល កុំ​អី​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត ។ តែ​នាង​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​លើ​ប្តី​ក្មេង​របស់​នាង​ឡើយ ដោយ​នាង​ចង់​ទុក​ឱកាស​ឲ្យ​ប្តី​កែប្រែ​ខ្លួន គឺ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​នាង​។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ខណៈ ស្វែង សុជាតា ដេក​ស្រែកថ្ងូរ​នៅ​ក្នុង​បន្ទប់ ដោយសារ​មុខរបួស​ចាស់​មិន​ទាន់​ជា​ផង ស្រាប់តែ​ប្តី​ក្មេង​ជេរ និង​ប្រមាថ​ដល់​នាង​ថា «​ម្ដេច​មិនឆាប់​ស្លាប់​ទៅ​» ធ្វើ​ឲ្យ​រូប​នាង​តមាត់​បង្ក​ជា​ជម្លោះ​ប៉ុនប៉ង​សម្លាប់ ដោយ​យក​កាំបិត​មក​ចង់​អា​.​កកូន​ស្រី​របស់​ខ្លួន តែ​មិន​បាន​សម្រេច ព្រោះ​នាង​ស្រែក​ឲ្យ​គេ​ជួយ​ទាន់​។ ប្តី​ក្មេង​របស់​នាង​តែង​ចង់បាន​ទ្រព្យសម្បត្តិ​របស់​នាង​យក​មក​គ្រប់គ្រង ដូច​ជា​មុន​ពេល​មាន​ករណី​នេះ​កើតឡើង​បាន​យក​សោ​ទៅ​ចាក់​ផ្ទះ​នៅ​បុរី​ប៉េង​ហួត ដែល​នាង​ខំ​បង់​រំ​លោះ​ជា​ច្រើន​ឆ្នាំ​រហូត​ដល់​ទៅ​៧​ជាន់​។

អ្នក​នាង​បាន​ថ្លែងប្រាប់​តាម​ទូរស័ព្ទ​ថា កាលពី​ម៉ោង​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ មេ​សា អ្នក​នាង​បាន​ឈឺ​មុខរបួស​ដែល​ប្ដី​វាយ​បែក​ថ្គាម​យ៉ាង​ខ្លាំង ក៏​ដេក​ស្រែកថ្ងូរ​នៅ​ក្នុង​បន្ទប់​។ ពេល​ឮ​ដូច្នេះ​ក្រៅពី​មិន​បាន​សួរនាំ​ស្វាមី​ថែម​ទាំង​ជេរ និង​ប្រមាថ​ដល់​អ្នក​នាង​ថា ម្ដេច​មិនឆាប់​ស្លាប់​ទៅ ទើប​បណ្ដាល​ឲ្យ​អ្នក​នាង​តមាត់​។ អ្នក​នាង​ថា សុំ​ឲ្យ​មាន​បទ​អន្តរាគមន៍​ជួយ​​សង្គ្រោះ​ដល់​អ្នក​នាង​ផង ដោយសារ​អ្នក​នាង​ប្រកាស​ថា ខ្លួន​កំពុង​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ​។ អ្នក​នាង​បន្ត​ទៀត​ថា ខ្លួន​កាន់តែ​ខ្លាច​ពី​សុវត្ថិភាព ដោយ​សារ​​តែ​ប្ដី​ក្មេង​រូប​នេះ ឲ្យ​តែ​ឈ្លោះ​ម្ដង​ៗ គឺ​ចង់វាយ​សម្លាប់​អ្នក​នាង ដោយហេតុ​ការណ៍​នៅ​ថ្ងៃ​ទី​២២​នេះ គឺ​ស្វាមី​បាន​ចាក់សោ​ផ្ទះ​ដែល​អ្នក​នាង​សន្សំ​លុយ​បង់​រំ​លោះ​នៅ​បុរី​ប៉េង​ហួត ផ្លូវ​ជា​សុ​ផា​រ៉ា រហូត​ដល់​៧​ជាន់ មុន​នឹង​បង្កជម្លោះ​ជាមួយ​អ្នក​នាង​។ អ្នក​នាង​បន្ត​ថា ស្វាមី​បាន​យក​ពូថៅ​វាយ​កម្ទេច​របស់របរ និង​ប៉ង​សម្លាប់​អ្នក​នាង​ក្នុងផ្ទះ ប៉ុន្តែ​ដោយសារ​តែ​អ្នក​នាង​គេច​ផុត ក្រោយមក​ស្វាមី​បាន​ចាប់​កូនស្រី​ដែល​ស្រែកយំ​ប៉ង​អារ​.​ក ដើម្បី​កុំ​ឲ្យ​ផ្អើល​អ្នក​ជិតខាង​។

