ដូចដែលនារីៗយើងមួយចំនួន បានដឹងរួចមកហើយថា ការលាបថ្នាំក្រចកញឹកញាប់ពេក អាចបណ្តាលឲ្យក្រចកស្ងួត និងប្រែជាលឿងបាន។ ប៉ុន្តែ ជាក់ស្តែង វាអាចបង្កជាផលប៉ះពាល់ ដល់សុខភាពមនុស្សបានយ៉ាងធ្ងន់ធ្ងរ។

តែសូមកុំបារម្ភអ្វី! អ្នកមិនចាំបាច់បោះចោល ឬឈប់លាបថ្នាំក្រចករហូតនោះទេ ដោយអត្ថបទខាងក្រោមនេះ នឹងលើកឡើងពីសារធាតុគីមីប៉ះពាល់មួយចំនួន ដែលអ្នកគួរតែដឹង រួមទាំងរបៀបជ្រើសរើសថ្នាំលាបក្រចកឲ្យបានត្រឹមត្រូវផងដែរ។

# តើទឹកថ្នាំលាបក្រចក បង្កគ្រោះថ្នាក់ដល់អ្នកបានយ៉ាងដូចម្តេច? 

គ្រោះថ្នាក់នៃ ទឹកថ្នាំលាបក្រចក គឺសារធាតុពុលរបស់វា។ ទឹកថ្នាំលាបក្រចក សព្វថ្ងៃមួយចំនួន មានផ្ទុកសមាសធាតុដូចខាងក្រោម ដែលអាចបំផ្លាញសុខភាពអ្នក យ៉ាងធ្ងន់ធ្ងរ ៖

• សារធាតុ Tolune ៖ ជាសារធាតុរំលាយ ដែលជួយទឹកថ្នាំមានសភាពរលោង ប៉ុន្តែវាអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងបង្កឱ្យមានជំងឺបន្តពូជ។ អាការៈឈឺក្បាល ខ្សោយ ល្ហិតល្ហៃ និងចង់ក្អួត គឺជាផលប៉ះពាល់បឋម ជាទូទៅតែម្តង។

• សារធាតុ Formaldehyde ៖ ជាឧស្ម័នគ្មានពណ៌ ដែលជួយឲ្យថ្នាំលាបក្រចកទុកបានយូរ ប៉ុន្តែវាអាចបង្កជា បញ្ហារលាកស្បែក និងរលាកសារធាតុគីមី ប្រសិនបើអ្នកមានជំងឺអាឡែហ្ស៊ី។ ក្នុងករណីធ្ងន់ធ្ងរ វាអាចបង្កឱ្យមាន ជំងឺចង្វាក់បេះដូងមិនប្រក្រតី ប្រកាច់និងបង្កមេរោគមហារីក។

• សារធាតុ Dibutyl Phthalate ៖ ជាសារធាតុ ដែលត្រូវបានប្រើជាក្លិនក្រអូប ប៉ុន្តែវាអាចបង្កឲ្យ ក្រពេញអង់ដូគ្រីនមនុស្សប្រែជាមិនប្រក្រតី បង្កជាជំងឺរោគស្រ្តី និងជំងឺរលាកផ្លូវដង្ហើម។

# របៀបជ្រើសរើស ទឹកថ្នាំលាបក្រចក ដែលមិនបង្កគ្រោះថ្នាក់ដល់សុខភាព

អ្នកគួរស្វែងរក ទឹកថ្នាំលាបក្រចក ដែលមានសញ្ញាសម្គាល់ពិសេសមួយចំនួនដូចជា ៖

• “5-Free” ដែលមានន័យថា ទឹកថ្នាំលាបក្រចកនោះ គ្មានផ្ទុកសារធាតុ formaldehyde សារធាតុ formaldehyde resins សារធាតុ toluene សារធាតុ dibutyl phthalates ឬសារធាតុ camphor ឡើយ។

• “3-Free” ដែលមានន័យថា ទឹកថ្នាំលាបក្រចកនោះ គ្មានផ្ទុកសារធាតុ formaldehyde សារធាតុ dibutyl phthalate និងសារធាតុ toluene ឡើយ។ 

ហេតុនេះ មុននឹងសម្រេចចិត្តជាវ ទឹកថ្នាំក្រចកសម្រាប់ប្រើប្រាស់ អ្នកត្រូវតែយកចិត្តទុកដាក់លើសមាសធាតុផ្សំរបស់វា ដើម្បីការពារសុខភាពរាងកាយរបស់អ្នក៕

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]