(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោក ផ្នែកកីឡាប៉េតង់កម្ពុជា នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានប្រកាសជាសាធារណៈថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកាផ្ទាល់ខ្លួន ដល់កីឡាការិនី អ៊ុក ស្រីមុំ ចំនួន១ម៉ឺនដុល្លារ បន្ថែមលើប្រាក់លើកទឹកចិត្តរបស់រដ្ឋតាមរយៈក្រសួងអប់រំយុវជននិងកីឡា ចំនួន១២០លានរៀល។

កីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោក ផ្នែកកីឡាប៉េតង់កម្ពុជា បានទទួលទឹកប្រាក់លើកទឹកចិត្ត សរុបទាំងអស់ចំនួន (១២០លានរៀល+១ម៉ឺនដុល្លារ) ស្មើនឹងប្រមាណ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក រួមនឹងទទួលបានការដំឡើងឋានន្តរស័ក្តិ ពីអនុសេនីយ៍ឯកទៅ វរសេនីយ៍ត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីក្រសួងការពារជាតិផងដែរ។

បន្ថែមពីលើនេះក៏មានគ្រូបង្វិក និងកីឡាករមួយចំនួនទៀត ទទួលបានថវិកាពីរដ្ឋ និងពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែររួមមាន៖

១៖ លោក សុខ ម៉ុង គ្រូបង្វឹកនារី ក៏បានទទួលថវិកាពីរដ្ឋ១២០លានរៀល និងទទួលបានការឧបត្ថម្ភពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៣ពាន់ដុល្លារសហរដ្ឋអាមេរិក

២៖ កីឡាករ ញ៉ែម បូរ៉ា (ទទួលបានមេដាយប្រាក់) ទទួលថវិកាពីរដ្ឋ ៨០លានរៀល និងទទួលបានការឧបត្ថម្ភ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ២ពាន់ដុល្លារ។

៣៖ កីឡាការិនី កញ្ញា ស៊ា្រង សុរាឃីម (ទទួលបានមេដាយប្រាក់) ទទួលថវិកាពីរដ្ឋ ៨០លានរៀល និងទទួលបានការឧបត្ថម្ភ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ២ពាន់ដុល្លារ។

៤៖ លោកគ្រូ អឹម ផាត (គ្រូបង្វឹកបុរស) ទទួលថវិកាពីរដ្ឋ ៨០លានរៀល និងទទួលបានការឧបត្ថម្ភ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ២ពាន់ដុល្លារ។

៥៖ លោក សូម៉ៃ សុខគា (ប្រធានប្រតិភូដឹកនាំ ក្រុមកីឡាករ) ទទួលបានការឧបត្ថម្ភ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ២ពាន់ដុល្លារ។

៦៖ លោក ហ៊ុន សាមុត (អនុប្រធានប្រតិភូ) និង សុខ ចាន់មាន (កីឡា) ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ២ពាន់ដុល្លារ។

កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ កីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាសពិភពលោក ១គ្រឿង លើវិញ្ញាសាវាយទោលនារី ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក នៅប្រទេសប៊ែលហ្ស៊ិក។

កីឡាការិនី អ៊ុក ស្រីមុំ គឺជាអ្នកដណ្តើមមេដាមាសពិភពលោកទី៤ សម្រាប់កម្ពុជា ខណៈមេដាយមាស ៣គ្រឿងមុន គឺដណ្ដើមបានដោយកីឡាការិនី កែ ឡេង ចំនួន ២លើក កាលពីឆ្នាំ២០១៣ នៅប្រទេសបារាំង និងឆ្នាំ២០១៥ នៅប្រទេសថៃ មុនកីឡាករ សុខ ចាន់មាន ដណ្ដើមបានមេដាយមាសទី៣ ជូនជាតិ កាលពីឆ្នាំ២០១៦កន្លងទៅ នៅប្រទេសម៉ាដាហ្កាស្កា លើវិញ្ញាសាវាយទោសបុរស និងនារីដូចគ្នា។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបចម្ងល់មួយចំនួនផងដែរ ទៅលើតម្លៃខ្លួនកីឡាករខ្មែរ ដែលមានបុគ្គលមួយចំនួនរិះគន់ថា មិនដូចតម្លៃខ្លួន កីឡាករបរទេស។សម្តេចតេជោ​ ហ៊ុន សែន បានគូសបញ្ជាក់ថា បើចង់បាន តម្លៃខ្លួន ដូចកីឡាករ ម៉ែននី ប៉ាគីអាវ វាយឲ្យល្បី និងឲ្យខ្លាំងដូច ប៉ាកគីអាវ ទៅនឹងបានតម្លៃខ្លួន ថ្លៃដែរហើយ។ បន្ថែមពីលើនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឆ្លើយតបការរិះគន់មួយផ្សេងទៀត ដែលបានចោទសម្តេចតេជោថា លំអៀងយកចិត្តតែកីឡាបាល់ទាត់ មិនយកចិត្តលើកីឡាប្រដាល់។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា សម្តេចជាបុគ្គលដែលយកចិត្តទុកដាក់មុនគេ លើកីឡាប្រដាល់នេះ ហើយភរិយាសម្តេច តែងមានការឧបត្ថម្ភ ចំពោះកីឡាករប្រដាល់ ដែលជួបបញ្ហាផងដែរ។ តែការជួយឧបត្ថម្ភនោះមិនដែលប្រកាសឲ្យដឹងនោះទេ។ សម្តេចបានរំលឹកថា សម្តេចយកចិត្តទុកដាក់ស្មើៗគ្នា លើគ្រប់ប្រភេទកីឡាទាំងអស់៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]