ការគេងមានសារៈសំខាន់ណាស់ សម្រាប់សុខភាព និងសុខុមាលភាពរាងកាយទាំងមូល។ ប៉ុន្តែអ្វីដែលសំខាន់នោះ សម្រាប់ស្រ្តីមានផ្ទៃពោះ មិនអាចគេងដូចទម្លាប់រាល់ដងបានទេ ដោយសារទំហំពោះប្រែជាធំ។ ហេតុនេះទើបយើងនឹងលើកឡើងនូវ ឥរិយាបថគេងមួយចំនួន ដែលស្រ្តីមានផ្ទៃពោះគួរតែអនុវត្ត  ដើម្បីងាយគេងលក់ស្កប់ស្កល់ និងការពារសុខភាពទារកក្នុងផ្ទៃផងដែរ។

១.គេងចំហៀង

ការគេងបែរចំហៀងជាជម្រើសល្អបំផុត ជាពិសេសគឺចំហៀងខាងឆ្វេង។ ការគេងចំហៀង ជួយការពារ អាការៈក្រហាយដើមទ្រូង និងអាការៈឈឺខ្នងឈឺចង្កេះបាន ព្រមទាំងជួយសម្រួលលំហូរឈាម ទៅក្នុងស្បូន និងបង្កើនសារធាតុចិញ្ចឹម ដល់សុក ដែលនាំឲ្យទារកកាន់តែមានសុខភាពល្អ។ មួយវិញទៀត អ្នកត្រូវជ្រើសរើសពូកគេង ឲ្យបានត្រឹមត្រូវ ដើម្បីការពារទម្ងន់សង្កត់របស់ពោះបានល្អ។

២. គេងកល់ខ្នើយ

ពេលខ្លះគេងចំហៀង ក៏ពិបាកដែរ ហេតុនេះដើម្បីសម្រួលការលំបាករោយជើងរោយចង្កេះ អ្នកអាចគេងដោយដាក់ខ្នើយមួយនៅចន្លោះជើង  និងបត់ជង្គង់បន្តិចដដែល ដើម្បីកុំឲ្យត្រគាក  និងចង្កេះមានសម្ពាធ ព្រមទាំងអាចបំបាត់ការឈឺចាប់ត្រង់ចង្កេះបានផងដែរ។  ក្នុងករណីអ្នកដែលឧស្សាហ៍ក្រហាយដើមទ្រូង ឬដកដង្ហើមដង្ហក់ៗ (ជាពិសេស នៅពេលជិតគ្រប់ខែ) អ្នកអាចបន្ថែមខ្នើយកល់ពីក្រោយរាងកាយមួយបន្ថែម នៅពេលគេង ដើម្បីកាត់បន្ថយអាការៈទាំងនោះ។

*** ឥរិយាបថគេង ដែលត្រូវចៀសវាង ***

អ្នកដឹងហើយថាស្រ្តីមានផ្ទៃពោះ មិនអាចគេងផ្កាប់បានទេ ពីព្រោះតែទើសពោះ និងខ្លាចប៉ះពាល់ទារក។  ជាក់ស្តែងការគេងផ្ងារ ក៏ត្រូវបានណែនាំឲ្យចៀសវាងដែរ ពីព្រោះ វាអាចបណ្តាលឲ្យស្រ្តីពពោះ ឈឺចង្កេះ ក្រហាយដើមទ្រូង ដកដង្ហើមដង្ហក់ រហូតអាចបង្កជាបញ្ហារំលាយអាហារ និងឡើងសម្ពាធឈាមទាំងម្តាយទាំងកូនថែមទៀតផង។

ថ្វីត្បិតនៅពេលគេង មនុស្សយើងមិនគេងស្ងៀមរហូតពិតមែន ប៉ុន្តែប្រសិនបើអ្នកភ្ញាក់មក ឃើញរាងកាយមិនបែរចំហៀង សូមអ្នកព្យាយាមត្រលប់ខ្លួនមកគេងចំហៀងវិញតាមដែលអាចធ្វើទៅបាន៕

ប្រភព៖ Beauty Health Tips

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]