រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​អ្នកស្រី​ណ​យ សំណាង ហៅ​យាយ​ណា​ង សប្បាយចិត្ត​ដែល​បាន​ផ្ទះថ្ម​រស់នៅ​មិន​បាន​ប៉ុន្មាន​ផង បែរជា​ធ្លាក់ខ្លួន​ឈឺ​ធ្វើ​ឱ្យ​គាត់​ខ្វល់ខ្វាយ​ចិត្ត​វិញ ។

យាយ​ណា​ង​ទទួល​បាន​ផ្ទះ​មួយ​ល្វែង​មាន​២​ជាន់ នៅ​ក្រោយ​វត្ត​សន្សំ​កុសល ជា​អំណោយ​របស់​សប្បុរសជន ក្រោយ​ពី​គាត់​ប្រឡូក​សិល្បៈ​រាប់​ឆ្នាំ​គ្មាន​សល់​អ្វី​សោះ​នោះ ។ ចូល​ស្នាក់​នៅផ្ទះ​ថ្មី​យាយ​ណា​ង​មាន​តែ​របស់របរ​តិចតួច​ប៉ុណ្ណោះ ក្រៅពី​នេះ​តុ ទូ កៅអី ពូក គ្រែ មុង ភួយ ទូ​ចាន ត្រូវ​សប្បុរសជន​រៀបចំ​ជូន​មិន​ឱ្យ​ខ្វល់ចិត្ត​ទេ ។

យាយ​ណា​ង​និយាយ​ថា «​ឱ​លោក​អើយ !​ធ្វើការ​សិល្បៈ​ជិត​ស្លាប់​ទៅ​វិញ​ហើយ​មិន​ធ្លាប់​គិត​ថា​មានផ្ទះ​នៅ​ស្រួល​ចិត្ត​ដូច​ពេល​នេះ​ឡើយ ពិតជា​ទឹកចិត្ត​មួយ​វិសេសវិសាល​សម្រាប់​ខ្ញុំ​ក្នុង​ការ​ទទួល​បាន​ផ្ទះ​នេះ​ណាស់ ។ ទោះបីជា​យ៉ាងណា​ក្តី ខ្ញុំ​ពិតជា​ឆ្ងល់​មិនដឹង​ជា​ចង្រៃ​អី​ជំងឺ​មក​បៀតបៀន​មិន​ចប់​សោះ ។ បាន​ផ្ទះ​នៅ​ស្រួល​មាន​គេ​អាណិត​ជួយ​ផ្តល់​អំណោយ ផ្សេង​ៗ​សម្រាលទុក្ខ​ឱ្យ​ស្បើយ​ហើយ បែរជា​មក​រកាំចិត្ត​រឿង​មាន​ជំងឺ ផ្សេង​ៗ​អត់​ចេះ​ស្វាង​សោះ ឈឺ​រហូត​ដើរ​មិន​ចង់​រួច​ឡើយ​»

យាយ​ណា​ង​ទើបតែ​មក​ពី​មន្ទីរពេទ្យ​នៅ​ខេត្ត​សុរិន្ទ ដោយ​គ្រូពេទ្យ​ឱ្យ​វះកាត់​បេះដូង​ដាក់​ថ្ម​ក្នុង​ហេតុផល​ថា​អាចរ​ស់បាន​១០​ឆ្នាំ​ទៀត តែបើ​មិន​វះកាត់​ទេ គឺ​យូរ​បំផុត​២​ទៅ​៣​ឆ្នាំ ។ ទោះជា​យ៉ាងណា​ក្តី យាយ​ណា​ង​មិន​ហ៊ាន​វះកាត់​ទេ​។ ដូច្នេះ​ហើយ​គាត់​ថា​មាន​តែ​សមាធិ​បន់ព្រះ​សំពះ​ទេវតា​សុំ​ឱ្យ​ជួយ​ឃុំគ្រង​គាត់​ឱ្យ​មាន​កម្លាំង​រឹង​មាំ​ឡើង​វិញ ដើម្បី​មើលថែ​ខ្លួន​និង​កូនចៅ ព្រមទាំង​មើល​ផ្ទះសម្បែង ។

លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ​បាន​ទៅ​សួរសុខទុក្ខ​ដល់​គេហដ្ឋាន​របស់​យាយ​ណា​ង​ផ្ទាល់ ព្រមទាំង​បាន​ផ្តល់​ជូន​ប្រាក់​១០០​ដុ​ុ​ល្លារ អង្ករ​មួយ​បាវ ទឹកបរិសុទ្ធ ទឹកត្រី និង​មី ។

លោក​អភិបាល​ខណ្ឌ​បាន​ផ្តាំផ្ញើ​ឱ្យ​យាយ​ណា​ង​កុំ​គិត​ច្រើន ខិតខំ​ពង្រឹងស្មារតី​ថែទាំ​សុខភាព​ព្រោះ​មានផ្ទះ​នៅ​មិន​លំបាក កម្សត់​នៅផ្ទះ​ជួល​ដូច​មុន​ទេ ។

លោក​ពេជ្រ កែវ​មុនី សម្តែង​ការ​ពេញចិត្ត​ចំពោះ​ទេព​កោសល្យ​យាយ​ណា​ង ហើយ​ចាត់​ទុក​គាត់​ជា​ធនធាន​សិល្បៈ​បុរាណ​ដ៏​កម្រ ។

លោក​អភិបាល​ខណ្ឌ​បាន​បន្តដំណើរ​ទៅ​ផ្តល់​អំណោយ​មួយ​ចំនួន​ទៀត​ដល់​អ្នកស្រី​វណ្ណ ថន តារា​សម្តែង​ជើង​ចាស់ និង​ជា​អនុប្រធាន​ភូមិ សង្កាត់​ទំនប់​ទឹក ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណយ សំណាង