(ភ្នំពេញ)៖ តារាចម្រៀងស្រីសម្លេងស្រទន់ កញ្ញា សុន ស្រីពេជ្រ តាមការកត់សម្គាល់ មួយរយៈពេលចុងក្រោយនេះ ចាប់តាំងពីដើមឆ្នាំ ២០១៧មក នាងហាក់មានរាសីធ្លាក់ចុះ មិនធម្មតាឡើយ ខណៈនៅក្នុងគ្រួសាររបស់នាងទាំងមូល តែងជួបរឿងស៊យស្ទើរនឹកស្មាន មិនដល់។

តារាចម្រៀងស្រី សុន ស្រីពេជ្រ កាលពីពេលកន្លងមកនេះ ត្រូវបានគេដឹងហើយថា នាងបានជួបរឿងមិនសប្បាយចិត្ត ក្នុងគ្រួសារម្តងជាពីរដងរួចមកហើយ គឺលើកដំបូងឪពុកជាទីស្រឡាញ់លោកតា សង់ ស៊ីស បានធ្លាប់ខ្លួនឈឺធ្ងន់ ដែលគិតរហូតមកទល់ពេលបច្ចុប្បន្ននេះ ជំងឺរបស់គាត់មិនទាន់ជាសះស្បើយ ដូចមុននៅឡើយ។ ចំណែកករណីទី២ គឺខ្លួននាងផ្ទាល់ ត្រូវជួបរឿងកើតទុក្ខមិនសប្បាយចិត្ត ព្រោះត្រូវផ្តាច់ពាក្យ ជាមួយម្ចាស់ស្នេហ៍ ក្រោយលួចក្បត់មានស្រីថ្មី។

យ៉ាងណាមិញ ស្របពេលផ្ទៃរឿងទាំង២ខាងលើនេះ មិនទាន់ធ្វើឲ្យ ស្រីពេជ្រ ស្ងប់ចិត្តបានប៉ុន្មានផង ក៏ស្រាប់តែកើតមានរឿងថ្មីមួយទៀត នៅក្នុងគ្រួសារ ដោយប្អូនប្រុសរបស់នាង ធ្លាក់ខ្លួនឈឺ ត្រូវចេញទៅព្យាបាលនៅប្រទេសវៀតណាម ដោយសារជំងឺខ្វះគ្រាប់ឈាម។

កញ្ញា សុន ស្រីពេជ្រ បានបញ្ជាក់ថា «អស់ពីរឿងមួយ ចូលដល់រឿងមួយទៀត ហើយអាណិតប្អូនប្រុសខ្ញុំណាស់ ទេវតាអើយ ហេតុអ្វីដាក់ទណ្ឌកម្មក្រុមគ្រួសារខ្ញុំ ឥតស្រាកស្រាន្តសោះអ៊ីចឹង សុំអង្វរចុះអាណិតមនុស្សស្រី តូចល្អិតម្នាក់នេះផង ដែលប្រឹងទាំងយប់ទាំងថ្ងៃ ដើម្បីក្រុមគ្រួសារមួយនេះ ដោយកំលាំងញើសឈាម សុទ្ធសាធ ឥតលួចប្លន់អ្នកណាទេ ចុះហេតុអ្វីទៅ?សូមឲ្យប្អូនខ្ញុំសុខសប្បាយផង សុំអង្វរប្អូន ខ្ញុំនៅក្មេង គេនៅមានអនាគតវែងឆ្ងាយ សុំព្រះឲ្យសេចក្តីសុខដល់គេផង you are my eye brother!»។

ជាមួយគ្នានៃការបង្ហោះសារ បង្ហាញពីអារម្មណ៍ពិបាកចិត្ត របស់តារាចម្រៀង សុន ស្រីពេជ្រ ក៏មានទស្សនិកអ្នកគាំទ្រនាងជាច្រើន បានផ្ញើសារផ្តល់កម្លាំងចិត្ត និងការជូនពរប្អូនប្រុសរបស់នាង ឲ្យរួចផុតពីជំងឺមួយនេះ ឆាប់ៗផងដែរ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