ខេត្តកណ្តាលៈ អាស្ទាវចិត្តឆៅម្នាក់ ទៅតេទូរស័ព្ទសាធារណៈ មិនដឹងជាតេទៅរកអ្នកណា ខ្វះលុយឲ្យគេ មួយសន្ទុះក្រោយមក ក៏យកលុយទៅសងម្ចាស់ទូរស័ព្ទ រួច ហើយយកទូរស័ព្ទតេម្តងទៀត តែតេមិនចូល មិនដឹងជាមានមូលហេតុអ្វី ក៏ស្ទុះទៅវាយជនរងគ្រោះ ជាម្ចាស់ទូរស័ព្ទសាធារណៈ បណ្តាលឲ្យរងរបួសដេរ ៦ថ្នេរ គេច ខ្លួនបានពីរម៉ោង ត្រូវនគរបាលឃាត់ខ្លួនបាន កសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការ ខេត្តកណ្តាល ហេតុការណ៍នេះកើតឡើង កាលពីវេលម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែវ ផល្លា ភេទស្រី អាយុ ២៧ឆ្នាំ មានមុខរបរជាអាជីវករ ស្នាក់នៅ ក្នុងភូមិ ឃុំកើត មានស្រុកកំណើត នៅភូមិអូរឫស្សីទី១ ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ រងរបួសបែកលើចិញ្ចើមដេរ ៦ថ្នេរ។ ចំណែកឯជនសង្ស័យវិញ មានឈ្មោះ មៀង ចិត្ត ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិគ្រឿល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ។

លោកបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានដើរ ទៅជួលទូរស័ព្ទសាធារណៈ របស់ជនរងគ្រោះ មិនដឹងជាទូរស័ព្ទទៅរកអ្នកណានោះទេ ដោយអស់ចំនួន ៨០០រៀល ពេលនោះជនសង្ស័យ មានតែលុយចំនួន ៣០០រៀល ឲ្យសិន ហើយមួយសន្ទុះក្រោយមក ក៏យកលុយចំនួន ៥០០រៀល ទៅឲ្យបង្រ្គប់ ហើយក៏យក ទូរស័ព្ទជនរងគ្រោះតេម្តងទៀត តែតេមិនចូល បន្ទាប់មកមិនដឹងជាមានរឿងអ្វី ក៏ដើរចូលទៅវាយជនរងគ្រោះ ដោយដៃទទេ និងច្របាច់កជនរងគ្រោះតែម្តង ។ ប៉ុន្តែ ត្រូវជនរងគ្រោះខាំដៃជនសង្ស័យ ពេលនោះជនសង្ស័យ ក៏លែងកជនរងគ្រោះរួចរត់ គេចខ្លួនបាត់ ។ ចំណែកឯជនរងគ្រោះវិញ បន្ទាប់ពីកើតហេតុ ក៏មកប្តឹងនគរបាល ឲ្យជួយអន្តរាគមន៍ ។

លោកអធិការបានបន្តទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះ លោកក៏បានដឹកនាំកម្លាំង ចុះទៅពួកស្ទាក់គ្រប់ច្រកល្ហក លុះដល់ម៉ោងប្រមាណ ជា១០និង៥០នាទី ក៏ប្រទះឃើញមុខសញ្ញា ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ក៏ឃាត់ខ្លួនតែម្តងទៅ រួចហើយកម្លាំងរបស់លោក កសាងសំណុំ រឿងបញ្ជូនទៅកាន់ស្នងការខេត្តកណ្តាល ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន

ស្រ្តីរងគ្រោះដែលជាម្ចាស់ទូរស័ព្ទសាធារណៈ

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]