យ៉ាងណាមិញ អ្នក​នាង​ថា ស្វាមី​ធ្វើ​មិន​បាន​សម្រេច ដោយសារ​តែ​អ្នក​នាង​ស្រែក​ឲ្យ​អ្នក​ជិតខាង​មក​ជួយ ហើយ​ក៏​ចំ​ពេល​ដែល​មាន​អ្នក​ជិតខាង​មក​គោះ​ទ្វារ​ជួយ​ច្រោង​ច្រាង ទើប​បណ្ដាល​ឲ្យ​ស្វាមី​បង្វេះ​ខ្លួន​រត់​ចេញ​។ អ្នក​នាង​ថា ខ្លួន​បាន​ប្ដឹង​ប៉ូលិស​រួច​ហើយ ដោយ​ការ​ប្ដឹង​លើក​នេះ​គឺ​សុំ​ឲ្យ​ប៉ូលិស​តាម​ចាប់​ស្វាមី​តែ​ម្ដង ព្រោះតែ​គេ​កាន់តែ​សាហាវ​ជាង​មុន បើ​រស់នៅ​ជាមួយ​ទៀត គឺ​ពិតជា​សម្លាប់​អ្នក​នាង​នៅ​ថ្ងៃ​ណាមួយ​។

ក្រោយ​បែកធ្លាយ​រឿង​នេះ មានការ​លើក​ឡើង​ពី​បណ្តាញ​សង្គម​ទាំង​ផលិតករ តារា​សម្តែង និង​មហាជន​នានា​ថា គួរតែ​អ្នក​នាង​សុជាតា លែងលះ​ចែកទ្រព្យ​ទៅ ព្រោះ​ដល់​ថ្នាក់​ទាត់​ធាក់​ចឹ​ង​ៗ​ហើយ តើ​ថ្ងៃក្រោយ​ជួប​បញ្ហា​អ្វី​បន្ត​ទៀត​។ មិនបាច់​ស្តាយស្រណោះ​នោះ​ទេ ចាត់​ទុក​ថា កម្ម​ត្រូវ​សង​គេ​ឱ្យ​អស់ ហើយ​ដើរ​ចេញ​ប្រែ​ជីវិត​ជា​ថ្មី ខំតស៊ូ​ធ្វើការ​ឱ្យ​សប្បាយចិត្ត ព្រោះ​មាន​អ្នកគាំទ្រ​នៅ​តែ​ពេញចិត្ត​ឱ្យ​តម្លៃ​ចំពោះ​ការងារ សមត្ថភាព​សម្តែង​ដែល​កម្រ​មាន​។

យ៉ាងណា​អ្នក​នាង​ស្វែង សុជាតា នៅ​តែ​អាណិតកូន​តូច និង​ប្រកាន់​ទស្សនៈ​មិន​ចង់​ខូច​ឈ្មោះ​ជា​ស្រី​ប្តី​បី​បួន ទើប​នៅ​ជាមួយ​ចំណង​បញ្ហា​ដែល​នាង​ពិបាក​រើ​បំរាស់​បាន​។ យ៉ាងណា​ក៏​ដោយ សូម​អំពាវនាវ​ដល់​សមត្ថកិច្ច​ទាំងអស់​គួរតែ​ជួយ​ការពារ​សុវត្ថិភាព​តារាភាពយន្ត​ល្បីឈ្មោះ​ប្រចាំ​ស្រុក​ខ្មែរ​ផង ព្រមទាំង​អង្គការ​នានា​ផង​ដែរ គួរតែ​មាន​វិធានការ​បែប​ណា​កោះហៅ ស្វាមី​វ័យក្មេង​នោះ​មក​អប់រំ ដោយ​លក្ខខណ្ឌ​ផ្សេង​ៗ​ផង ដើម្បី​កុំឱ្យ​ពូកែ​ធ្វើបាប​តេ​មនុស្ស​ស្រី ពិសេស​ប្រពន្ធ​របស់​ខ្លួន​ពេក​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា